កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅអនុវត្តការងារប្រចាំត្រីមាសទី៤ ឆ្នាំ២០២៣ នៃសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង
នាព្រឹកថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី ៣ និងលើកទិសដៅអនុវត្តការងារប្រចាំត្រីមាសទី ៤ ឆ្នាំ ២០២៣ ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីលោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា ព្រមទាំង ឯកឧត្តម លោកជំទាវ គណៈកម្មាធិការសាខា លោក លោកស្រី ប្រធាន អនុប្រធានគណៈកម្មាធិការអនុសាខា ក្រុង ស្រុកទាំង ៨ ក្រុមប្រតិបត្តិសាខាសរុបចំនួន ២២ នាក់ ។ គោលបំណងនៃកិច្ចប្រជុំនេះគឺ ដើម្បីបូកសរុបលទ្ធផលការងារដែលសម្រេចបានក្នុងត្រីមាសទី ៣ ឆ្នាំ ២០២៣ ក៍ដូចជាបញ្ហាប្រឈមនានាដែលសាខា អនុសាខាជួបប្រទះ និងធ្វើការដោះស្រាយនូវសំណូមពរមួយចំនួនដែលមាននៅថ្នាក់សាខា និងអនុសាខា ។ របៀបវារៈនៃកិច្ចប្រជុំនេះរួមមាន៖ ប្រសាសន៍បើកអង្គប្រជុំដោយឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា អានសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារ និងហិរញ្ញវត្ថុប្រចាំ ត្រីមាសទី ៣ និងលើកទិសដៅអនុវត្តការងារត្រីមាសទី ៤ ឆ្នាំ ២០២៣ ដោយលោកនាយកសាខា ការលើកឡើងរបស់អនុសាខាក្រុង ស្រុកទាំង ៨ នូវសកម្មភាពការងារនៅថ្នាក់អនុសាខា និងចូលរួមពិនិត្យទិសដៅការងារអនុវត្តបន្ត ។ ការចូលរួមពិភាក្សាលើទិសដៅការងារអនុវត្តត្រីមាសទី ៤ ឆ្នាំ ២០២៣ អនុសាសន៍ផ្សេងៗ ។ តាមរបៀបវារៈឯកឧត្តម ម៉ែន វិបុល បានមានប្រសាសន៍បើកកិច្ចប្រជុំ ដោយសំដែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្តប្រាជ្ញា ស្មារតីទទួលខុសត្រូវចូលរួមយ៉ាងសកម្មក្នុងការបំពេញបេសកកម្មមនុស្សធម៌របស់ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងគណៈកិត្តិយសសាខា គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខាក្រុងស្រុក ក្រុមកាកបាទក្រហមឃុំសង្កាត់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានរួមគ្នាដោះស្រាយឆ្លើយតបដល់ប្រជាជនរងគ្រោះ និងងាយរងគ្រោះមហន្តរាយបំផុត និងការងារសង្គមជាច្រើនទៀត ទទួលបានកាន់តែប្រសើរថែមទៀត ដោយមិនគិតពេលវេលាឡើយ ។ ហើយសូមឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈកម្មាធិការសាខា និងអនុសាខាក្រុង ស្រុក យកចិត្តទុកដាក់តាមដានស្តាប់នូវរបាយការណ៍បូកសរុបលទ្ធផលការងារត្រីមាសទី ៣ និងលើកទិសដៅបន្តរបស់សាខា ដែលអានដោយលោកនាយកសាខា ។ បន្ទាប់មកអង្គប្រជុំបានពិភាក្សាអំពីការពិភាក្សាពី ការត្រៀមបង្ការគ្រោះមហន្តរាយ ការវាយតម្លៃករណីគ្រោះមហន្តរាយ ពេលទទួលបានព័ត៌មាន គោលការណ៍ដោះស្រាយ ឆ្លើយតបគ្រោះមហន្តរាយ ការផ្តល់អំណោយមនុស្សធម៌របស់អនុសាខាក្រុង ស្រុកតាមលទ្ធភាពជាក់ស្តែង ការជ្រើសរើសអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាតាមភូមិ ។ មានប្រសាសន៍បូកសរុបក្នុងអង្គប្រជុំ និងក្រោយពីបានស្តាប់ការពិភាក្សា មតិយោបល់ និងអនុម័តទៅលើសេចក្តីព្រាងរបាយការណ៍សកម្មភាព និងរបាយការណ៍ហិរញ្ញវត្ថុ និងទិសដៅអនុវត្តបន្តរួចមក ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានថ្លែងអណរគុណ ចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានយកចិត្តទុកដាក់ចូលរួមបញ្ចេញមតិយោបល់ កែសម្រួលបំពេញបន្ថែម និងអនុម័តទៅលើរបាយការណ៍ប្រចាំត្រីមាសទី ៣ និងទិសដៅការងារបន្ត ។ ចំពោះអនុសាខាពេលមានបញ្ហាអ្វីត្រូវរាយការណ៍មកសាខាតាមរយៈតេឡេក្រាមដើម្បីសាខាឆ្លើយតបបានទាន់ពេលវេលា ហើយបើទោះបីការអនុវត្តទៅមានភាពខុសគ្នា មានចំណុចខ្លាំង និងចំណុចខ្សោយ ក៍នៅតែខិតខំប្រឹងប្រែងយកអស់ស្មារតីទទួលខុសត្រូវក្នុងការដោះស្រាយគ្រោះមហន្តរាយជូនប្រជាពលរដ្ឋដែលរងគ្រោះ ។










No comments:
Post a Comment