វេទិកាផ្សព្វផ្សាយស្ដីពីសារៈសំខាន់នៃវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងការតម្រង់ទិសវិជ្ជាជីវៈ ដល់សិស្សានុសិស្សនៅវិទ្យាល័យ ហ៊ុន សែន ប្រសូតិ
(ស្វាយរៀង): នៅព្រឹកថ្ងៃពុធ ទី១១ ខែមិថុនា ឆ្នាំ២០២៥ លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលខេត្ត បានអញ្ជើញជាធិបតីក្នុងវេទិកាផ្សព្វផ្សាយស្ដីពីសារៈសំខាន់នៃវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងការតម្រង់ទិសវិជ្ជាជីវៈ ដល់សិស្សានុសិស្សនៅវិទ្យាល័យ ហ៊ុនសែន ប្រសូតិ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ក្នុងវេទិកាផ្សព្វផ្សាយនេះ ក៏មានការអញ្ជើញចូលរួមពី: លោក មុត ចិន្តា នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង, លោកនាយករងវិទ្យាល័យហ៊ុន សែន ប្រសូតិ, លោកប្រធានមន្ទីរព័ត៌មានខេត្ត, លោកប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, លោកអភិបាលរងស្រុក, លោកគ្រូ អ្នកគ្រូជំនាញ ក្រុមការងារដែលអញ្ជើញមកពីវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង, ប្អូនៗ សិស្សានុសិស្ស នៃវិទ្យាល័យហ៊ុនសែនប្រសូតិសរុបចំនួន ៣៥០នាក់។
លោក ម៉ែន អេង ក៏បានសង្កត់ធ្ងន់ថាក្នុងខេត្តស្វាយរៀងទទួលបានចំនួន ៣៤,០០០ នាក់ នៅក្នុង ១លាន ៥សែននាក់(1.5M) ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលដាក់ចេញដើម្បីជួយគាំទ្រទៅដល់បងប្អូនប្រជាពលរដ្ឋ បងប្អូនកូនក្មួយ ដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ សម្រាប់ឆ្នាំ២០២៥នេះ ខេត្តស្វាយរៀងទទួលបានចំនួន៣០០០នាក់ ដូច្នេះហើយសូមប្អូនៗ កូនក្មួយ ដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ រុះរាន់ឡើងក្នុងការដាក់ពាក្យចូលរៀន ។ រៀនបានទាំងជំនាញ និងបានថវិកាទៀតផង ក្នុងមួយខែទទួលបានថវិកាចំនួន២៨ម៉ឺនរៀល(70$)។
នៅក្នុងនោះផងដែរលោក ម៉ែន អេង ក៏បានរំលេចជូនទៅដល់ប្អូនៗសិស្សានុសិស្សដែលមានវត្តមាននៅក្នុងវេទិកាអំពីសត្វនិងរុក្ខជាតិដែលជាតំណាងជាតិរបស់ខ្មែរ ដើម្បីក្រើនរំលឹកដល់ប្អូនៗសិស្សានុសិស្ស កុំឱ្យមានការភ្លេចនឹងស្មារតីមួយនេះ។ ប្អូនៗសិស្សានុសិស្សជាទំពាំងស្នងឬស្សីសូមធ្វើយ៉ាងណាដើម្បីឱ្យមានចំណេះដឹង ជំនាញ និងបំណិនជីវិតប្រកបដោយគុណធម៌លោកក៏បានបន្ថែមថាត្រូវតែខិតខំប្រឹងប្រែង និងកសាងនូវ រូបសម្បត្តិ គុណសម្បត្តិ និងទ្រព្យសម្បត្តិដើម្បីជាស្ពានឈានទៅដល់ការរស់នៅប្រកបដោយសុភមង្គល និងមានគុណតម្លៃនៅក្នុងសង្គម៕
ដោយ:ភក្ដី
No comments:
Post a Comment