គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀង នឹងបញ្ចប់ការងារសាងសង់នៅចុងឆ្នាំ២០២៥
ឯកឧត្តម ទេព ណារើន អគ្គនាយករដ្ឋាករទឹកស្វាយរៀង បានគូសបញ្ជាក់ឱ្យដឹងថា រដ្ឋាករទឹកស្វាយរៀង មានតំបន់សេវាកម្ម ចំនួន៨១ភូមិ ស្ថិតក្នុង៧សង្កាត់ ក្រុងស្វាយរៀង និង៥ឃុំ ស្រុកស្វាយជ្រំ រួម មាន ១. សង្កាត់ស្វាយរៀង ២.សង្កាត់ព្រៃឆ្លាក់ ៣.សង្កាត់ពោធិ៍តាហោ ៤.សង្កាត់ស្វាយតឿ ៥.សង្កាត់សង្ឃរ ៦.សង្កាត់ ចេក ៧.សង្កាត់គយត្របែក ក្រុងស្វាយរៀង ៨.ឃុំស្វាយជ្រំ ៩.ឃុំតាសួស ១០.ឃុំកំពង់ចំឡង ១១.ឃុំពោធិ៍រាជ១២.ឃុំ បាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។ ក្នុងនោះដែរចំនួនគ្រួសារក្នុងតំបន់សេវាកម្មមាន ២៤,២៥៥គ្រួសារ ស្មើនឹង ១០៤,៦១៨ (ស្ថិតិឆ្នាំ២០២២) ឯកឧត្តម បានលើកឡើងថាប្រភពទឹក គឺបានមកពីទន្លេវ៉ៃគោ និងទឹកអណ្តូង ចំនួន៣ ដែលមាជម្រៅ ២០០ម៉ែត្រ ។
ឯកឧត្តម បានបន្ថែមទៀតថាបច្ចុប្បន្ននេះ រដ្ឋាករទឹកស្វាយរៀង មានសមត្ថភាពផលិតសរុប ១៥,៨០០ម៣/ថ្ងៃ ដោយមានចំនួន ៣រោងចក្រ ក្នុងនោះ
- រោងចក្រចាស់ ៤,៨០០ម៣/ថ្ងៃ (គម្រោងADB ៣២៣២-២០០៤-២០០៦)
- រោងចក្រ ADB ៩,០០០ម៣/ថ្ងៃ (គម្រោងADB ៣២៣២-២០២១-២០២៣)
-ទិញទឹកដុំ ២,០០០ម៣/ថ្ងៃ (ពីក្រុមហ៊ុនលីទ្រី ខែមេសា ឆ្នាំ២០២០)
នៅចុងឆ្នាំ២០២៥ គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀង នឹងបញ្ចប់ការងារសាងសង់ ហើយតាមរយៈសមិទ្ធផលនៃគម្រោងនេះ រដ្ឋាករទឹកស្វាយរៀង និងមានសមត្ថភាពផលិត ទឹកស្អាតសរុប ២២.៦០០ម៣/ថ្ងៃ និងតបណ្តាញចែកចាយទឹកស្អាតសរុបប្រវែង ២៣៨,៣៦៧គ.ម ដែលនឹងអាច មានលទ្ធភាពផ្គត់ផ្គង់ទឹកស្អាតដែលមានគុណភាព សុវត្តិភាព និងនិរន្តភាព ជូនប្រជាពលរដ្ឋនៅក្រុងស្វាយរៀង និង ស្រុកស្វាយជ្រុំ សរុបប្រមាណ ១១៧.៥៣០នាក់ ព្រមទាំងរួមចំណែកធ្វើឱ្យរដ្ឋាករទឹកស្វាយរៀងអាចឈានសម្រេច បាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានកំណត់ថា “ត្រឹមឆ្នាំ២០៣០ សម្រេចនូវការទទួលបានសាកលកម្ម និងសមធម៌នូវទឹកបរិភោគដែលមានសុវត្ថិភាព និងថ្លៃសមរម្យសម្រាប់ប្រជាជនទាំងអស់”។
No comments:
Post a Comment