ខេត្តស្វាយរៀង រៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពី "ច្រកចូលទីផ្សារទៅកាន់ប្រទេសដៃគូ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី" ដើម្បីជំរុញការនាំចេញផលិតផលខ្មែរ
(ខេត្តស្វាយរៀង)៖ នៅព្រឹកថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២៦ មន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀង បានរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់មួយក្រោមប្រធានបទ «ច្រកចូលទីផ្សារទៅកាន់ប្រទេសដៃគូ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី»។
អង្គសិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក អប់ រ៉ាឌី អគ្គនាយករងនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម និងលោក សុខា រ៉ាម អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុក តំណាងតំបន់សេដ្ឋកិច្ចពិសេស សភាពាណិជ្ជកម្មខេត្ត និងអាជីវករ ផលិតករជាច្រើនរូប។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើនការយល់ដឹងដល់អាជីវករ និងផលិតករក្នុងខេត្តស្វាយរៀង អំពី៖
1. កាលានុវត្តភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី៖ ការទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងនានាដែលកម្ពុជាជាហត្ថលេខី ដើម្បីពង្រីកទីផ្សារនាំចេញ។
2. វិធានដើមកំណើតទំនិញ៖ បច្ចេកទេស និងលក្ខខណ្ឌតម្រូវក្នុងការបញ្ជាក់ប្រភពដើមទំនិញ ដើម្បីទទួលបានការអនុគ្រោះពន្ធ។
3. នីតិវិធីនៃការនាំចេញ៖ ការពង្រឹងសមត្ថភាពលើការរៀបចំឯកសារ និងបទដ្ឋានបច្ចេកទេសសម្រាប់វាយលុកទីផ្សារអន្តរជាតិ។
ក្នុងឱកាសនោះ លោក សុខ រ៉ាម បានលើកឡើងពីភាពរីកចម្រើនយ៉ាងខ្លាំងក្លារបស់ខេត្តស្វាយរៀង ដែលបច្ចុប្បន្នមានតំបន់សេដ្ឋកិច្ចពិសេសរហូតដល់ ១២កន្លែង និងមានរោងចក្រ សហគ្រាស សិប្បកម្មសរុបជាង ១,០៤៦កន្លែង ដែលបានផ្តល់ការងារជូនប្រជាពលរដ្ឋជាង ១៥ម៉ឺននាក់។ លោកបានបញ្ជាក់ថា ការយល់ដឹងពីច្រកចូលទីផ្សារអន្តរជាតិ គឺជាសោរដ៏សំខាន់សម្រាប់ជួយឱ្យផលិតផលក្នុងខេត្ត ដូចជា ស្រូវ អំពៅស្ករ ដំឡូងមី ស្វាយចន្ទី និងបន្លែបង្ការផ្សេងៗ អាចនាំចេញបានកាន់តែច្រើន និងមានតម្លៃខ្ពស់។
លោក អប់ រ៉ាឌី អគ្គនាយករងនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម បានមានប្រសាសន៍លើកឡើងថា: តាមរយៈសិក្ខាសាលានេះ ក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលខេត្ត រំពឹងយ៉ាងមុតមាំថា ម្ចាស់អាជីវកម្ម និងផលិតករនឹងអាចកែប្រែបញ្ហាប្រឈមឱ្យទៅជាឱកាស តាមរយៈការពង្រឹងគុណភាពផលិតផលឱ្យស្របតាមស្តង់ដារអន្តរជាតិ ដើម្បីទាញយកអត្ថប្រយោជន៍ជាអតិបរមាពី "កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី" ដែលនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិទាំងមូលឱ្យកាន់តែប្រសើរឡើង៕
ដោយ: ភក្ដី


























No comments:
Post a Comment