រដ្ឋបាលខេត្តស្វាយរៀង ចុះពិនិត្យវឌ្ឍនភាព និងពន្លឿនការរៀបចំប្រព័ន្ធ ផ្លូវ ទឹក ភ្លើង នៅតំបន់ផ្ទះសម្បទាន ១២៦ ខ្នង សម្រាប់គ្រួសារអតីតយុទ្ធមិត្ត ១៩៧៨
បន្ទាប់ពីចប់កិច្ចប្រជុំពិភាក្សា និងចុះពិនិត្យការស្នើសុំប្រើប្រាស់ដី នៅស្រុករមាសហែករួចមក នៅរសៀលថ្ងៃចន្ទ ទី២ ខែមីនា ឆ្នាំ២០២៦នេះ លោក ម៉ែន អេង អភិបាលរង តំណាងឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានដឹកនាំក្រុមការងារបន្តចុះត្រួតពិនិត្យផ្ទាល់លើវឌ្ឍនភាពនៃការរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវន្ត រួមមានបណ្តាញផ្លូវ ទឹកស្អាត និងអគ្គិសនី ស្ថិតនៅភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ ដើម្បីត្រៀមលក្ខណៈសម្បត្តិគ្រប់ជ្រុងជ្រោយ មុននឹងឈានដល់ពិធីប្រគល់ផ្ទះ និងដីសម្បទានសង្គមកិច្ចជូនគ្រួសារអតីតយុទ្ធមិត្ត ១៩៧៨។
ក្នុងដំណើរចុះត្រួតពិនិត្យនេះ លោកអភិបាលរងខេត្ត បានពិនិត្យយ៉ាងល្អិតល្អន់លើការងារដែលកំពុងអនុវត្ត រួមមាន៖
-ប្រព័ន្ធទឹកស្អាត និងការជីកអណ្តូង៖ ពិនិត្យវឌ្ឍនភាពនៃការជីកអណ្តូងទឹកបន្ថែម ដើម្បីធានាបាននូវប្រភពទឹកស្អាតប្រើប្រាស់បាន ១០០% សម្រាប់តម្រូវការប្រចាំថ្ងៃ។
-ប្រព័ន្ធផ្លូវ និងការឈូសឆាយដី៖ ពិនិត្យការសម្រួលដីចំណីផ្លូវ និងការឈូសឆាយទីតាំងដីបង្កបង្កើនផលជុំវិញខ្នងផ្ទះនីមួយៗ ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនអតីតយុទ្ធជនក្នុងការធ្វើដំណើរ និងការដាំដុះផ្គត់ផ្គង់ជីវភាព។
-បណ្តាញអគ្គិសនី៖ ពិនិត្យការរៀបចំបោះបង្គោល និងការតភ្ជាប់ខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីស្វាយរៀង ចូលទៅកាន់ខ្នងផ្ទះនីមួយៗឱ្យបានត្រឹមត្រូវតាមបច្ចេកទេស និងសុវត្ថិភាព។
ក្នុងឱកាសនោះ លោក ម៉ែន អេង បានថ្លែងថា ទោះបីជាសំណង់ផ្ទះទាំង ១២៦ ខ្នង បានរួចរាល់ក៏ដោយ ប៉ុន្តែការរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជុំវិញ គឺជា សរសៃឈាម ដ៏សំខាន់ដែលមិនអាចខ្វះបាន។ លោកបានបញ្ជាក់បន្ថែមទៀតថា៖ យើងត្រូវធានាថា នៅថ្ងៃដែលបងប្អូនអតីតយុទ្ធជនយើងចូលមករស់នៅ ពួកគាត់ត្រូវតែមានផ្លូវធ្វើដំណើរស្រួល មានទឹកស្អាតប្រើប្រាស់ និងមានភ្លើងអគ្គិសនីគ្រប់គ្រាន់។ ការឈូសឆាយទីតាំងដីសម្បទាន និងការជីកអណ្តូងត្រូវតែបញ្ចប់ដោយគុណភាពខ្ពស់បំផុត ដើម្បីជាការតបស្នងចំពោះគុណបំណាច់របស់វីរយុទ្ធជនយើង។
លោកអភិបាលរងខេត្ត ក៏បានជំរុញឱ្យមន្ទីរ អង្គភាព ពាក់ព័ន្ធ អាជ្ញាធរស្រុក បញ្ចប់ការងារដែលនៅសេសសល់ឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន ដើម្បីរៀបចំពិធីប្រគល់ផ្ទះ និងដីសម្បទានសង្គមកិច្ចជូនគ្រួសារអតីតយុទ្ធមិត្ត ១៩៧៨ ទាំង ១២៦ គ្រួសារជាផ្លូវការ នាពេលដ៏ខ្លីខាងមុខនេះ៕




















No comments:
Post a Comment