ពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបាវិត និងក្រុមការងារចុះមូលដ្ឋានសង្កាត់ទាំង៥ នៃក្រុងបាវិត
(ស្វាយរៀង): នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែមិនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម សាម អ៉ីន រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបាវិត បានអញ្ជើញជាអធិបតីក្នុង ពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបាវិត និងក្រុមការងារចុះមូលដ្ឋានសង្កាត់ទាំង៥ នៃក្រុងបាវិត និងមានការចូលរួមពីសមាជិក-សមាជិកាក្រុមការងារចុះមូលដ្ឋានក្រុងបាវិតជាច្រើននាក់ទៀត។
ឯកឧត្តម សាម អ៉ីន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបាវិត បានមានប្រសាសន៍សំណេះសំណាល និងការផ្ដាំផ្ញើរសួរសុខទុក្ខ ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងបណ្ឌិតសភាចារ្យ ភឿង សកុណា ជូនដល់សមាជិក-សមាជិកាក្រុមការងារចុះមូលដ្ឋានក្រុងបាវិតទាំងអស់។
ឯកឧត្តម សាម អ៉ីន បានមានប្រសាសន៍បន្តថា: ក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត បានសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី ខេត្ត ធ្វើការប្រកាសសមាសភាពក្រុមការងារ និងបានសហការរៀបចំសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ជាបន្តបន្ទាប់។ ទន្ទឹមនេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន រាជធានី ខេត្ត ក៏បានសហការធ្វើការផ្សព្វផ្សាយគោលការណ៍សំខាន់ៗនៃកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ កម្មវិធីគោលនយោបាយអាទិភាពទាំង៦ និងវិធានការជាគន្លឹះរបស់រាជរដ្ឋាភិបាលសម្រាប់ នីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងសហការធ្វើការគ្រប់គ្រងសភាពការណ៍នៅមូលដ្ឋាន ដើម្បីពង្រឹង និងលើកកម្ពស់ ការទទួលខុសត្រូវរបស់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចនៅតាមមូលដ្ឋាននានា សំដៅបំពេញការងារបម្រើ ប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាព ព្រមទាំងខិតខំចូលរួមសហការដោះស្រាយឆ្លើយតប បញ្ហាប្រឈមនានានៅមូលដ្ឋាន ជាពិសេសបញ្ហាប្រឈមពាក់ព័ន្ធជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
នៅចុងបញ្ចប់នៅកម្មវិធីឯកឧត្តមប្រធានក្រុមការងារចុះមូលដ្ឋានក្រុងបាវិត បានប្រគល់សេចក្ដីសម្រេចជូនអនុប្រធានក្រុមការងារថ្នាក់ក្រុង និងប្រធានក្រុមការងារតាមសង្កាត់ និងប្រធានក្រុមការងារលេខាធិការដ្ឋានផងដែរ៕
ដោយ:ភក្ដី



















No comments:
Post a Comment