ខេត្តស្វាយរៀងធ្វើយុទ្ធនាការផ្សព្វផ្សាយប្រយុទ្ធប្រឆាំង ព័ត៌មានក្លែងក្លាយនៅស្រុករមាសហែក
ដើម្បីឲ្យមហាជនយល់ច្បាស់និងរួមចំណែកប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយមន្ត្រីមន្ទីរព័ត៌មានខេត្តស្វាយរៀងសហការជាមួយរដ្ឋបាលស្រុករមាសហែក កាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៥ កន្លងទៅថ្មីៗនេះបានរៀបចំធ្វើយុទ្ធនាការប្រឆាំងព័ត៌មានក្រែងក្លាយក្រោមប្រធានបទ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ដោយមានការចូលរួមពីមន្ត្រីរាជការសាលាស្រុក ក្រុមប្រឹក្សាឃុំ កងកម្លាំងប្រដាប់អាវុធទាំង ៣ យុវជន ស ស យ ក និងយុវជនកាកបាទក្រហមស្រុករមាសហែកយ៉ាងច្រើនផងដែរ។
លោក ដាំ ឃុនពិសី ប្រធានស្ដីទីមន្ទីរព័ត៌មានខេត្តស្វាយរៀងបានបញ្ជាក់ថាយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយក្រោមប្រធានបទ និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ចាប់ផ្ដើម បើកជាផ្លូវការនៅថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនេត្រ ភត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ត្រីរាជការ អ្នកនាំពាក្យ និងមន្ត្រីទទួលបន្ទុកព័ត៌មាន រាជធានីខេត្តទាំង ២៥ យុវជនបណ្ដាញសង្គមប្រមាណជាងមួយពាន់នាក់។
ហើយការធ្វើយុទ្ធនាការ នេះក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីគ្រោះថ្នាក់និងផលវិបាកនៃព័ត៌មានក្លែងក្លាយ និង បញ្ជ្រាបការយល់ដឹងដល់ពលរដ្ឋក្នុងសហគមន៍មូលដ្ឋាននិងពង្រឹង អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដែលជាកត្តាសំខាន់មួយដើម្បីផ្លាស់ប្ដូរឥរិយាបថរបស់ពលរដ្ឋដែលជាអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងទប់ស្កាត់ការសាយភាយ នូវព័ត៌មានក្លែងក្លាយ។
លោកប្រធានមន្ទីរស្ដីទីបានបញ្ជាក់ថាគ្រប់ប្រភេទព័ត៌មានក្លែងក្លាយសុទ្ធតែមានឥទ្ធិពលអវិជ្ជមានមកលើផ្នែកសន្តិសុខសណ្តាប់ធ្នាប់សង្គម សេដ្ឋកិច្ច និងនយោបាយ។ ពោលគឺព័ត៌មានក្លែងក្លាយអាចបង្កើតអថិរភាពបង្កើតអំពើហិង្សាដែលបណ្ដាលឲ្យកើតមានអរិភាពសង្គមប្រជាជនបាត់ទំនុកចិត្តលើការដឹកនាំ និងនាំឲ្យមានការបែកបាក់សាមគ្គីក្នុងសង្គមជាតិ។
លោក ស្វាយ សុភាព អភិបាលរងស្រុករមាសហែកក្នុងនាមមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋស្រុករមាសហែក ប្ដេជ្ញាចូលរួមបំផុសការស្មារតីពីផលអវិជ្ជមានចំពោះព័ត៌មានក្លែងក្លាយនេះឲ្យបានទូលំទូលាយ ដោយលោកបញ្ជាក់ថាការផលិតព័ត៌មានប្លែកៗព័ត៌មានក្លែងបន្លំ ព័ត៌មានបំភ្លៃ សុទ្ធតែបំផ្លាញខ្លួនឯងនិងបំផ្លាញសង្គមដូច្នេះយើងត្រូវ
- រួមគ្នាផ្សាយព័ត៌មានពិតដើម្បីកំចាត់ព័ត៌មានក្លែងក្លាយ។
- យើងរួមគ្នាបំបាត់ព័ត៌មានក្លែងក្លាយ។
- និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ។ វណ្ណៈ
























No comments:
Post a Comment