ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ២៦៤គ្រួសារ ក្នុងខេត្តស្វាយរៀង ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា...!! - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Monday, June 1, 2026

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ២៦៤គ្រួសារ ក្នុងខេត្តស្វាយរៀង ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា...!!

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ២៦៤គ្រួសារ ក្នុងខេត្តស្វាយរៀង ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា...!!


កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ដ៏ឧត្តុង្គឧត្តម ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦នេះ បានចាត់ក្រុមការងារនៃទីស្នាក់ការកណ្តាលរួមជាមួយសាខា នាំយកនូវគ្រឿងឧបភោគ-បរិភោគ និងថវិកា ដើម្បីជួយសម្រាលការលំបាកផ្នែកជីវភាពជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ដែលរងផលប៉ះពាល់ផ្ទះទាំងស្រុង និងមធ្យម ចំនួន ២៦៤ គ្រួសារ មកពី៥ឃុំក្នុងស្រុករមាសហែក និង៥សង្កាត់នៃក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ពិធីចែកអំណោយនេះមាន៣ទីតាំងផ្សេងគ្នាក្នុងនោះ៖ ស្រុករមាសហែក មាន២ទីតាំង (ទីតាំងទី១-ឃុំសម្បត្តិមានជ័យ សម្រាប់ប្រជាពលរដ្ឋរងគ្រោះ ៤៤គ្រួសារ, ទីតាំង២-ឃុំត្រពាំងស្តៅ សម្រាប់ប្រជាពលរដ្ឋ ១៤០គ្រួសារ) និងទីតាំងទី៣ ក្រុងស្វាយរៀង សម្រាប់ប្រជាពលរដ្ឋ ៨០ គ្រួសារ ។ ពិធីសំណេះសំណាលនិងចែកអំណាយមនុស្សធម៌នេះ ធ្វើឡើងក្រោមវត្តមានលោកជំទាវ មុំ ចន្ធី នាយិការងនាយកដ្ឋានសុខភាព និងលោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង
រួមជាមួយ សមាជិក សមាជិកា គណៈកិត្តិយសសាខា គណៈកម្មាធិការសាខា មន្ត្រីថ្នាក់កណ្តាល មន្ត្រីប្រតិបត្តិសាខា-អនុសាខាក្រុងស្រុក អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជាជាច្រើនរូប។
បើតាមរបាយការ៍ពីអាជ្ញាធរ បានបញ្ជាក់ថា៖ នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៦ ខេត្តស្វាយរៀង មានភ្លៀង១មេធំលាយឡំ និងខ្យល់កន្ត្រាក់បណ្តាលឱ្យរងផលប៉ះពាល់ទៅលើលំនៅដ្ឋានប្រជាពលរដ្ឋសរុប ៤០៧ គ្រួសារ ស្មើនឹង ៤០៧ ខ្នងផ្ទះ ក្នុងក្រុង/ស្រុក ចំនួន ៥ រួមមាន ក្រុងស្វាយរៀង ១៥១ គ្រួសារ, ស្រុករមាសហែក ១៩៨គ្រួសារ, ស្រុករំដួល ៤គ្រួសារ ស្រុកកំពង់រោទិ៍ ៤៩ គ្រួសារ, ស្រុកស្វាយទាប ៥ គ្រួសា រ។ បន្ទាប់ពីនាំយកការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីនឹករលឹក អាណិតស្រឡាញ់ និងសម្តែងការសោកស្តាយចំពោះឧបទ្ទវហេតុគ្រោះធម្មជាតិខ្យល់កន្ត្រាក់ដែលបង្កផលប៉ះពាល់ផ្ទះរបស់បងប្អូនប្រជាពលរដ្ឋអស់ជាច្រើនខ្នងរួចមក ។ លោកជំទាវនាយិការង មានប្រសាសន៍ថា អំណោយដែលចែកជូនបងប្អូននាឱកាសនេះ បានមកពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ក្នុងឱកាសទិវា ៨ ឧសភា ដើម្បីជួយសម្រាលការលំបាករបស់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ក្នុងគ្រានេះ ។ ជាមួយគ្នានេះលោកជំទាវ បានគូសបញ្ជាក់ថា ៖ បន្ទាប់ពីក្រុមការងារចុះពិនិត្យស្ថានភាពពីផលប៉ះពាល់ដោយផ្ទាល់ទៅដល់ខ្នងផ្ទះបានសង្កេតឃើញថា លំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋមិនរឹងមាំស្របទៅនិងការប្រែប្រួលអាកាសធាតុនាពេលបច្ចុប្បន្ន និងអនាគតនោះទេ ដូចនេះសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានលទ្ធភាពរៀបចំផ្ទះឡើងវិញត្រូវសាងសង់សំណង់ឱ្យបានរឹងមាំល្អ និងមានភាពធន់នឹងអាកាសធាតុទាំងខ្យល់និងក្តៅ ។ ជាមួយគ្នានេះសូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់នារដូវភ្លៀងនេះ ចំពោះគ្រោះមហន្តរាយដោយធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុ ដូចជា ខ្យល់កន្ត្រាក់ និងផ្គររន្ទះ ជាដើម ។ ទន្ទឹមនឹងនេះលោកជំទាវក៏បានពាំនាំនូវសារអំពាវនាវរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើឱ្យប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អដើម្បីជៀសផុតពីជំងឺដង្កាត់នានា ដោយរស់នៅត្រូវមានអនាម័យ ស្អាតជានិច្ច គេងក្នុងមុងជាប់ជាប្រចាំដើម្បីបង្ការផ្សេងៗ ។ ជាកិច្ចឆ្លើយតបគ្រួសាររងគ្រោះនីមួយៗបានលើកម្រាមដៃដប់គោរពថ្លែងអំណរគុណចំពោះទឹកចិត្តដ៏ប្រពៃថ្លៃថ្លា របស់សម្តេចកិត្តិព្រឹទ្ធបណ្ធិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានយកចិត្តទុកដាក់គិតគូជួយពួកគាត់ក្នុងគ្រាដែលលំបាក និងកំពុងត្រូវការឱ្យជួយជាចាំបាច់ ទាំងទីជម្រក និងស្បៀងអាហារ សម្រាប់ដោះស្រាយជីវភាពរស់នៅជាប្រចាំថ្ងៃ។ សូមគោរពជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមមានសុខភាព ជន្មាយុយឺនយូរ កម្លាំងមាំមួន ប្រាជ្ញាវាងវៃ ដើម្បីជួយដល់ប្រជាពលរដ្ឋដែលត្រួវការឱ្យជួយដូចជាពួកគាត់ដែរ ។ សូមបញ្ជាក់ថា គ្រួសាររងគ្រោះនីមួយៗទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា រួមមាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស , ត្រីខ ១យួរ, ប្រេងឆា ២ដប, ទឹកសុីអុីវ ១យួរ, ទឹកត្រី ១យួរ, ទឹកបរិសុទ្ធ ២កេស, ឃីត១កញ្ចប់ (សារុង មុង ភួយ ក្រមា) ។ បន្ថែមលើនេះគ្រួសាររងផលប៉ពាល់មធ្យមទទួលបានថវិកា ២០ម៉ឺនរៀល និងគ្រួសាររងផលប៉ះពាល់ធ្ងន់ធ្ងរទទួលបានថវិកា ៥០ ម៉ឺនរៀល ។ ដោយឡែក៥គ្រួសារដែលរលំផ្ទះទាំងស្រុងទទួលបានថវិកាចំនួន ៥លានរៀល ក្នុងមួយគ្រួសារផងដែរ៕
























































No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages