ពិធីផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ខេត្តស្វាយរៀង
នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីនៅក្នុងពិធីប្រជុំផ្សព្វផ្សាយច្បាប់និងលិខិតបទដ្ឋានគតិយុត្តិក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ខេត្តស្វាយរៀង។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក អ៊ូ សុខឿន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង, លោក កែវ ចន្ទលី ប្រធានមន្ទីរព័ត៌មានខេត្ត, រួមទាំងសិក្ខាកាមដែលបានអញ្ជើញចូលរួមសរុបប្រមាណ ១១៥ នាក់។
ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង មានប្រសាសន៍ថា កម្មករ កម្មការិនីនៅក្នុងខេត្តស្វាយរៀងរបស់យើង គឺមានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយសារតែកត្តាសុខសន្តិភាពការអភិវឌ្ឍន៍ និងបង្កើតថ្មីទៀតនូវរោងចក្រសហគ្រាស ជាពិសេសគឺតំបន់សេដ្ឋកិច្ចពិសេសកំពុងតែដំណើរការយ៉ាងមមារញឹកជាហេតុធ្វើឱ្យបងប្អូនកម្មករ កម្មការិនី របស់យើងធ្វើការងារបានជាប់លាប់ជាប្រចាំថ្ងៃ។
ឯកឧត្តម ម៉ែន អេង បានផ្ដាំផ្ញើទៅបងប្អូនកម្មករកម្មការិនី ត្រូវថែរក្សាសុខភាពឱ្យបានល្អ ពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសគឺកាត់បន្ថយការហូបគ្រឿងកំប៉ុងដែលមានជាតិផ្អែម។
ឯកឧត្តមបានបន្ថែមថា យុវជន បងប្អូនទាំងអស់ត្រូវជៀសវាងឱ្យឆ្ងាយពីគ្រឿងញៀនហើយត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នា នៅពេលធ្វើដំណើរ។
ឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងយ៉ាងទទូចថា សូមឱ្យបងប្អូនទាំងអស់គ្នា ជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយពីអត្ថប្រយោជន៍នៃ ប.ស.ស និងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងចូលរួមប្រើប្រាស់ឱ្យបានគ្រប់ៗគ្នា ព្រោះប.ស.ស បានកាត់បន្ថយការចំណាយរបស់បងប្អូនច្រើនណាស់ក្នុងជីវភាពជាប្រចាំថ្ងៃ។
យោងតាមរបាយការណ៍របស់លោក អ៊ូ សុខឿនប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្វាយរៀងបានបញ្ជាក់ថា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥នេះ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១២ កន្លែងបាននឹងកំពុងដំណើរការចំនួន ១១ កន្លែងដែលមានសហគ្រាសគ្រឹះស្ថានដែលបានចុះបញ្ជីសរុបចំនួន ១០១៤ កន្លែង មានកម្មករនិយោជិតសរុបចំនួន ១៣៤,៧១១ នាក់ ស្រីចំនួន ៧៧,៥៩៩នាក់ ក្នុងនោះមានកម្មករនិយោជិតខ្មែរចំនួន ១៣២,៦៣៣នាក់ ស្រីចំនួន ៥៩,៧០៦នាក់ បរទេសសរុបចំនួន ២,០៧៨នាក់ ស្រី៩៩០នាក់។
អនុវត្តតាមផែនការយុទ្ធសាស្ត្ររបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានដាក់ចេញនូវយុទ្ធសាស្ត្រអទិភាពចំនួន ៥ រួមមាន:
១/. ការអភិវឌ្ឍន៍លក្ខខណ្ឌការងារនិងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ
២/. ការអភិវឌ្ឍន៍ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ
៣/. អភិវឌ្ឍន៍មុខរបរ និងការងារ
៤/. អភិវឌ្ឍរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតក្រោមបទបញ្ញត្តិនៃច្បាប់ស្ដីពីការងារ
៥/. ការពង្រឹងអភិបាលកិច្ចល្អ។















No comments:
Post a Comment