ពិធីតម្រង់ទិសស្ដីពីអាហារូបករណ៍ និងការជ្រើសរើសមុខជំនាញនៅសាកលវិទ្យាល័យស្វាយរៀង ជូនប្អូនៗសិស្សានុសិស្សថ្នាក់ទី១២
(ខេត្តស្វាយរៀង): នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីតម្រង់ទិសស្ដីពីអាហារូបករណ៍ និងការជ្រើសរើសមុខជំនាញនៅសាកលវិទ្យាល័យស្វាយរៀង ជូនប្អូនៗសិស្សានុសិស្សថ្នាក់ទី១២។
ពិធីនេះត្រូវបានរៀបចំឡើងនៅបរិវេណវិទ្យាល័យហ៊ុនសែនប្រសូតិ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ញ៉ែម សារី អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលអភិបាលខេត្តស្វាយរៀង, ថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកគ្រូ-អ្នកគ្រូ ព្រមទាំងប្អូនៗសិស្សានុសិស្សថ្នាក់ទី១២ មកពីវិទ្យាល័យចំនួន៣ ក្នុងខេត្តស្វាយរៀង រួមមាន៖
១. វិទ្យាល័យហ៊ុនសែនប្រសូតិ
២. វិទ្យាល័យហ៊ុនសែន ស្វាយរំពារ
៣. វិទ្យាល័យមិត្តភាពកម្ពុជា-វៀតណាម ព្រះពន្លា
សរុបអ្នកចូលរួមប្រមាណជិត ៦០០នាក់។
ពិធីតម្រង់ទិសនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងជួយជ្រោមជ្រែង និងបង្ហាញផ្លូវដល់ប្អូនៗសិស្សានុសិស្សថ្នាក់ទី១២ ដែលជានិស្សិតជោគជ័យនាពេលអនាគត ឱ្យបានយល់ដឹងកាន់តែច្បាស់អំពី៖
ឱកាសទទួលបានអាហារូបករណ៍ផ្សេងៗនៅក្នុងសាកលវិទ្យាល័យស្វាយរៀង។
ការស្វែងយល់ពីទីផ្សារការងារ និងរបៀបជ្រើសរើសមុខជំនាញឱ្យបានត្រឹមត្រូវ ស្របទៅតាមចំណង់ចំណូលចិត្តសមត្ថភាព និងតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។
នៅក្នុងឱកាសនោះ គណៈអធិបតី និងវាគ្មិនកិត្តិយសបានឡើងថ្លែងមតិស្វាគមន៍ ព្រមទាំងចែករំលែកបទពិសោធន៍ ល្បិចណែនាំ និងព័ត៌មានលម្អិតជុំវិញសក្ដានុពលរបស់សាកលវិទ្យាល័យស្វាយរៀង។ ជាមួយគ្នានោះដែរ កម្មវិធីក៏បានបើកឱ្យមានការជជែកដេញដោលតាមរយៈ «វគ្គសំណួរ-ចម្លើយ» យ៉ាងផុសផុល ដែលអនុញ្ញាតឱ្យប្អូនៗសិស្សានុសិស្សបានសាកសួរផ្ទាល់ជុំវិញចម្ងល់ផ្សេងៗក្នុងការបន្តការសិក្សានៅកម្រិតឧត្តមសិក្សា។
កម្មវិធីបានបញ្ចប់ទៅក្រោមបរិយាកាសរីករាយ ស្និទ្ធស្នាល និងទទួលបានផ្លែផ្កាយ៉ាងត្រចះត្រចង់ ព្រមទាំងមានការថតរូបទុកជាអនុស្សាវរីយ៍រវាងគណៈអធិបតី លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ផងដែរ៕
ដោយ: ភក្ដី
No comments:
Post a Comment