(ស្វាយរៀង)៖ នៅព្រឹកថ្ងៃ២៤ ខែតុលា
ឆ្នាំ២០១៨ ក្រោមអធិបភាពឯកឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត
និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តស្វាយរៀង
និងមានការអញ្ជើញចូលរួមពីលោកព្រះរាជអាជ្ញាខេត្ត លោកតំណាងប្រធានសាលាដំបូងខេត្ត
លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការ ស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការ
មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង
លោក លោកស្រីប្រធានមន្ទីរ-អង្គភាព អភិបាលក្រុង ស្រុក អធិការនគរបាល មេឃុំ ចៅសង្កាត់
នាយប៉ុស្ដិ៍នគរបាលរដ្ឋបាល ប្រធានទីស្នាក់ការព្រំដែនទាំង៨ កងកម្លាំង
ព្រមទាំងតំណាងម្ចាស់កាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ ក្លឹបកម្សាន្ត
និងខារ៉ាអូខេដែលមានមូលដ្ឋានក្នុងជុំវិញខេត្ត នៅសាលប្រជុំធំសាលាខេត្តស្វាយរៀង ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត
បានបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ពុំមែនជាកិច្ចការផ្ដាច់មុខរបស់អ្នកណាម្នាក់នោះទេ
ជាការងារសរុប ជាការងាររួម ដែលទាមទារឲ្យមានការចូលរួមពីគ្រប់សមាសភាពពាក់ព័ន្ធទាំងអស់
ទាំងរដ្ឋ និងឯកជន ទើបការងារនេះ អាចសម្រេចទៅបានដោយរលូន និងទទួលបានលទ្ធផលជោគជ័យ
ហើយប្រសិនបើខ្វះការចូលរួមដោយពេញលេញពីភាគីណាមួយនោះ ទាំងរដ្ឋក្ដី និងឯកជនក្ដី
នោះនឹងធ្វើឲ្យយើងពិតជាមានការលំបាកក្នុងការបង្ការ ទប់ស្កាត់
និងបង្ក្រាបបទល្មើសគ្រឿងញៀន ដែលធ្វើឲ្យបញ្ហានេះ
ក៏នៅតែជាជំងឺមហារីកដែលជះឥទ្ធិពលធ្ងន់ធ្ងរទៅដល់យុវជន និងប្រជាជន
ក៏ដូចជាប្រទេសជាតិរបស់យើង ។ យ៉ាងដូច្នេះ
ទើបរាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់
ហើយបច្ចុប្បន្នកំពុងអនុវត្តនៅក្នុងដំណាក់កាលទី៣ ដែលឯកឧត្ដមសូមសម្ដែងនូវការកោតសរសើរ
និងអរគុណ ចំពោះការចូលរួមសហការយ៉ាងល្អប្រសើររបស់អស់លោក
លោកស្រីដែលជាម្ចាស់អាជីវកម្មទាំងអស់ ជាមួយនឹងកម្លាំងសមត្ថកិច្ច
និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្តនាពេលកន្លងមក
ដោយបានធ្វើឲ្យការអនុវត្តផែនការយុទ្ធនាការនេះ នៅគ្រប់ដំណាក់កាល
ទទួលបានលទ្ធផលគួរជាទីមោទនៈ ទាំងលើការងារផ្សព្វផ្សាយអប់រំ វិធានការរដ្ឋបាល
និងការងារអនុវត្តច្បាប់ ។
ជាមួយនេះ
ឯកឧត្ដមអភិបាលខេត្ត ក៏បានសម្ដែងនូវការអរគុណចំពោះម្ចាស់ទីតាំងផ្ទះសំណាក់ សណ្ឋាគារ
ផ្ទះជួល និងខារ៉ាអូខេ ចំនួន ១៥៤ទីតាំង នៅក្នុងខេត្ត
ដែលបានសហការចុះកិច្ចសន្យាស្ដីពីកិច្ចសហការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន
ជាមួយស្នងការដ្ឋាននគរបាលដ្ឋានខេត្តរួចហើយ
និងសូមស្នើដល់ម្ចាស់ទីតាំងអាជីវកម្មទាំងអស់ដែលមិនទាន់បានចុះកិច្ចសន្យា
សូមចូលរួមសហការជាមួយស្នងការដ្ឋាននគរបាលខេត្តអនុវត្តកិច្ចការនេះ ឲ្យបានល្អប្រសើរ
និងទទួលបានលទ្ធផលជោគជ័យ ។ ជាចុងបញ្ចប់ ឯកឧត្ដមអភិបាលខេត្ត
បានផ្ដាំផ្ញើដល់គ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ ត្រូវបន្តជំរុញការផ្សព្វផ្សាយអប់រំ
និងការអនុវត្តវិធានការរដ្ឋបាលឲ្យបានកាន់តែសកម្ម និងផុលផុសថែមទៀត និងស្នើដល់ម្ចាស់កាស៊ីណូ
សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល ក្លឹបរាត្រី ខារ៉ាអូខេ
ទាំងអស់ត្រូវចូលរួមសហការដោយស្មារតីទទួលខុសត្រូវខ្ពស់ជាមួយកម្លាំងសមត្ថកិច្ច
ដោយមិនត្រូវមានការលាក់បាំងព័ត៌មានណាមួយនោះទេ
ហើយក្នុងករណីមានការសង្ស័យថាមានករណីជួញដូរ ចែកចាយ ឬប្រើប្រាស់គ្រឿងញៀននៅក្នុងទីតាំងអាជីវកម្មរបស់ខ្លួន
សូមរាយការណ៍ជូនសមត្ថកិច្ចដែលនៅជិតបំផុតឲ្យបានឆាប់ដើម្បីមានវិធានការបង្ក្រាបឲ្យបានទាន់ពេលវេលាផងដែរ
៕ ដោយ៖ភក្ដី
















No comments:
Post a Comment