មន្ត្រីជាន់ខ្ពស់ក្រសួងអធិការកិច្ចបាន ផ្តាំផ្ញើដល់ពលរដ្ឋកុំឲ្យប្រើប្រាស់និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន
មន្ត្រីជាន់ខ្ពស់ក្រសួងអធិការកិច្ចលោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ចបានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋគ្រប់រូបពិសេសយុវជន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធសូមកុំប្រើប្រាស់និងចែកចាយគ្រឿងញៀននិងជៀសឲ្យឆ្ងាយពីគ្រឿងញៀន ពីព្រោះគ្រឿងញៀនបង្កនៅបញ្ហាអសន្តិសុខសង្គមបង្កើតឡើងនូវអំពើហិង្សា ចោរលួចចោរឆក់ ចោរប្លន់ និងអំពើឃាតកម្មជាដើម។
លោកជំទាវរដ្ឋលេខាធិការក្រសួងអធិការកិច្ចបានផ្ដាំផ្ញើនិងបកស្រាយបញ្ហាគ្រឿងញៀននៅក្នុងឱកាសដែលលោកជំទាវអញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀននៅសាលាខេត្តស្វាយរៀងកាលពីថ្ងៃទី 17 ខែកក្កដាឆ្នាំ 2025 កន្លងទៅនេះដោយមានវត្តមានចូលរួមពីឯកឧត្តម ឯម ហ៊យ ទីប្រឹក្សាអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀនលោក ញ៉ែម សារី អភិបាលរងខេត្ត មន្ត្រីសមត្ថកិច្ច មេភូមិ ប្រជាការពារភូមិ និងសិស្សានុសិស្សជាច្រើនទៀត។
លោកជំទាវ វី ស្រីពៅ បញ្ជាក់ថាច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀននេះមានគោលបំណងទប់ស្កាត់ ប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនត្រួតពិនិត្យរាល់សកម្មភាពស្របច្បាប់ទាក់ទងនឹងគ្រឿងញៀននៅក្នុងព្រះរាជាណាចក្រកម្ពុជា និង ធានាការអនុវត្តកាតព្វកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជាដែលជាភាគីនៃអនុសញ្ញានិងពិធីការរបស់អង្គការសហប្រជាជាតិដែលទាក់ទងនឹងគ្រឿងញៀន។ ហើយច្បាប់នេះមានគោលដៅបង្ក្រាបការដាំដុះ ការផលិត ការជួញដូរ ការចរាចរណ៍ ការរក្សាទុកនិងការចែកចាយនៅគ្រឿងញៀនខុសច្បាប់។ដែលក្នុងនោះមន្ត្រីមានសមត្ថកិច្ចរដ្ឋបាលគ្រប់លំដាប់ថ្នាក់ក្នុងខេត្តស្វាយរៀងត្រូវចូលរួមទប់ស្កាត់និងលុបបំបាត់ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់។
ព្យាបាលស្ដាយុវនីតិសម្បទា និងធ្វើសមាហរណកម្មអ្នកមានគ្រឿងញៀនចូលក្នុងសង្គមវិញ។
ចូលរួមការពារលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ រួមចំណែកការពារសណ្ដាប់ធ្នាប់សាធារណៈនិងសន្តិសុខសុវត្ថិភាពសង្គម។
លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ចក៏បានសំណូមពរដល់ឪពុកម្ដាយអាណាព្យាបាល និងលោកគ្រូអ្នកគ្រូទាំងអស់បន្តជួយអប់រំកូនចៅកុំឲ្យប្រើប្រាស់គ្រឿងញៀននិងនៅឲ្យឆ្ងាយពីគ្រឿងញៀន ឆ្លើយថាទេចំពោះគ្រឿងញៀន។ វណ្ណៈ
No comments:
Post a Comment