(ស្វាយរៀង)៖នៅថ្ងៃទី២៧ ខែកញ្ញា
ឆ្នាំ២០១៨នេះ នៅសាលប្រជុំនន្ទី “អគារ ខ” សាលាខេត្ត ឯកឧត្ដម ម៉ែន វិបុល អភិបាល
នៃគណៈភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយមាតាបិតា
អាណាព្យាបាល និងសិស្សានុសិស្សដែលទទួលបាននិទ្ទេស A ទាំង ៣រូប
ក្នុងខេត្តស្វាយរៀង នាសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២០ សីហា ២០១៨ ។
មានប្រសាសន៍សំណេះសំណាលក្នុងពិធីនេះ
ឯកឧត្ដមអភិបាលខេត្ត បានសម្ដែងនូវការអបអរសាទរជាមួយមាតាបិតា អាណាព្យាបាល
និងសិស្សានុសិស្សទាំង៣រូប ដែលបានខិតខំប្រឹងប្រែងសិក្សារហូតទទួលបាននិទ្ទេស A ដែលជានិទ្ទេសល្អប្រសើរបំផុត ក្នុងជីវិតសិក្សានៅថ្នាក់មធ្យមសិក្សា
ដែលលទ្ធផលនេះ មិនត្រឹមតែជាមោទនភាពសម្រាប់ខ្លួនឯងផ្ទាល់ ក៏ដូចជាមាតាបិតាអាណាព្យាបាល
លោកគ្រូ អ្នកគ្រូ និងសាលាប៉ុណ្ណោះទេ ប៉ុន្តែជាមោទនភាព
និងមុខមាត់របស់ខេត្តស្វាយរៀងយើងទាំងមូល ។ ជាមួយនេះឯកឧត្ដមអភិបាលខេត្ត
ក៏បានបញ្ជាក់ជូនថា យុវជននាពេលបច្ចុប្បន្ននេះ ពិតជាមានសំណាងណាស់ ដែលមានឱកាសពេញលេញ
និងសម្បូរបែប ទទួលបាននូវការអប់រំសិក្សាគ្រប់ទីកន្លែង
ព្រោះថាសាលារៀនត្រូវបានពង្រាយទៅកៀកជាប់នឹងរបងផ្ទះតែម្ដង ផ្ទុយស្រឡះពីជំនាន់មុន
ដែលពុំមានឱកាសពេញលេញបែបនេះទេ ណាមួយសាលារៀននៅឆ្ងាយពីផ្ទះផង ណាមួយត្រូវជួយកិច្ចការផ្ទះផង
ណាមួយត្រូវគេចពីគ្រាប់ផ្លោងផង
ដោយសារកាលនោះប្រទេសជាតិគ្មានសន្តិសុខពេញលេញដូចសព្វថ្ងៃនេះទេ
ដូច្នេះតម្លៃនៃសន្តិភាពដែលរាជរដ្ឋាភិបាល ជាពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រេចបានជូនជាតិមាតុភូមិ ពិតជាមានសារៈសំខាន់ណាស់
ដែលទាមទារឲ្យយុវជនជំនាន់ក្រោយត្រូវរួមគ្នាការពារ និងថែរក្សាឲ្យបានគង់វង្ស ។
ទន្ទឹមនេះ
ឯកឧត្ដមអភិបាលខេត្ត បានផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ត្រូវចេះតស៊ូអំណត់ព្យាយាម
ដោយយកចិត្តទុកដាក់រៀនសូត្រឲ្យបានពូកែថែមទៀត ត្រូវធ្វើអំពើណាដែលល្អ និងមានផលប្រយោជន៍ដល់សង្គម
ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងគ្រឿងស្រវឹងគ្រប់ប្រភេទ
ចៀសវាងឲ្យបាននូវអំពើអបាយមុខផ្សេងៗ
ព្រមទាំងត្រូវចូលរួមគោរពប្រតិបត្តិច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន
ដើម្បីសុវត្ថិភាពខ្លួនឯងផង និងអ្នកដទៃផង ។ ដើម្បីជាការចូលរួមអបអរសាទរ
និងលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្សជ័យលាភីនិទ្ទេស A ទាំង៣រូប ឯកឧត្ដមអភិបាលខេត្ត
បានផ្ដល់រង្វាន់លើកទឹកចិត្តសម្រាប់សិស្សានុសិស្សម្នាក់ៗទទួលបាន ម៉ូតូហុងដាឌ្រីម
ស៊េរី ឆ្នាំ២០១៨ ចំនួន ០១គ្រឿង Laptop ១គ្រឿង និងថវិកា
១០០.០០០រៀល ដោយឡែក លោកនាយកវិទ្យាល័យហ៊ុនសែនស្វាយជ្រំ និងវិទ្យាល័យហ៊ុនសែនកំពង់ចក
ដែលមានសិស្សទទួលបាននិទ្ទេស A ក៏ទទួលបានប្រាក់ឧបត្ថម្ភលើកទឹកចិត្ត
ចំនួន ២០០.០០០រៀល ផងដែរ ។ ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត
ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា
និងអធិការកិច្ច ព្រមទាំងសប្បុរសជនផ្សេងៗទៀត ដែលបានចូលរួម និងឧបត្ថម្ភជាថវិកា
និងសម្ភារសម្រាប់ផ្ដល់ជូនសិស្សនិទ្ទេស A នៅថ្ងៃនេះ ៕
ដោយ៖ភក្ដី
រក្សាសិទ្ធិដោយ៖ មន្ទីរព័ត៌មានខេត្តស្វាយរៀង











No comments:
Post a Comment