ឯកឧត្តម ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែមិនា ឆ្នាំ២០២៤ នៅមន្ទីរព័ត៌មានខេត្តស្វាយរៀង
(ស្វាយរៀង): នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែមិនា ឆ្នាំ២០២៤ ឯកឧត្តម ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានអញ្ជើញអធិបតីក្នុង បើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែមិនា ឆ្នាំ២០២៤ នៅមន្ទីរព័ត៌មានខេត្តស្វាយរៀង ពិធីនេះក៏មានការចូលរួមពីលោក ខឹម បូរិន ទីប្រឹក្សាក្រសួងព័ត៌មាន លោក កែវ ច័ន្ទលី ប្រធានមន្ទីរព័ត៌មានខេត្ត និងមន្ត្រីនៃមន្ទីរព័ត៌មានជាច្រើននាក់ទៀត។
ក្នុងឱកាសនោះដែរតំណាងការិយាល័យនីមួយៗចំណុះឲ្យមន្ទីរក៏បានរាយការណ៍ជូនឯកឧត្តមអនុរដ្ឋលេខាធិការ អំពីការងារសម្រេចបានបញ្ហាខ្វះខាត និងសំណូមពរផ្សេងៗតាមជំនាញនីមួយៗ។
លោក កែវ ច័ន្ទលី ប្រធានមន្ទីរព័ត៌មានខេត្ត បានរាយការណ៍ជូនឯកឧត្តម ឡុង សេង អនុរដ្ឋលេខាធិការការក្រសួងព័ត៌មាន ពីការងារសម្រេចបាន និងបញ្ហាប្រឈមផ្សេងៗ រួមនិងសំណូមពរមួយចំនួនដែលមន្ទីរព័ត៌មានម្រេចបាន អោយស្របតាមទិសដៅគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណអាណត្តិទី៧ ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ ហើយលោកក៏បាន លើកឡើងបញ្ជាក់ពីបញ្ហាប្រឈមខ្វះខាតមន្ត្រីរាជការនៅតាមការិយាល័យជំនាញ ពិសេសការិយាល័យទូរទស្សន៍ និងការិយាល័យវិទ្យុ ដោយមានការខ្វះខាតសម្ភារៈប្រើប្រាស់មួយចំនួនសម្រាប់ប្រើប្រាស់។
មានប្រសាសន៍សំណេះសំណាលឯកឧត្តម ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើការកោតសរសើរដល់ថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការតាមការិយាល័យជំនាញទាំងអស់ ដែលបានខិតខំចុះយកព័ត៌មានជាប្រចាំនិងផលិតព័ត៌មានទៅផ្សព្វផ្សាយជូនថ្នាក់ដឹកនាំ និងនាំយកព័ត៌មាននៅតាមមូលដ្ឋាន ទៅផ្សព្វផ្សាយជូនថ្នាក់ដឹកនាំវិញ។
ឯកឧត្តម ឡុង សេង បានស្នើដល់មន្ត្រីរាជការមន្ទីរព័ត៌មានខេត្ត ត្រូវខិតខំអភិវឌ្ឍន៍ខ្លួនក្នុងវិស័យព័ត៌មានដើម្បីដើរឲ្យទាន់ការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងប្រកបទៅដោយក្រមសីលធម៌វិជ្ជាជីវៈ និងព័ត៌មានដែលផ្សព្វផ្សាយទៅមានគុណភាពតាមកំណែទម្រង់ស៊ីជម្រៅបញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ជាពិសេសឯកឧត្តម ឡុង សេង បានផ្ដាំផ្ញើអោយមន្ទីរព័ត៍មានខេត្តស្វាយរៀង រៀបចំកម្មវិធីជួបជុំអ្នកសារព័ត៌មានក្នុងខេត្ត និងចែកប័ណ្ណសរសើរដល់មន្ត្រីមន្ទីរព័ត៍មានខេត្ត ដោយមានការចូលរួមក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានផងដែរ៕
ដោយ:ភក្ដី






No comments:
Post a Comment