(ស្វាយរៀង): នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩
ក្រោមអធិបតីភាពលោល ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង
បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២
ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់លោក
លោកស្រីអភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត
លោកប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញារង
លោកសាកលវិទ្យាធិការរងសាកលវិទ្យាល័យស្វាយរៀង
លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិសឹករងស្វាយរៀង
លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត
លោកអភិបាលក្រុង ស្រុក លោក លោកស្រីនាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត
ប្រធានច្រកទ្វារព្រំដែន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ។
លោក ម៉ែន វិបុល បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោក
លោកស្រីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តស្វាយរៀង
ដែលបានសហការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនក្នុងការផ្តល់សេវា ការរក្សាបាននូវ
សន្ដិសុខ សុវត្ថិភាព ជូនដល់បងប្អូនប្រជាពលរដ្ឋ
និងអរគុណចំពោះសប្បុរសជននានាដែលបានបរិច្ចាគថវិកាមកដល់សាខាកាកបាទក្រហមខេត្តស្វាយរៀង
នាពេលកន្លងទៅ ។
លោកអភិបាលខេត្ត ក៏បានធ្វើការផ្ដាំផ្ញើដល់
មន្ទីរ-អង្គភាព រដ្ឋបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធទាំងអស់
ឲ្យបន្តយកចិត្តទុកដាក់នូវកិច្ចការសំខាន់ៗ មួយចំនួនដូចខាងក្រោម ៖
១.បន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ
សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តឲ្យបានល្អប្រសើរ។
២.ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ
មានការប្រុងប្រយ័ត្នចំពោះបាតុភូតខ្យល់កន្ត្រាក់ ផ្គររន្ទះ នារដូវវស្សាឆ្នាំនេះ។
៣.សមត្ថកិច្ចពាក់ព័ន្ធនៅតាមបណ្តាព្រំដែនជាមួយប្រទេសវៀតណាមត្រូវទប់ស្កាត់ឲ្យបានដាច់ខាតនូវការនាំចូលជ្រូកនៅតាមច្រកនានាក្នុងខេត្ត។
៤. អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវជំរុញការដោះស្រាយទំនាស់នៅតាមមូលដ្ឋានរបស់ខ្លួន
ឲ្យបានទាន់ពេលវេលាស្របតាមសំណូមពរ និងពាក្យបណ្តឹងរបស់បងប្អូនប្រជាពលរដ្ឋ។
៥.អាជ្ញាធរពាក់ព័ន្ធត្រូវមានវិធានការពង្រឹងការគ្រប់គ្រង
និងថែរក្សាការពារដីរដ្ឋឲ្យមានប្រសិទ្ធភាពខ្ពស់។
៦.អាជ្ញាធរស្រុកមានព្រំដែនជាប់ប្រទេសវៀតណាមត្រូវទប់ស្កាត់និងហាមដាច់ខាតកុំឲ្យមានការជួលដីទៅឲ្យប្រជាជនប្រទេសជិតខាង។
៧.ត្រូវទប់ស្កាត់ការសាងសង់សំណង់គ្មានច្បាប់អនុញ្ញាតិ
និងការសង់តូបលក់ដូរនានាដែលរំលោភមកលើដីចំណីផ្លូវ។
៨.អាជ្ញាធរពាក់ព័ន្ធ
និងនៅតាមបណ្តាក្រុង-ស្រុកត្រូវពន្លឿនការជ្រើរើសអោយចំមុខសញ្ញាជាយោធិនពិការ
ចូលនិវត្តន៍... ជាដើម ដើម្បីទៅរស់នៅលើដីនឹងផ្ទះ២០០ខ្នង នៅភូមិជីកដី ស្រុករមាសហែក
ដែលជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា។
៩.មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត
ត្រូវផ្សព្វផ្សាយ និងណែនាំប្រជាពលរដ្ឋឲ្យត្រៀមការងារបង្កបង្កើនផលឲ្យបានទាន់ពេលវេលា
៕ ដោយ:ភក្តី









No comments:
Post a Comment