វេទិកាប្រជុំផ្សព្វផ្សាយ ស្តីពី ឱកាសការងារ អត្ថប្រយោជន៍ ប.ស.ស និងការសិក្សាជំនាញខ្លី នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង នៅស្រុករមាសហែក
(ស្វាយរៀង): នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាស្រុករមាសហែក បានរៀបចំវេទិកាប្រជុំផ្សព្វផ្សាយ ស្តីពីឱកាសការងារ អត្ថប្រយោជន៍ ប.ស.ស និងការសិក្សាជំនាញខ្លី នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ដល់បងប្អូនប្រជាពលរដ្ឋ ដែរបានមកពីប្រទេសថៃ ក្រោមអធិបតីភាព លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត។
នៅក្នុងពិធីនេះក៏មាន ការអញ្ជើញចូលរួមពី លោកអភិបាលរងស្រុករមាសហែក លោកប្រធានវិទ្យាស្ថាន លោកប្រធានស្តីទីមន្ទីរព័ត៌មានខេត្ត លោកប្រធានសាខា ប.ស.ស ខេត្ត លោកប្រធានមជ្ឈមណ្ឌលការងារខេត្ត លោក-លោកស្រីមេឃុំ និងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណ ៦០នាក់។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះលោក ម៉ែន អេង អភិបាលរងខេត្ត ក្នុងនាមឯកឧត្តមអភិបាលខេត្ត បានលើកឡើងថាជានិច្ចកាលរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី នាយករដ្ឋមន្ត្រីបន្តវេន តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានដោយមិនប្រកាន់និន្នាការនយោបាយឡើយ។ លោកអភិបាលរង ក៏បានគូសបញ្ជាក់ពីគោលបំណងនៃវេទិកាប្រជុំផ្សព្វផ្សាយនេះ គឺផ្តល់ឱកាសការងារ និងជួយស្វែងរកការងារ ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុក និងបងប្អូនដែលទើបវិលត្រលប់មកពីប្រទេសថៃ និងផ្សព្វផ្សាយឱ្យបានយល់ដឹងបន្ថែមទៀតពីអត្ថប្រយោជន៍របស់បេឡាជាតិសន្តិសុខសង្គម (បសស) និងឱកាសសិក្សាជំនាញខ្លី នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ។
ចំណែកលោក មុត ចិន្តា នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង បានឱ្យដឹងថា វិទ្យាស្ថានបានបណ្តុះបណ្តាលមុខជំនាញចាប់ពីកម្រិតវិញ្ញាបនបត្រ រហូតដល់កម្រិតបរិញ្ញាបត្របច្ចេកវិទ្យា ក្នុងនោះមានជំនាញវិស្វកម្មអគ្គិសនី វិទ្យាសាស្រ្តកុំព្យូទ័រ វិស្វកម្មមេកានិកឧស្សាហកម្ម វិស្វកម្មមេកាត្រូនិក វិស្វកម្មអេឡិចត្រូនិក វិស្វកម្មមេកានិករថយន្ត វិស្វកម្មសំណង់ស៊ីវិល គណនេយ្យ អក្សរសាស្ត្រអង់គ្លេស និងមានជំនាញ ជាច្រើនទៀតដែលទាក់ទងនឹងបច្ចេកទេស និងបច្ចេកវិទ្យា។ លោកនាយក បានបន្តទៀតថា ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យនៅពេលមកសិក្សានៅវិទ្យាស្ថាន គឺទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀលក្នុងមួយខែ រហូតដល់ចប់វគ្គសិក្សា ទន្ទឹមនឹងនេះដែរវិទ្យាស្ថានក៏មានកន្លែងសម្រាប់ស្នាក់នៅដល់បងប្អូនផងដែរ។
ដោយឡែកលោកប្រធានមជ្ឈមណ្ឌលការងារខេត្តស្វាយរៀង បានលើកឡើងពីតម្រូវការងារនៅក្នុងខេត្តស្វាយរៀង ដែលរោងចក្រសហគ្រាសកំពុងខ្វះកម្លាំងពលកម្មប្រមាណ ជាង៤ម៉ឺនកន្លែង នៅតាមបំបន់សេដ្ឋកិច្ចពិសេសទូទាំងខេត្តស្វាយរៀង ក្នុងនោះដែក្រុមហ៊ុន សាន់ហ្វេង (ផលិតវាំងនន នាំទៅប្រទេសក្រៅ) ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ក្រុងបាវិត មានតម្រូវការកម្មករបន្ទាន់ ២០០០នាក់ និងលក្ខខណ្ឌផ្សេងៗក្នុងការចុះឈ្មោះរកការងារធ្វើ និងបានសម្របសម្រួលចុះឈ្មោះនៅនឹងកន្លែងជូនបងប្អូនប្រជាពលរដ្ឋផងដែរ។
ទន្ទឹមនឹងនេះដែរ លោក ធួង សំណាង ប្រធានសាខា ប.ស.ស. ខេត្តស្វាយរៀង បានលើកឡើងពីអត្ថប្រយោជន៍ ប.ស.ស. សម្រាប់កម្មករ និយោជិត ដែលកំពុងបម្រើការងារតាមបណ្តារោងចក្រ សហគ្រាស អាជីវកម្ម នានា ជូនដល់បងប្អូនដែលបានចូលរួមក្នុងពិធីនេះឱ្យបានយល់កាន់តែច្បាស់បន្ថែមទៀតថា នៅប្រទេសកម្ពុជាយើង ប.ស.ស. បាននិងកំពុងអនុវត្តនូវរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ(គ្រោះថ្នាក់ការងារ) ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន និងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍(អ្នករកចំណូលខ្លូនឯង) និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. (សហព័ទ្ធ និងកូន)។ គឺពេលដែលសមាជិក ប.ស.ស. ជួបគ្រោះថ្នាក់ការងារ ឬគ្រោះថ្នាក់ជាយថាហេតុណាមួយ ឬជំងឺផ្ទាល់ខ្លួន អាចទៅទទួលសេវាសង្គ្រោះ ថែទាំនិងព្យាបាល នៅមន្ទីរពេទ្យដៃគូ ប.ស.ស. ដោយមិនត្រូវចំណាយថវិកាផ្ទាល់ខ្លួន និងនៅពេលដែលបងប្អូនធ្វើការដល់អាយុចូលនិវត្តន៍(អាយុ៦០ឆ្នាំ) នឹងទទួលបាននូវអត្ថប្រយោជន៍ប្រាក់សោធន(ប្រាក់រ៉ឺត្រែត)។ បន្ថែមលើនេះទៀត ប.ស.ស. បាននិងកំពុងអនុវត្តកម្មវិធីបើកផ្តល់ប្រាក់ឧបត្ថម្ភរាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ផងដែរ។
លោកអភិបាលរងបានបន្ថែមទៀតថា បងប្អូនមានជម្រើសពីរគឺ
១-សូមបងប្អូនចូលរៀនសិន (ប្រើរយៈពេលខ្លី ដើម្បីមានឱកាសក្លាយជាកម្មករជំនាញ ទទួលបានប្រាក់ខែច្រើន) ហើយនៅពេលបញ្ចប់ការសិក្សាវិទ្យាស្ថាននឹងរកការងារជូនបងប្អូនថែមទៀតផង លោកបានបន្តទៀតថា ជាង១ទស្សវត្សមកនេះ ប្រទេសកម្ពុជាយើងមានការអភិវឌ្ឍខ្លាំងណាស់ក្រោមការដឹកនាំរបស់ សម្តេចតេជោ និងសម្តេចធិបតី នាថ្ងៃខាងមុខអាចនឹងមានវិស័យឧស្សាហកម្មធន់ធ្ងន់ មកវិនិយោគ ដូចនេះការសិក្សានាពេលនេះគឺជាឱកាសសម្រាប់ការងារទៅថ្ងៃខាងមុខ
២-បើបងប្អូនមិនទាន់ចង់រៀនទេ គឺអាចចុះឈ្មោះនៅពេលនេះដើម្បីក្រុមការងារសម្របសម្រួលសម្ភាសន៍ និងរកការងារធ្វើជូនភ្លាមផងដែរ៕
ដោយ:ភក្ដី





















No comments:
Post a Comment