ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ៣៦ គ្រួសារ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង
(ស្វាយរៀង): ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ៣៦ គ្រួសារ ក្នុងស្រុកស្វាយជ្រំ ស្រុកកំពង់រោទិ៍ និងស្រុកចន្ទ្រា បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង
ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសាគ្រោះធម្មជាតិផ្សេងៗឲ្យបានទាន់ពេលវេលា នាព្រឹកថ្ងៃ ចន្ទ ទី ០៦ ខែ ឧសភា ឆ្នាំ ២០២៤ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង លោកជំទាវ ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា បានដឹកនាំក្រុមការងារសាខា អនុសាខា នាំយកអំណោយមនុស្សធម៌ចុះសួរសុខទុក្ខ និងចែកជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០២៤ បណ្តាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋនៅឃុំស្វាយយា ស្រុកស្វាយជ្រំ ចំនួន ៣៤ ខ្នង នៅឃុំថ្មី ស្រុកកំពង់រោទិ៍ ១ ខ្នង ឃុំទួលស្តី ស្រុកចន្ទ្រា ១ ខ្នង សរុបចំនួន ៣៦ ខ្នង (ខូចខាតទាំងស្រុង ៥ ខ្នង មធ្យម ១៣ ខ្នង តិចតួច ១៨ ខ្នង ។ ក្នុងឱកាសនោះលោកជំទាវ ដួង វណ្ណា បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ដែលជានិច្ចកាលសម្ដេច តែងតែគិតគូរពីសុខទុក្ខ និងជម្រុញឲ្យមានការដោះស្រាយបញ្ហានានារបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ។ ហើយសូមសម្តែងនូវការសោកស្តាយចំពោះការខូចខាត ទ្រព្យសម្បត្តិ ផ្ទះសំបែងបង្ករដោយគ្រោះធម្មជាតិដែលមិននឹកស្មានដល់ ទន្ទឹមនេះលោកជំទាវ ក៏ផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និង ក្រុមគ្រួសារ ដោយត្រូវបិទទូរទស្សន៍ ទូរស័ព្ទ រកកន្លែងដែលមានសុវត្ថិភាព នៅពេលមានភ្លៀងធ្លាក់ ដែលងាយនឹងបង្កឲ្យមានគ្រោះថ្នាក់ដោយសាររន្ទះ ឬខ្យល់កន្ត្រាក់ ត្រូវមើលថែទាំកូនចៅឲ្យបានល្អ ជាពិសេសក្មេងតូចៗកុំឲ្យលេងទឹកដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដោយករណីលង់ទឹក ត្រូវថែរក្សាសុខភាព និងមានអនាម័យល្អក្នុងការរស់នៅ ត្រូវត្រៀមឧបករណ៍ឲ្យបានគ្រប់គ្រាន់ក្នុងការបង្ករបង្កើនផលនារដូវវស្សានាឆ្នាំនេះឲ្យបានទាន់ពេលវេលា ។ លោកជំទាវ ក៍បានផ្តាំផ្ញើរដល់អាជ្ជាធរមូលដ្ឋានត្រូវសហការគ្នាក្នុងការជួយរៀបចំផ្ទះសំបែងប្រជាពលរដ្ឋដែលរងគ្រោះឱ្យបានសមរម្យឡើងវិញដើម្បីជាជម្រកសម្រាប់ពួកគាត់ស្នាក់នៅបន្ត៕
ដោយ:ភក្ដី














No comments:
Post a Comment