ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង
នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជេីញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ថិតនៅសាលប្រជុំអាគារ"ឃ"សាលាខេត្ត។
ពិធីនេះមានការអញ្ជេីញចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយករង អនុប្រធានក្រុមប្រឹក្សា នីតិកម្ម អគ្គស្នងការរង អគ្គលេខាធិការរង និងគណៈប្រតិភូក្រសួងមហាផ្ទៃ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រី ប្រធានមន្ទីរ-អង្គភាព ប្រធាន ក្រុមប្រឹក្សា អភិបាលក្រុង ស្រុក មន្ត្រីរាជការ កងកម្លាំង លោក លោកស្រីមេឃុំ ចៅ- សង្កាត់ និងមន្ត្រីពាក់ព័ន្ធជាច្រេីនរូបទៀត។
ក្នុងនាមក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ឯកឧត្តមអភិបាលបាលបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់ឯកឧត្តមរដ្ឋលេខាធិការ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ផ្តល់កិត្តិយស អញ្ជើញជាអធិបតីនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាល ខេត្តស្វាយរៀង និងថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ហែម ពិសិដ្ឋ ដែលត្រូវបានផ្ទេរភារកិច្ច កាលពីពេលថ្មីៗនេះ ក្នុងអាណត្តិការងារជាអភិបាលរងខេត្តស្វាយរៀងកន្លងមក បានខិតខំយក ចិត្តទុកដាក់បំពេញការងារយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវ ស្របតាមការបែងចែក តួនាទីភារកិច្ច របៀបរបបធ្វើការងារក្នុងជួរគណៈអភិបាលខេត្ត និងតាមការប្រគល់ភារកិច្ចពី ថ្នាក់ដឹកនាំខេត្ត ចូលរួមចំណែកធ្វើឲ្យរដ្ឋបាលខេត្តសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ ទាំង ក្នុងកិច្ចការអភិវឌ្ឍន៍ ការកៀរគរការវិនិយោគ និងការដោះស្រាយបញ្ហាប្រឈមនានារបស់ ប្រជាពលរដ្ឋនៅមូលដ្ឋាន ។
ឯកឧត្តមបានថ្លែងនូវការអបអរសាទរ និងមានសេចក្តីសង្ឃឹម ជឿជាក់យ៉ាងមុតមាំថា លោកអភិបាលរងខេត្តថ្មី ដែលត្រូវប្រកាសចូលកាន់មុខតំណែងនៅថ្ងៃ នេះ នឹងអនុវត្តតួនាទីភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនប្រកបដោយការសហការ សាមគ្គីភាព និងឯកភាពផ្ទៃក្នុង និងចូលរួមចំណែកធ្វើឲ្យការអនុវត្តការងារក្នុងជួរគណៈអភិបាលខេត្ត កាន់ តែមានប្រសិទ្ធភាព ដើម្បីជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ជាពិសេស ការលើកកម្ពស់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍខេត្ត ឲ្យកាន់តែមាន ការរីកចម្រើនប្រកបដោយបរិយាប័ន្ន និងសមធម៌សង្គម ឆ្លើយតបទៅនឹងសេចក្តីត្រូវការ និង សំណូមពរជាក់ស្តែងពិតប្រាកដរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ។
សូមជម្រាបជូនថា យោងអនុក្រឹត្យលេខ ៦០៩ អនក្រ.ត.ត ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ស្តីពីការផ្ទេរភារកិច្ចមន្ត្រីរាជការត្រូវបានផ្ទេរភារកិច្ចលោក ឌុច គន្ធា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ ពីអភិបាលរងនៃគណៈអភិបាល ខេត្តព្រៃវែង ឱ្យទៅកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង។
No comments:
Post a Comment