ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ឆ្នាំ២០២៤-២០២៥ នៅវិទ្យាល័យស្វាយរៀង
(ស្វាយរៀង): នាព្រឹកថ្ងៃ០១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវ យ៉ក់ ស៉ីណាត អភិបាលរងខេត្តស្វាយរៀងតំណាងឯកឧត្តមអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងការបើកបវេសនកាលឆ្នាំសិក្សាថ្មី ឆ្នាំ២០២៤-២០២៥ នៅវិទ្យាល័យស្វាយរៀង ពិធីនេះក៏មានការអញ្ជើញចូលរួមពីកម្លាំងប្រដាប់អាវុធទាំង៣ លោកប្រធាន-អនុប្រធានមន្ទីរនានាជុំវិញខេត្ត លោកអភិបាល-អភិបាលរងក្រុងស្វាយរៀង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូបទៀត។
លោកជំទាវ យ៉ក់ ស៉ីណាត បានមានប្រសាសន៍ថា៖ គុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា" និងការដាក់ចេញនូវវិធានការគន្លឹះ សម្រាប់ដោះស្រាយក្នុងនីតិកាលទី៧នៃរដ្ឋសភា ក្នុងគោលដៅ (លើកកម្ពស់ គុណភាពអប់រំ) ដោយផ្តោតលើការពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា តាមរយៈ ការពង្រឹងកិច្ចការសំខាន់ៗ រួមមាន៖
ទី១. ការពង្រឹងអភិបាលកិច្ចសាលារៀន ។
ទី២. ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាម តម្រូវការ ក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ។
ទី៣. ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំ ស្របតាមពាក្យស្លោក (ភាពជាដៃគូរដ្ឋ និងសហគមន៍ដើម្បីការអប់រំ)។
ទី៤. ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារ នៅតាមសាលា។
លោកជំទាវអភិបាលរងខេត្ត ក៏បានផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្សត្រូវខិតខំសិក្សារៀនសូត្រ ឱ្យទទួលបាននូវចំណេះដឹងពីលោកគ្រូ អ្នកគ្រូ ដើម្បីក្លាយខ្លួនជាធនធានមនុស្សដ៏ល្អប្រកបដោយគុណភាពក្នុងការចូលរួមកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនហើយកុំប្រព្រឹត្តអំពើអបាយមុខផ្សេងៗ កុំលេងល្បែងសុីសងហើយត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ជាពិសេសត្រូវចៀសវាងឱ្យឆ្ងាយពីគ្រឿងញៀនពីព្រោះគ្រឿងបំផ្លាញ់ដល់អនាគត ក្រុមគ្រួសារនិងសង្គមជាតិយើង។
នៅក្នុងកិច្ចបេីកបវេសនកាលថ្មីនេះផងដែរ លោកជំទាវ យ៉ក់ ស៉ីណាត អភិបាលរងខេត្តស្វាយរៀង បានអាននូវសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជួនដល់ក្មួយៗសិស្សានុសិស្សដែលចូលរួមបើកបវេសនកាលនាពេលនោះផងដែរ៕
ដោយ:ភក្ដី



















No comments:
Post a Comment