មន្ទីរព័ត៌មានខេត្តស្វាយរៀង បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ លើកទិសដៅឆ្នាំ២០២៥
(ស្វាយរៀង)៖ នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង បានអញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ពិធីនេះមានការចូលរួមពីលោក កែវ ច័ន្ទលី ប្រធានមន្ទីរព័ត៌មានខេត្ត មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តស្វាយរៀង អ្នកសារព័ត៌មានប្រចាំខេត្តស្វាយរៀងជាច្រើនរូបទៀតផងដែរ។
លោក កែវ ច័ន្ទលី ប្រធានមន្ទីរព័ត៌មានខេត្ត បានថ្លែងថា ការងារផ្សព្វផ្សាយផេកព័ត៌មាន និងសាតទស្សន៍នៃមន្ទីរព័ត៌មានខេត្តបានចុះផ្សាយ និងបង្ហោះព័ត៌មានក្នុងខេត្តបានចំនួន ១៣១៥អត្ថបទ រូបភាព និងព័ត៌មានជាតិចំនួន ៤,៨២២ អត្ថបទ-រូបភាព ជាពិសេសបានបន្តសុពលភាពអាជ្ញាបណ្ណបានចេញលិខិតអនុញ្ញាតឱ្យបន្តបើកអាជីវកម្ម កាសែត ចំនួន ១អាជ្ញាបណ្ណ គេហទំព័រចំនួន៩អាជ្ញាបណ្ណ បានចេញលិខិតអនុញ្ញាតផ្សព្វផ្សាយពាណិជ្ជកម្មតាមស្លាកយីហោ និងប៉ាណូ ចំនួន ១៤៣ទីតាំង។
លោកបានបន្តថា អង្គភាពសារព័ត៌មានក្នុងខេត្តស្វាយរៀង មានកាសែតចំនួន៣អង្គភាព គេហទំព័រចំនួន ២២អង្គភាព ស្ថានីយវិទ្យុផ្សាយផ្ទាល់ចំនួន ៣ស្ថានីយស្ថានីយ វិទ្យុផ្សាយបន្តចំនួន៤ស្ថានីយ ស្ថានីយទូរទស្សន៍ផ្សាយផ្ទាល់ចំនួន ១ស្ថានីយ (បច្ចុប្បន្នផ្សាយតាម Online) ស្ថានីយទូរទស្សន៍ផ្សាយបន្តចំនួន ៥ស្ថានីយ អង្គភាព។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ែន អេង បានលើកឡើងពីសមិទ្ធផលនានា ក្រោមការប្រឹងប្រែងរបស់រដ្ឋបាលខេត្តស្វាយរៀង សម្រេចបានលទ្ធផលផ្លែផ្កាជាច្រើន និងស្នើសុំឱ្យអ្នកសារព័ត៌មាន ជួយផ្សព្វផ្សាយព័ត៌មានដែលពិត ជាពិសេសជួយផ្សព្វផ្សាយ សមិទ្ធផលរបស់ខេត្តស្វាយរៀងឱ្យបានច្រើនចៀសវាងផ្សាយព័ត៌មានមិនពិត ដែលធ្វើឱ្យប៉ះពាល់ដល់មុខមាត់ខេត្ត ក៏ដូចជាប្រទេសជាតិទាំងមូលផងដែរ។
ឯកឧត្តម ម៉ែន អេង បានបញ្ជាក់ថា ព័ត៌មានប្រៀបដូចជាកាំបិតមុខពីរហើយក៏ប្រៀបដូចជាថ្នាំទិព្វ ភ្នែកទិព្វ ត្រចៀកទិព្វ ដែលធ្វើឱ្យមានទាំងវិជ្ជមាន និងអវិជ្ជមាន ពេលណាដែលយើងផ្សព្វផ្សាយទៅត្រូវធ្វើឱ្យមានផលវិជ្ជមានដល់សង្គមជាតិ តែបើយើងផ្សព្វផ្សាយទៅខុស ផ្សព្វផ្សាយមិនមានមូលដ្ឋានគ្រឹះច្បាស់លាស់ វានឹងជះឥទ្ធិពលនិងផ្ដល់ផលអវិជ្ជមានដល់សង្គមជាតិ។
បន្ថែមលើសពីនេះ ឯកឧត្តម ឡុង សេង បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួន៖
១-ត្រូវពង្រឹង គុណភាព ប្រសិទ្ធិភាព គំនិតច្នៃប្រឌិត ការទទួលខុសត្រូវលើការងារ (បង្កើនការសហការ និងចូលកៀកជាមួយថ្នាក់ដឹកនាំខេត្ត ដើម្បីទទួលបានព័ត៌មាន និងការណែនាំបន្ថែម)។
២-ត្រូវរៀបចំផែនការលើការគ្រប់គ្រង ផលិតព័ត៌មាន និងសាធារណៈមតិ។
៣-ត្រូវមានគំនិតផ្តួចផ្តើម និងបណ្តុះស្មារតីទទួលខុសត្រូវ (តាមដានសកម្មភាព និងស្ថានភាពក្នុងខេត្ត ដើម្បីក្តាប់បាននូវសភាពការណ៍ព័ត៌មាន ក៏ដូចជាសាធារណៈមតិ)។
៤-ត្រូវពង្រឹងការផ្សព្វផ្សាយពីសមិទ្ធិផលនានារបស់ខេត្តឱ្យបានជាអតិបរមា (តំបន់ទេសចរណ៍ របស់ខេត្ត, វិស័យកសិកម្ម, សេដ្ឋកិច្ច, សន្តិសុខសណ្តាប់ធ្នាប់, ជំរះក្តី, បង្ក្រាបបទល្មើស, ហេដ្ឋារចនាសម្ព័ន្ធ, សក្តានុពលរបស់ខេត្ត, វិស័យអាទិភាព..) និងត្រូវបង្កើនការសហការជាមួយរដ្ឋបាលខេត្តមន្ទីរ អង្គភាពនានា ជុំវិញខេត្ត ដើម្បីពង្រឹងការងារផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់បងប្អូនប្រជាពលរដ្ឋ។
៥- ក្រុមព័ត៌មាន និងសាធារណៈមតិ ត្រូវវាយតម្លៃព័ត៌មានដែលបានដកស្រង់ តើគួរឆ្លើយតប ចេញសេចក្តីបំភ្លឺ និងផ្តល់មូលវិចារណ៍ទៅលើព័ត៌មាននោះផងដែរ និងមន្ត្រីទាំងអស់ក្នុងអង្គភាពត្រូវចេះសហការគ្នា ដោយចូលទៅធ្វើការ Like, Comment, Shared នូវព័ត៌មានដែលអង្គភាពបានបង្ហោះផ្សព្វផ្សាយនៅលើផេកទាំងអស់របស់ខ្លួន ។
៦- ពង្រឹងឆន្ទ:មន្ត្រីជាមួយទស្សនៈ “ ពង្រីកការគិត រីករាយនឹងការងារមុតស្រួចនឹងភារកិច្ច ទទួលខុសត្រូវ និងមុខការ”។
ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានផ្ដាំផ្ញើដល់មន្ទីរព័ត៌មានខេត្តស្វាយរៀង គួររៀបចំកម្មវិធី សិក្ខាសាលា បើកវគ្គបង្រៀនខ្លីៗ ដល់បងប្អូនអ្នកសារព័ត៌មានឱ្យបានយ៉ាងហោចណាស់ មួយឆ្នាំម្ដង និងដើម្បីឆ្លៀត ឱកាសសំណេះសំណាលជាមួយបងប្អូនអ្នកសារព័ត៌មាន ប្រចាំខេត្តស្វាយរៀង ដើម្បីទទួលយកសំណូមពរផ្សេងៗ របស់បងប្អូនអ្នកសារព័ត៌មានងាយស្រួលក្នុងការដោះស្រាយបញ្ហានៅចំពោះមុខ៕
ដោយ:ភក្ដី



















No comments:
Post a Comment