កិច្ចប្រជុំសាមញ្ញលើកទី១៧ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង
(ស្វាយរៀង)៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្ត កិច្ចប្រជុំសាមញ្ញលើកទី១៧ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្ទីរ អង្គភាពនានាជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
កិច្ចប្រជុំនេះមានរបៀបវារៈសំខាន់ៗមួយចំនួនសម្រាប់ពិនិត្យ ពិភាក្សា និងអនុម័ត ដូចជា៖
១.ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី១៦ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត។
២.ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២៥ និងទិសដៅការងារសម្រាប់អនុវត្តខែបន្ទាប់របស់រដ្ឋបាលខេត្ត។
៣.ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងផែនការសកម្មភាពឆ្នាំ២០២៦ របស់គណៈកម្មាធិការនានានៃក្រុមប្រឹក្សាខេត្ត។
៤.ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍បូកសរុបការអនុវត្តការងាររយៈពេល ៣ ខែចុងក្រោយ (កញ្ញា ដល់ វិច្ឆិកា) របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំទី២ អាណត្តិទី៤។
៥.ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងស្តីពីការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំទី២ អាណត្តិទី៤ ឆ្នាំ២០២៥។
៦.ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការសាលាខេត្តសម្រាប់ខែតុលា ឆ្នាំ២០២៥។
៧.ពិនិត្យ ពិភាក្សា លើរបាយការណ៍របស់គណៈកម្មាធិការនានានៃក្រុមប្រឹក្សាខេត្ត។
៨.បញ្ហាផ្សេងៗ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃកិច្ចប្រជុំនេះ ដែលជាវេទិកាសម្រាប់ពិនិត្យមើលវឌ្ឍនភាពការងារដែលសម្រេចបាន ក៏ដូចជាបញ្ហាប្រឈមនានា ដើម្បីរួមគ្នាផ្តល់យោបល់ល្អៗ និងរកដំណោះស្រាយសមស្រប ក្នុងការជំរុញការអភិវឌ្ឍខេត្តស្វាយរៀងឲ្យកាន់តែមានការរីកចម្រើនថែមទៀត ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ៕
ដោយ:ភក្ដី


























No comments:
Post a Comment