អាជ្ញាធរក្រុងស្វាយរៀង ចុះអប់រំណែនាំអាជីវករលក់ដូរនៅមាត់ទន្លេវ៉ៃគោ ឱ្យចូលរួមថែរក្សាបរិស្ថាន និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ
(ខេត្តស្វាយរៀង)៖ ក្រោមការយកចិត្តទុកដាក់ និងការចង្អុលបង្ហាញផ្ទាល់ពីសំណាក់ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២៦ លោក ជួន ចាន់ឬទ្ធី អភិបាលរងក្រុងស្វាយរៀង បានដឹកនាំក្រុមការងារ ចុះផ្សព្វផ្សាយ និងអប់រំណែនាំដល់បងប្អូនអាជីវករ ដែលកំពុងប្រកបរបរលក់ដូរនៅតាមបណ្តោយមាត់ទន្លេវ៉ៃគោ ឱ្យចូលរួមសម្អាតអនាម័យបរិស្ថាន និងវេចខ្ចប់កាកសំណល់ សំរាម ដាក់ក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ។
សកម្មភាពចុះណែនាំនេះ មានការអញ្ជើញចូលរួមសហការពីសំណាក់ មន្ទីរបរិស្ថានខេត្ត, កម្លាំងអធិការដ្ឋាននគរបាលក្រុង, កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុង រួមទាំងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធជាច្រើនរូបទៀត។
នៅក្នុងការចុះពិនិត្យនេះ លោកអភិបាលរងក្រុង បានដើរជួបសំណេះសំណាលផ្ទាល់ជាមួយអាជីវករលក់ដូរចំណីអាហារ ភេសជ្ជៈ និងអ្នកលក់ផ្លែឈើចល័ត ដោយបានពន្យល់ណែនាំអំពីសារៈសំខាន់នៃបរិស្ថាន និងសោភ័ណភាពទីក្រុង។ លោកអភិបាលរងក្រុង បានសង្កត់ធ្ងន់ថា តំបន់មាត់ទន្លេវ៉ៃគោ គឺជាបេះដូង និងជាកន្លែងលំហែកាយដ៏ទាក់ទាញបំផុតរបស់ប្រជាពលរដ្ឋក្នុងក្រុងស្វាយរៀង ក៏ដូចជាភ្ញៀវទេសចរមកពីក្រៅតំបន់ ដូច្នេះការរក្សាបាននូវភាពស្អាត គ្មានសំរាម គឺជារឿងចាំបាច់ដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីទាំងអស់។
អាជ្ញាធរក្រុងបានណែនាំយ៉ាងម៉ឺងម៉ាត់ដល់អាជីវករទាំងអស់៖
១. ត្រូវប្រមូលសម្អាតអនាម័យនៅជុំវិញទីតាំងលក់ដូររបស់ខ្លួនឱ្យបានស្អាតល្អជាប្រចាំ ក្រោយពេលបញ្ចប់ការលក់ដូរជារៀងរាល់ថ្ងៃ។
២. ត្រូវវេចខ្ចប់សំណល់ឱ្យបានជិតល្អ និងយកទៅដាក់ក្នុងធុងសំរាមដែលអាជ្ញាធរបានរៀបចំជូន ជៀសវាងការបោះចោលពាសវាលពាសកាល ឬទម្លាក់ចូលទៅក្នុងទឹកទន្លេ និងគុម្ពោតព្រៃ។
៣. ត្រូវរួមគ្នាកសាងទម្លាប់រស់នៅស្អាត ដើម្បីទាក់ទាញអតិថិជនមកគាំទ្រកាន់តែច្រើន ដែលជាការរួមចំណែកលើកកម្ពស់ជីវភាពផង និងលើកមុខមាត់ក្រុងស្វាយរៀងយើងផងដែរ៕
ដោយ: ភក្ដី

































No comments:
Post a Comment