(ស្វាយរៀង)៖
នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅក្នុងបរិវេណមន្ទីរពេទ្យខេត្ត ក្រុងស្វាយរៀង
ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ឯកឧត្ដម ម៉ែន
វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្ដម ជុំ ហាត
ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធគម្រោងព្យាបាលភ្នែកឡើងបាយ
និងភ្នែកដុះកន្ទុយថ្លែនដោយឥតគិតថ្លៃរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តអង្គការខេមបូឌាវីសិន
(អូស្ត្រាលី) ។ នៅក្នុងឱកាសនោះ លោកជំទាវ ក៏បានកោតសរសើរ និងថ្លែងអំណរគុណដល់គម្រោងព្យាបាលរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត
អង្គការ ខេមបូឌាវីសិន (អូស្ត្រាលី) ដែលដឹកនាំ ដោយលោក ជេក ម៉េងលី រួមជាមួយទី១
មូលនិធិសមធម៌ក្នុងការបង់ថ្លៃសេវាជួសជូនអ្នកជម្ងឺក្រីក្រសម្រាកពេទ្យទី២ អង្គការ Eye
care Foundation ទី៣ អង្គការ CHC ទី៤
អង្គការដើមត្នោត និង Marie Stop ទី៥ អង្គការ Operation
Smile និង ទី៦ អង្គការ JICA ដែលបានចូលរួមចំណែកដ៏សំខាន់ក្នុងគម្រោងនេះដោយ
ឥតគិតថ្លៃ ស្របតាមតម្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង
កំពុងតែមានការខ្វះខាត។
លោកជំទាវបានបន្តទៀតថា
សកម្មភាពមនុស្សធម៌នេះពិតជាមានតម្លៃណាស់ ដែលកើតចេញអំពីទឹកចិត្តដ៏ថ្លៃថ្លារបស់បងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅប្រទេសអូស្រ្តាលី
បានរួមគ្នាបង្កើតជាក្រុមមួយស្រាប់ធ្វើការងារមនុស្សធម៌នេះ
និងបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រ។
លោកជំទាវក៏បានសំណូមពរឲ្យ លោក ជេក ម៉េងលី បន្តដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកព្យាបាលនៅខេត្តស្វាយរៀងនៅគម្រោងបន្តបន្ទាប់ទៀត។
សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តអង្គការខេមបូឌាវីសិន (អូស្ត្រាលី)
នឹងធ្វើការព្យាបាលភ្នែកឡើងបាយ និងភ្នែកដុះកន្ទុយថ្លែន
និងជួយពិនិត្យសុខភាពសម្រាប់អ្នកគ ថ្លង់ នៅក្នុងខេត្តស្វាយរៀង ដោយឥតគិតថ្លៃ
ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨
នៅក្នុងបរិវេណមន្ទីរពេទ្យខេត្តស្វាយរៀង
ដោយឡែកបងប្អូនប្រជាពលរដ្ឋដែលមានបំណងមកទទួលសេវាព្យាបាល សូមមកចុះឈ្មោះចាប់ពីថ្ងៃនេះ
រហូតដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅទីកន្លែងដូចមានបញ្ជាក់ជូនខាងលើ ៕ ដោយ៖ភក្ដី
រក្សាសិទ្ធិដោយ៖ មន្ទីរព័ត៌មានខេត្តស្វាយរៀង















No comments:
Post a Comment