(ស្វាយរៀង): នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ លោក
ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង
និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង
បានអញ្ជើញចុះសួរសុខទុក្ខ
និងចែកអំណោយមនុស្សធម៌ដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីល្ងាចថ្ងៃទី២១
ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងក្រុងស្វាយរៀង និងមានការចូលរួមពីលោក លោកស្រី ជាសមាជិក
សមាជិកាគណៈកម្មាធិការសាខា អនុសាខា នាយករងសាខាកាកបាទក្រហមកម្ពុជាខេត្ត
តំណាងកងកម្លាំងទាំងបី លោកអភិបាលក្រុង លោក លោកស្រីចៅសង្កាត់ ព្រមទាំងលោក
លោកស្រីជាសមាជិក សមាជិកាគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាក្រុងស្វាយរៀងជាច្រើនរូបទៀត
។
លោលអភិបាលខេត្ត
បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ
និងសេចក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលជានិច្ចកាលសម្ដេច
លោកតែងតែគិតគូរពីសុខទុក្ខ និងជំរុញឲ្យមានការដោះស្រាយបញ្ហានានារបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា
និងគ្រប់ទីកន្លែង ។
លោកក៏បានថ្លែងនូវការសោកស្តាយចំពោះការខូចទ្រព្យសម្បត្តិក៏ដូចជាផ្ទះសម្បែងរបស់បងប្អូនដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់នាពេលកន្លងមក
ហើយនេះក៏ជាគ្រោះមហន្តរាយធម្មជាតិលើកទី១នៅក្នុងខេត្តស្វាយរៀង
ដោយបង្កឲ្យមានផលប៉ះពាល់ដល់ផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋប្រមាណជាង២ពាន់ខ្នង
នៅទូទាំងខេត្ត ក្នុងនោះក្រុងស្វាយរៀងប៉ះពាល់ ២៨ខ្នងផ្ទះ (ធ្ងន់ធ្ងរ ១១ខ្នង មធ្យម
១០ខ្នង និងស្រាល ០៧ខ្នង)
ដែលសាខាកាកបាទក្រហមកម្ពុជាខេត្តកំពុងរៀបចំពិធីចែកជូននូវអំណោយ និងសម្ភារផ្សេងៗជូនបងប្អូនប្រជាពលរដ្ឋរងផលប៉ះពាល់ទាំងអស់នៅពេលនេះ
ដោយឡែកនៅតាមបណ្ដាក្រុង ស្រុកផ្សេងៗក៏នឹងរៀបចំចែកជូនជាបន្តបន្ទាប់ផងដែរ
ដោយឯកឧត្ដមអភិបាលខេត្តនឹងចុះទៅសួរសុខទុក្ខដោយផ្ទាល់
និងចាត់តំណាងសម្រាប់ក្រុងស្រុកមួយចំនួន ។
ជាចុងបញ្ចប់លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យមានការប្រុងប្រយ័ត្នគ្រប់ពេលដែលមានភ្លៀងធ្លាក់
និងស្វែងរកកន្លែងដែលមានសុវត្ថិភាព ព្រោះថាបើតាមការព្យាករណ៍របស់ក្រសួងធនធានទឹក
និងឧតុនិយម ភ្លៀងនឹងបន្តធ្លាក់រាយប៉ាយនៅក្នុងប្រទេស
ហើយអាចនឹងមានខ្យល់កន្ត្រាក់កើតឡើង ជាមួយនេះត្រូវយកចិត្តទុកដាក់មើលថែទាំកូនចៅឲ្យបានល្អ
ជាពិសេសក្មេងតូចៗកុំឲ្យលេងទឹកដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដោយករណីលង់ទឹក
និងត្រូវថែរក្សាសុខភាព ត្រូវបង្ការកាពារការឆ្លងជំងឺគ្រុនឈាម ជាដើម ។
អំណោយដែលបានចែកជូននៅពេលនេះរួមមាន៖
- គ្រួសាររងគ្រោះធ្ងន់ធ្ងរ ១១គ្រួសារ ក្នុង ១
គ្រួសារទទួលបាន អង្ករ ៣០គ.ក្រ មី ១ កេស ទឹកស៊ីអ៊ីវ ៦ ដប ត្រីខ ១០ កំប៉ុង កន្ទេលបត់
១ ក្រណាត់កៅស៊ូតង់១ ឃីត ១ កញ្ចប់ (មុង ភួយ សារុង ក្រមា) និងថវិកា ២០០.០០០ រៀល ។
-គ្រួសាររងគ្រោះមធ្យមមាន ១១គ្រួសារ
ក្នុង១គ្រួសារទទួលបាន អង្ករ ៣០គ.ក្រ មី ១ កេស ទឹកស៊ីអ៊ីវ ៦ ដប ត្រីខ ១០ កំប៉ុង
កន្ទេលបត់ ១ ឃីត ១ កញ្ចប់ (មុង ភួយ សារុង ក្រមា) និងថវិកា ៥០.០០០ រៀល ។
-គ្រួសាររងគ្រោះតិចតួចមាន ៧គ្រួសារ
ក្នុង១គ្រួសារទទួលបានថវិកា ៥០.០០០រៀល ៕ ដោយ: អ៊ុង ភក្តី









No comments:
Post a Comment