រដ្ឋបាលក្រុងស្វាយរៀង រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង
(ស្វាយរៀង)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែមករា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាក្រុងស្វាយរៀង បានរៀបចំកិច្ចប្រជុំ «បូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៦» របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជុក មុន្នី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងស្វាយរៀង។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន អស់លោក លោកស្រី ជាសមាសភាពក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត និងអាជ្ញាធរក្រុង-សង្កាត់ជាច្រើននាក់ទៀត។
សមិទ្ធផលសំខាន់ៗដែលសម្រេចបានក្នុងឆ្នាំ២០២៥៖
តាមរយៈរបាយការណ៍បូកសរុប ក្រុមការងារបានបង្ហាញនូវលទ្ធផលផ្លែផ្កាជាច្រើនដែលបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋ រួមមាន៖
⁃ សន្តិសុខសណ្តាប់ធ្នាប់៖ ការអនុវត្តគោលនយោបាយ «ភូមិ-សង្កាត់ មានសុវត្ថិភាព» ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ កាត់បន្ថយបាននូវបទល្មើសគ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់។
⁃ ការដោះស្រាយបញ្ហាប្រឈម៖ ក្រុមការងារបានទទួលសំណើ និងសំណូមពរពីប្រជាពលរដ្ឋសរុបចំនួន ៤១ករណី ដោយក្នុងនោះបានដោះស្រាយរួចរាល់ចំនួន ២៦ករណី និងកំពុងបន្តដោះស្រាយតាមនីតិវិធីចំនួន ១៥ករណីទៀត។
⁃ សេវាសាធារណៈ៖ ការផ្តល់សេវារដ្ឋបាលតាមរយៈអង្គភាពច្រកចេញចូលតែមួយ ទទួលបានការពេញចិត្តយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ តាមរយៈភាពរហ័ស និងតម្លាភាព។
⁃ ការគ្រប់គ្រងសំណង់ និងដីធ្លី៖ បានចេញលិខិតអនុញ្ញាតសាងសង់ចំនួន ៣៧ច្បាប់ និងធ្វើការចុះបញ្ជីដីធ្លីលក្ខណៈប្រព័ន្ធបានចំនួន ៤៥៨ច្បាប់ ជូនដល់ម្ចាស់កម្មសិទ្ធិ។
ទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២៦៖
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ជុក មុន្នី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាជិកក្រុមការងារទាំងអស់ និងបានដាក់ចេញនូវទិសដៅសំខាន់ៗមួយចំនួន៖
១. បន្តជំរុញការផ្សព្វផ្សាយ និងអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលឱ្យកាន់តែស៊ីជម្រៅ។
២. បង្កើនការចុះធ្វើវេទិកាសាធារណៈនៅតាមបណ្តាភូមិ-សង្កាត់ ដើម្បីក្តាប់ឱ្យជាប់នូវរាល់កង្វល់ និងតម្រូវការជាក់ស្តែងរបស់ពលរដ្ឋ។
៣. ពន្លឿនការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋឱ្យបានទាន់ពេលវេលា។
៤. បន្តពង្រឹងការផ្តល់សេវាសាធារណៈ ពិសេសសេវាសុខាភិបាល អប់រំ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត (ផ្លូវ ទឹក ភ្លើង)។
ជាទីបញ្ចប់ ឯកឧត្តមប្រធានក្រុមការងារ បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងសមាជិកក្រុមការងារទាំងអស់ ត្រូវបន្តសហការគ្នាជាធ្លុងមួយ ដើម្បីបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ សំដៅប្រែក្លាយក្រុងស្វាយរៀងឱ្យកាន់តែមានការអភិវឌ្ឍ និងសេចក្តីសុខក្សេមក្សាន្ត៕
ដោយ:ភក្ដី


















No comments:
Post a Comment