វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង ឆ្នាំ២០២៥ ជំរុញការចូលរួមរបស់ប្រជាពលរដ្ឋ
(ស្វាយរៀង): នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្រាក់ ចាំ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត និងលោក សេង សីលា អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលខេត្ត បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៥ យ៉ាងអធិកអធម ដើម្បីបើកឱកាសឲ្យប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធចូលរួមដោយផ្ទាល់ក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត និងសមាជិកក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង និងកងកម្លាំងប្រដាប់អាវុធទាំង៣ លោក ព្រហ្ម រ៉ាវុឌ្ឍ ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត លោក-លោកស្រី ជាប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោក លោកស្រី ចៅសង្កាត់ មន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋជាងច្រើនទៀត។
នៅក្នុងអង្គវេទិកា ឯកឧត្តមក្រុមប្រឹក្សាខេត្ត និងលោកអភិបាលខេត្ត បានសង្កត់ធ្ងន់លើ សារៈសំខាន់នៃការចូលរួមចែករំលែកគំនិតយោបល់ និងការយល់ឃើញរបស់ប្រជាពលរដ្ឋ។ ថ្នាក់ដឹកនាំបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ រួមទាំងមន្ត្រីរាជការ ឲ្យលើកឡើងនូវបញ្ហាដែលបានជួបប្រទះកន្លងមក ក៏ដូចជាសំណូមពរផ្សេងៗ ដែលពាក់ព័ន្ធនឹង៖
• ការផ្តល់សេវាសាធារណៈ។
• សេវាតម្រូវការ និងសេវាសំណូមពរ។
គោលការណ៍សំខាន់គឺថា ប្រជាពលរដ្ឋគ្រប់រូបមាន សិទ្ធិស្មើៗគ្នា ក្នុងការបញ្ចេញមតិយោបល់ តាមរយៈការលើកដៃ ឬសរសេរលើក្រដាស។
គោលបំណងនៃការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ គឺដើម្បី៖
១.ផ្តល់ឱកាស ជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានស្វែងយល់ពីស្ថានភាពទូទៅនៃការអភិវឌ្ឍន៍ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងបញ្ហាប្រឈមនានា ដែលកើតមាននារយៈកាលកន្លងមក។
២.ផ្តល់វេទិកា ជូនបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការបញ្ចេញមតិរបស់ខ្លួន ដែលពាក់ព័ន្ធនឹង ក្តីកង្វល់ សំណូមពរ និងតម្រូវការជាក់ស្តែងក្នុងមូលដ្ឋាន។
រាល់មតិយោបល់ សំណូមពរ និងតម្រូវការដែលបានលើកឡើង នឹងត្រូវបានកត់ត្រា និងបញ្ជូនទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីពិនិត្យ និងចាត់វិធានការដោះស្រាយ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង៕
ដោយ:ភក្ដី








































No comments:
Post a Comment