លោកជំទាវ សេន សាណាស់ អនុរដ្ឋលេខាធិការ ចុះសិក្សាស្វែងយល់ពីកង្វល់ និងសំណូមពរពលរដ្ឋ នៅឃុំម្រាម ស្រុករមាសហែក
(ខេត្តស្វាយរៀង)៖ នៅរសៀលថ្ងៃសុក្រ ទី១២ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ សេន សាណាស់ អនុរដ្ឋលេខាធិការក្រសួងអធិការកិច្ច បានចុះរៀបចំវេទិកាសាធារណៈ ដើម្បីសិក្សាស្វែងយល់ពីកង្វល់ និងសំណូមពរពីបងប្អូនប្រជាពលរដ្ឋ នៅស្ថិតក្នុងសាលាឃុំម្រាម ស្រុករមាសហែក ខេត្ត ស្វាយរៀង ដោយមានការចូលរួមពីលោក សុខ ខារ៉ាម អភិបាលរងខេត្ត តំណាង ឯកឧត្តមអភិបាល ខេត្តស្វាយរៀង លោកអភិបាលរងស្រុក កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ បងប្អូនប្រជាពលរដ្ឋជាច្រើននាក់ទៀត។
ថ្លែងក្នុងវេទិការនេះ លោកជំទាវ សេន សាណាស់ អនុរដ្ឋលេខាធិការក្រសួងអធិការកិច្ច បានមានប្រសាសន៍ថា៖ វេទិកានាថ្ងៃនេះធ្វើឡើងដើម្បីប្រមូលមតិយោបល់ បញ្ហាប្រឈម និងសំណូមពរនានារបស់ប្រជាពលរដ្ឋ យកមកពិភាក្សាស្រាយបំភ្លឺ និងធ្វើការដោះស្រាយឱ្យចំគោលដៅ ប្រកបដោយប្រសិទ្ធិភាព និងទាន់ពេលវេលា ដែលបានបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តចូលរួមសហការយ៉ាងខ្លាំងក្លានៅក្នុងដំណើរការនៃការគាំទ្រ និងជំរុញការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិស្របតាមក្របខ័ណ្ឌយុទ្ធសាស្ត្រស្តីពីកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការ ឱ្យកាន់តែទទួលបានលទ្ធផលជោគជ័យថ្មីៗឆ្លើយតបទៅនឹងសេចក្តីត្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ជាមួយគ្នានេះផងដែរលោកជំទាវ សេន សាណាស់ បានបញ្ជាក់បន្ថែមថា: រាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរដែលបានលើកឡើងក្នុងវេទិកានាថ្ងៃនេះ បើក្នុងករណីដោះស្រាយបានភ្លាមៗ អាជ្ញាធរក៏ដូចជា មន្ទីរពាក់ព័ន្ធ នឹងធ្វើការដោះស្រាយជូនភ្លាមៗ ហើយចំពោះករណីមិនអាចដោះស្រាយបានភ្លាមៗ នោះអាជ្ញាធរស្រុក មន្ទីរពាក់ព័ន្ធ ក្រុមប្រឹក្សា និងគណៈអភិបាល នឹងលើកយកទៅពិភាក្សារកដំណោះស្រាយជូននៅពេលក្រោយបន្តទៀត ដោយមិនទុកបញ្ហា និងសំណូមពរចោល ឬគេចវេសពីបញ្ហាដែលបានលើកឡើងក្នុងវេទិកានេះឡើយ។
សម្រាប់វេទិកាសាធារណៈនៅឃុំម្រាម ថ្ងៃនេះទទួលបានសំណូមពរពីប្រជាពលរដ្ឋចំនួន ៣៥សំណូមណរ៕
ដោយ:ភក្ដី




















No comments:
Post a Comment