សាកលវិទ្យាល័យស្វាយរៀង បានរៀបចំពិធីផ្សព្វផ្សាយព័ត៌មាន និងតម្រង់ទិសស្តីពី «អាហារូបករណ៍ និងការជ្រើសរើសមុខជំនាញ» ជូនដល់ប្អូនៗសិស្សានុសិស្សថ្នាក់ទី១២ - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Monday, May 25, 2026

សាកលវិទ្យាល័យស្វាយរៀង បានរៀបចំពិធីផ្សព្វផ្សាយព័ត៌មាន និងតម្រង់ទិសស្តីពី «អាហារូបករណ៍ និងការជ្រើសរើសមុខជំនាញ» ជូនដល់ប្អូនៗសិស្សានុសិស្សថ្នាក់ទី១២

 សាកលវិទ្យាល័យស្វាយរៀង បានរៀបចំពិធីផ្សព្វផ្សាយព័ត៌មាន និងតម្រង់ទិសស្តីពី «អាហារូបករណ៍ និងការជ្រើសរើសមុខជំនាញ» ជូនដល់ប្អូនៗសិស្សានុសិស្សថ្នាក់ទី១២


  (ខេត្តស្វាយរៀង)៖ នៅរសៀលថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យស្វាយរៀង បានរៀបចំពិធីផ្សព្វផ្សាយព័ត៌មាន និងតម្រង់ទិសស្តីពី «អាហារូបករណ៍ និងការជ្រើសរើសមុខជំនាញ» ជូនដល់ប្អូនៗសិស្សានុសិស្សថ្នាក់ទី១២។
ពិធីដ៏មានសារៈសំខាន់នេះ ត្រូវបានប្រារព្ធឡើងនៅក្នុងសាលប្រជុំនៃសាកលវិទ្យាល័យស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ញ៉ែម សារី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលខេត្តស្វាយរៀង, ឯកឧត្តមសាស្ត្រាចារ្យ ទុំ សារាវុធ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកគ្រូ-អ្នកគ្រូ និងប្អូនៗសិស្សានុសិស្សថ្នាក់ទី១២ យ៉ាងច្រើនកុះករ សរុបប្រមាណជាង ៦០០នាក់ មកពីវិទ្យាល័យចំនួន៣ ក្នុងខេត្តស្វាយរៀង រួមមាន៖ វិទ្យាល័យស្វាយរៀង, វិទ្យាល័យហ៊ុនសែន ចេក និងវិទ្យាល័យហ៊ុនសែន ស្វាយជ្រំ។

  ជាកិច្ចចាប់ផ្តើមឯកឧត្តមសាស្ត្រាចារ្យ ទុំ សារាវុធ សាកលវិទ្យាធិការ បានថ្លែងមតិស្វាគមន៍ និងធ្វើបទបង្ហាញសង្ខេបអំពីការអភិវឌ្ឍន៍ រចនាសម្ព័ន្ធ ក៏ដូចជាសក្តានុពលនៃមុខជំនាញនីមួយៗនៅក្នុងសាកលវិទ្យាល័យស្វាយរៀង ដើម្បីជាមូលដ្ឋានគ្រឹះដល់សិស្សានុសិស្សក្នុងការស្វែងយល់។

  បន្ទាប់មកលោក ញ៉ែម សារី អភិបាលរងខេត្ត បានថ្លែងចំណាប់អារម្មណ៍ និងការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់រដ្ឋបាលខេត្ត ចំពោះកម្មវិធីតម្រង់ទិសនេះ ដែលជាស្ពានចម្លងដ៏សំខាន់សម្រាប់យុវជនក្នុងខេត្ត។ លោកបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការកំណត់គោលដៅជីវិត ការត្រៀមខ្លួនសម្រាប់រៀនបន្តនៅឧត្តមសិក្សា និងការស្វែងយល់ពីឱកាសទទួលបានអាហារូបករណ៍ផ្សេងៗ។

  នៅក្នុងឱកាសដ៏មានអត្ថន័យនោះឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់កិត្តិយសឡើងថ្លែងសន្ទរកថា និងសំណេះសំណាលយ៉ាងជិតស្និទ្ធជាមួយប្អូនៗសិស្សានុសិស្ស។ ឯកឧត្តមបានណែនាំឱ្យប្អូនៗចេះវិភាគពីសមត្ថភាព ចំណង់ចំណូលចិត្តរបស់ខ្លួនឯង ផ្សារភ្ជាប់ទៅនឹងតម្រូវការទីផ្សារការងារជាក់ស្តែង ទាំងក្នុងតំបន់ និងទូទាំងប្រទេស ដើម្បីធានាថាការជ្រើសរើសមុខជំនាញសិក្សានៅមហាវិទ្យាល័យ ចំទិសដៅត្រឹមត្រូវ និងទទួលបានជោគជ័យក្នុងអាជីពការងារនាពេលអនាគត។

  កម្មវិធីក៏បានបើកវេទិកាដេញដោលសួរ-ឆ្លើយ យ៉ាងផុសផុល ដោយអនុញ្ញាតឱ្យសិស្សានុសិស្សលើកឡើងនូវរាល់ចម្ងល់ មន្ទិលសង្ស័យជុំវិញការរៀបចំខ្លួនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) វិធីសាស្ត្រជ្រើសរើសដេប៉ាតឺម៉ង់ និងលក្ខខណ្ឌនៃការដាក់ពាក្យសុំអាហារូបករណ៍ ដែលឆ្លើយតប និងបកស្រាយដោយផ្ទាល់ពីសំណាក់ថ្នាក់ដឹកនាំ និងវាគ្មិនជំនាញៗ។

  ពិធីតម្រង់ទិសទាំងមូលបានបញ្ចប់ទៅក្រោមបរិយាកាសស្និទ្ធស្នាល រីករាយ និងទទួលបានផ្លែផ្កាយ៉ាងត្រចះត្រចង់ ដែលបានផ្តល់នូវពន្លឺ ព្រមទាំងយុទ្ធសាស្ត្រថ្មីៗជូនដល់បេក្ខជនខិតខំប្រឹងប្រែងរៀនសូត្រ និងត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការឈានជើងចូលក្នុងរបងសាកលវិទ្យាល័យ ក្នុងនាមជាទំពាំងស្នងឫស្សីដ៏មានសក្តានុពលសម្រាប់ជាតិមាតុភូមិ៕  ដោយ: ភក្ដី

























































No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages