លោកអភិបាលក្រុងបាវិត អញ្ជើញក្នុងពិធីក្រុងពាលីកសាងព្រះពុទ្ធរូប ក្នុងវត្តពោធិរង្សី (ហៅវត្តតានយ) ដើម្បីតម្កល់ជាទីសក្ការៈ
(ខេត្តស្វាយរៀង): ព្រឹកថ្ងៃសុក្រ ទី០១ ខែឧសភា ឆ្នាំ២០២៦ លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី ដើម្បីកសាងព្រះពុទ្ធរូប សម្រាប់តម្កល់ទុកក្នុងពុទ្ធសីមាវត្តពោធិរង្សី (ហៅវត្តតានយ) ដែលស្ថិតក្នុងសង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង។
ពិធីសាសនាដ៏ថ្លៃថ្លានេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីរាជការនៃរដ្ឋបាលក្រុងបាវិត កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករ ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។
ការរៀបចំពិធីក្រុងពាលីនាឱកាសនេះ គឺជាកិច្ចចាប់ផ្តើមនៃការកសាងរូបសំណាកព្រះពុទ្ធរូបយ៉ាងផ្ចិតផ្ចង់ ដើម្បីទុកជាទីសក្ការបូជាដ៏ខ្ពង់ខ្ពស់សម្រាប់បងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទជិតឆ្ងាយ មកគោរពបូជាតាមគន្លងប្រពៃណី និងជំនឿសាសនា។ ទន្ទឹមនឹងនេះ លោកអភិបាលក្រុង ក៏បានសម្តែងនូវការកោតសរសើរចំពោះស្មារតីសាមគ្គីភាពរបស់សប្បុរសជន និងពុទ្ធបរិស័ទទាំងអស់ ដែលបានរួមគ្នាកសាងសមិទ្ធផលនានាក្នុងវត្តពោធិរង្សី ឱ្យកាន់តែមានសោភ័ណភាព និងរីកចម្រើនជាលំដាប់។
សូមបញ្ជាក់ថា វិស័យពុទ្ធសាសនាមិនត្រឹមតែជាបង្អែកខាងផ្លូវចិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំសីលធម៌ និងការរស់នៅប្រកបដោយសន្តិភាពក្នុងសង្គមជាតិទាំងមូលផងដែរ៕
ដោយ: ភក្ដី




















No comments:
Post a Comment