មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានផ្ដាំផ្ញើដល់អ្នកសារព័ត៌មានខេត្តស្វាយរៀង ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈពេលបំពេញការងារ
ឯកឧត្តម ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មានសោតទស្សន៍ នៃក្រសួងព័ត៌មាន បានផ្ដាំផ្ញើដល់អ្នកសារព័ត៌មានក្នុងខេត្តស្វាយរៀង ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈពេលចុះទៅបំពេញការងារព័ត៌មាន។ ការផ្ដាំផ្ញើនេះក្នុងពេលដែលឯកឧត្តមអគ្គនាយក អញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានក្នុងខេត្តស្វាយរៀង នៅឯមន្ទីរព័ត៌មានខេត្តស្វាយរៀង កាលពីរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅថ្មីៗនេះ និងដោយមានការអញ្ជើញចូលរួមពីលោកម៉ែន អេង អភិបាលរងខេត្ត ព្រមទាំង មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងអ្នកសារព័ត៌មានមកពីអង្គភាពស្ថាប័ននានាក្នុងខេត្តជាច្រើនទៀត។
ឯកឧត្តម ផុស សុវណ្ណ បានបញ្ជាក់ពីសារៈសំខាន់នៃវិស័យព័ត៌មាន ដែលបានបំពេញការងារផ្សព្វផ្សាយយ៉ាងទូលំទូលាយ ទាំងព័ត៌មានរដ្ឋ និងសារព័ត៌មានឯកជន។ ឯកឧត្តមអគ្គនាយក បានលើកឡើងអំពីការចុះបំពេញការងាររបស់អ្នកសារព័ត៌មានខេត្តស្វាយរៀង មួយចំនួនតូចកន្លងមកដែលធ្វើឱ្យប៉ះពាល់ដល់សីលធម៌របស់អ្នកសារព័ត៌មាន ដែលកើតឡើងក្នុងហេតុការណ៍ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ធ្វើឱ្យមានការផ្សព្វផ្សាយព័ត៌មានយ៉ាងច្រើនដែលសារព័ត៌មានរបស់យើងបានបំពេញការងារខុសឆ្គង ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរស់នៅឯកជនរបស់ពលរដ្ឋ។
ឯកឧត្តម ផុស សុវណ្ណ បានលើកឡើងអំពីធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានក្នុងជំពូក២ គោលការណ៍គ្រឹះជាមូលដ្ឋាននៃវិជ្ជាជីវៈសារព័ត៌មាន និងការផ្សព្វផ្សាយសារព័ត៌មាន។ ផ្នែកទី១ សេរីភាពសារភ្ជាប់និងទំនួលខុសត្រូវត្រង់ចំណុច៤ ការអនុវត្តសេរីភាពសារព័ត៌មាននិងសេរីភាពខាងការបោះពុម្ពផ្សាយមិនត្រូវប្រាសចាកពីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់និងសីលធម៌វិជ្ជាជីវៈ និងលិខិតបទដ្ឋានគតិយុត្តិជាធរមានជាពិសេសច្បាប់ស្ដីពីរបបសារព័ត៌មាន។ ជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះដោយរំលោភនាំឱ្យប៉ះពាល់ដល់កិត្តិយសអ្នកដទៃដល់ទំនៀមទម្លាប់ល្អ និងសណ្តាប់ធ្លាប់សាធារណៈនិងដល់សន្តិសុខជាតិបានឡើយ។ ការប្រើប្រាស់សិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗមិនត្រូវឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកដទៃឡើយ។
ឯកឧត្តមអគ្គនាយក បានបញ្ជាក់លើចំណុចទី៥ ជូនដល់អ្នកប្រកបវិជ្ជាជីវៈសារព័ត៌មានថា ការរំលោភដ៏ធ្ងន់ធ្ងរផ្នែកប្រជាជីវៈរបស់អ្នកសារព័ត៌មានដូចមានចែងក្នុងច្បាប់ស្ដីពីរបបសារព័ត៌មានជាអំពើល្មើសសារព័ត៌មាន។សេរីភាពខាងសារព័ត៌មានមិនផ្ដល់អភ័យឯកសិទ្ធិឱ្យអ្នកអនុវត្តសេរីភាពទាំងនេះរួចផុតពីការទទួលខុសត្រូវចំពោះទង្វើដែលប្រាសចាកពីខ្លឹមសារនៃសេរីភាពទាំងនោះឡើយ។ឯកឧត្តម ផុស សុវណ្ណក៏បានផ្ដាំផ្ញើឱ្យអ្នកសារព័ត៌មានទាំងអស់ត្រូវគោរពវិន័យសណ្ដាប់ធ្នាប់សុំកុំឱ្យមានការផ្សព្វផ្សាយទៅណាដែលមើលទៅមិនសមស្របឬព័ត៌មានក្លែងក្លាយព័ត៌មានមិនពិតដែលនាំឱ្យមានផលប៉ះពាល់ដល់សន្តិសុខសង្គម។
បើតាមការបញ្ជាក់នៅក្នុងរបាយការណ៍របស់លោក ដាំ ឃុនពិសី ប្រធានមន្ទីរស្ដីទី មន្ទីរព័ត៌មានខេត្តស្វាយរៀង ឱ្យដឹងថាក្នុងខេត្តស្វាយរៀង មានស្ថានីយ៍វិទ្យុផ្សាយផ្ទាល់ចំនួន ៤ -ស្ថានីយវិទ្យុផ្សាយបន្តចំនួន ៤ -ស្ថានីយ៍ទូរទស្សន៍ចំនួន ៤ -ស្ថានីយទូរទស្សន៍ខ្សែកាបចំនួន ១ -កាសែតចំនួន ៣ -គេហទំព័រចំនួន ២៣ និងភ្នាក់ងារយកព័ត៌មានប្រចាំខេត្តចំនួន ៨៥នាក់។
វណ្ណៈ


























No comments:
Post a Comment