នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តមអភិបាលខេត្ត បានដឹកនាំកម្លាំងចម្រុះ ចុះពិនិត្យទីតាំងរបស់ក្រុមហ៊ុនអានម៉ាឌី ដើម្បីពិនិត្យព្រំដីចុះជាលក្ខណ:ប្រព័ន្ធ ដែលស្ថិតនៅភូមិត្រស់ ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង ដោយមានការចូលរួមពី លោកប្រធានមន្ទីរដែនដីនគររូបនីយកម្មសំណង់និងសុរិយោដីខេត្ត លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត លោកប្រធានមន្ទីរព័ត៌មានខេត្ត លោកអភិបាលរងស្រុករមាសហែក លោកស្រីមេឃុំត្រស់ នឹងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត។
លោក មុិញ សុីចាយ ប្រធានមន្ទីរសុរិយោដីខេត្ត បានឲ្យដឹងថា: ដើម្បីចុះដីធ្លីលក្ខណៈជាប្រព័ន្ធបាន យើងត្រូវបញ្ជាក់ជាមួយអាជ្ញាធរ ស្ថាប័នពាក់ព័ន្ធទាំងអស់ នៅក្នុងមូលដ្ឋានដើម្បីកុំឲ្យមានបញ្ហាអ្វីទៅថ្ងៃក្រោយទៀត ហើយថាមិនដឹង។ ចំពោះដីធ្លីដែលត្រូវចុះជាលក្ខណៈប្រព័ន្ធទាំងនោះ ដាច់ខាតត្រូវតែបើកឱ្យមានផ្លូវនិងប្រឡាយទឹកបញ្ជាក់ទីតាំងដីរដ្ឋ ឬដីឯកជន ឲ្យបានច្បាស់លាស់ទាំងទំហំដីទីតាំងជាក់ស្តែង។
លោកបានឲ្យដឹងបន្តទៀតថា: មិនត្រឹមតែអាជ្ញាធរនៅមូលដ្ឋានប៉ុណ្ណោះទេ ថែមទាំងអ្នកសារព័ត៌មាន ក៏ត្រូវដឹងពីការចុះបញ្ជីដីធ្លីដោយបើកចំហផងដែរ មិនមានការលាក់បាំងនោះឡើយ ដោយមានការប្រកាសបិទផ្សាយក៏ដូចជាការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអាជ្ញាធរ ភូមិ ឃុំ នៅមូលដ្ឋាន ជៀសវាងប្រជាពលរដ្ឋ ឬក៏មជ្ឈដ្ឋានផ្សេងៗគាត់មានចម្ងល់។
ជាក់ស្តែងដីរបស់ក្រុមហ៊ុនអានម៉ាឌី ដែលទទួលបានសិទ្ធវិនិយោគពីរាជរដ្ឋាភិបាលនាពេលកន្លងមក មានចំនួន១៤០០ហិកតា តែក្រោយពីក្រុមការងារជំនាញចុះពិនិត្យវាស់វែងជាក់ស្តែងមានចំនួន១៣៧៤ហិកតា ជាដីសល់ក្រោយពីកាត់ជាប្រឡាយទឹក.ផ្លូវរួម និងផលប៉:ពាល់ជាមួយប្រជាពលរដ្ឋ តាមស.ជ.ណ លេខ០១ នៅពេលដែលក្រុមនិស្សិតស្ម័គ្រចិត្តចុះមកធ្វើការវាស់វែងកំឡុងឆ្នាំ២០១២ ដែលដីរបស់ក្រុមហ៊ុននេះបានដាំដំឡូងមី អំពៅ និងកៅស៊ូ។
នៅក្នុងឱកាសនោះដែរឯកឧត្តម ម៉ែន អេង អភិបាលរងខេត្ត ក៏បានមានប្រសាសន៍ផងដែរថា: មូលហេតុដែលក្រុមការងារចុះមកថ្ងៃនេះនគឺដោយសារខាងក្រុមហ៊ុនគេបានធ្វើសំណើទៅរដ្ឋបាលខេត្ត ដើម្បីឲ្យខេត្តកំណត់ព្រំដីច្បាស់លាស់ងាយស្រួលចុះបញ្ជីដីធ្លីលក្ខណ:ជាប្រព័ន្ធ ដូច្នេះហើយនាពេលកន្លងមករដ្ឋបាលខេត្តក៏បានបើកកិច្ចប្រជុំស្ថាប័នជំនាញក្រោមឱវាទ ដើម្បីពិនិត្យសម្រេច។
ហើយពេលនេះជាលើកទី២ហើយ ដែលមន្ត្រីជំនាញបានចុះមកដល់ទីតាំងដីផ្ទាល់របស់ក្រុមហ៊ុន ដើម្បីពិនិត្យវឌ្ឍនភាព និងធ្វើបច្ចុប្បន្នភាពជាក់ស្តែង ធ្វើកំណត់ព្រំដីប្រមូលទិន្នន័យព័ត៌មាន ដើម្បីបិទផ្សាយធ្វើរបាយការណ៍ទៅរដ្ឋបាលខេត្ត ប្រជុំហើយឲ្យខាងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ជាអ្នកធ្វើការសម្រេច។
ឯកឧត្តមអភិបាលរងខេត្ត បានមានប្រសាសន៍ដោយសង្កត់ធ្ងន់ថា: ចំពោះអត្ថប្រយោជន៍នៃការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធរួមមាន:
-ទី១. មានភាពច្បាស់លាស់ក្នុងការគ្រប់គ្រងក្បាលដីដោយប្រើប្រាស់ម៉ាស៊ីន D.G.P.S ដែលមានប្រព័ន្ធទំនើបក្នុងការផ្ដល់ទិន្នន័យបានច្បាស់លាស់។
-ទី២. ផ្ដល់នូវសិទ្ធិកាន់កាប់ចាត់ចែងអាស្រ័យផលស្របច្បាប់។
-ទី៣. ទទួលបានសិទ្ធិការពារដោយផ្លូវច្បាប់តាមមាត្រាទី៤៤ ជាពិសេសគឺបានកាត់បន្ថយនូវបញ្ហាទំនាស់ដីធ្លី។
ឯកឧត្តម ម៉ែន អេង បានបញ្ជាក់ថា: ដោយឡែកដីដែលនៅសេសសល់ក្រៅពីនេះ ខាងមន្ទីរនិងមន្ត្រីជំនាញបាននឹងកំពុងចុះស្រង់ស្ថិតិ ដើម្បីកំណត់ព្រំធ្វើការវាស់វែងជាបន្តបន្ទាប់នៅពេលក្រោយផងដែរ៕
ដោយ: ភក្ដី

















No comments:
Post a Comment