(ស្វាយរៀង): នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩នេះ លោក
ម៉ែន វិបុល អភិបាល អភិបាលខេត្ត
និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង
បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា
ជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្រ្តាក់ ចំនួន ១៥៥គ្រួសារ
មកពីឃុំត្រពាំងស្ដៅ ឃុំអណ្ដូងពោធិ៍ និងឃុំចន្ត្រី ស្រុករមាសហែក
ដែលរៀបចំនៅបរិវេណវត្តស្វាយទន្ទឹម ឃុំត្រពាំងស្ដៅ ស្រុករមាសហែក
និងមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាសមាជិក សមាជិកាគណៈកម្មាធិការសាខា លោកនាយក
នាយករងសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងកងកម្លាំងទាំងបី លោកអភិបាលស្ដីទី
ស្រុករមាសហែក ក្រុមប្រឹក្សាស្រុក លោកមេឃុំ និងមេភូមិដែលមានប្រជាពលរដ្ឋរងគ្រោះ
ព្រមទាំងលោក លោកស្រីជាសមាជិក
សមាជិកាគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុករមាសហែក ជាច្រើនរូបទៀត ។
លោកអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត
បានថ្លែងនូវការអរគុណចំពោះអាជ្ញាធរដែនដី និងកងកម្លាំងនៅមូលដ្ឋានទាំងអស់
ដែលបានជួយអន្តរាគមន៍សង្គ្រោះបានទាន់ពេលវេលា
និងបានជួយសាងសង់ផ្ទះជូនប្រជាពលរដ្ឋដែលបានរងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី២៥
ខែឧសភា ឆ្នាំ២០១៩ កន្លងមកនេះ ។
លោកក៏ផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់
ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ
ដោយត្រូវបិទទូរសព្ទ រកកន្លែងដែលមានសុវត្ថិភាព នៅពេលមានភ្លៀងធ្លាក់
ដែលងាយនឹងបង្កឲ្យមានគ្រោះថ្នាក់ដោយសាររន្ទះ ឬខ្យល់កន្ត្រាក់
ត្រូវមើលថែទាំកូនចៅឲ្យបានល្អ ជាពិសេសក្មេងតូចៗកុំឲ្យលេងទឹកដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដោយករណីលង់ទឹក
ត្រូវថែរក្សាសុខភាព និងមានអនាម័យល្អក្នុងការរស់នៅ ត្រូវត្រៀមឧបករណ៍ សម្ភារ
ពូជជាដើមសម្រាប់ការងារបង្កបង្កើនផលនារដូវវស្សាខាងមុខឲ្យបានទាន់ពេលវេលា ចូលរួម
និងជួយអប់រំណែនាំកូនចៅឲ្យគោរពច្បាប់ចរាចរណ៍ និងចៀសឲ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ ។
សូមបញ្ជាក់ថា អំណោយដែលត្រូវចែកជូននៅថ្ងៃនេះ
សម្រាប់គ្រួសាររងគ្រោះធ្ងន់ ៧គ្រួសារ ក្នុង១គ្រួសារ ទទួលបាន អង្ករ ៣០គ.ក្រ
កៅស៊ូតង់ ១ផ្ទាំង ធុងទឹកជ័រ ១ ឆ្នាំងបាយ សម្លរ ២ កន្ទេលជ័របត់ ១ ឃីត១កញ្ចប់ (មាន
៤មុខ គឺភួយ មុង សារុង និងក្រមា) មី ១កេស ត្រីខ ១០កំប៉ុង ទឹកស៊ីអ៊ីវ ៦ដប
និងថវិកា២០០.០០០រៀល គ្រួសាររងគ្រោះមធ្យម ១០០គ្រួសារ ក្នុង១គ្រួសារ ទទួលបាន អង្ករ
៣០គ.ក្រ កន្ទេលជ័របត់ ១ ឃីត១កញ្ចប់ មី
១កេស ត្រីខ ១០កំប៉ុង ទឹកស៊ីអ៊ីវ ៦ដប និងថវិកា៥០.០០០រៀល គ្រួសាររងគ្រោះមធ្យម
៤៧គ្រួសារ ក្នុង១គ្រួសារ ទទួលបានថវិកា ៦០.០០០រៀល និងអ្នករងរបួស ១នាក់ ទទួលបានថវិកា
២០០.០០០រៀល ៕ ដោយ:ភក្តី








No comments:
Post a Comment