សិក្ខាសាលាផ្សព្វផ្សាយស្តីពី "ការយល់ដឹងអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ស្តីពីពន្ធដារថ្មីៗ" នៅខេត្តស្វាយរៀង - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Friday, December 12, 2025

សិក្ខាសាលាផ្សព្វផ្សាយស្តីពី "ការយល់ដឹងអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ស្តីពីពន្ធដារថ្មីៗ" នៅខេត្តស្វាយរៀង

 សិក្ខាសាលាផ្សព្វផ្សាយស្តីពី "ការយល់ដឹងអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ស្តីពីពន្ធដារថ្មីៗ" នៅខេត្តស្វាយរៀង


(ខេត្តស្វាយរៀង): នៅព្រឹកថ្ងៃសុក្រ ទី១២ ខែធ្នូ ឆ្នាំ២០២៥ អគ្គនាយកដ្ឋានពន្ធដារ សហការជាមួយរដ្ឋបាលខេត្តស្វាយរៀង បានរៀបចំសិក្ខាសាលាដ៏សំខាន់មួយស្តីពី "ការយល់ដឹងអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ស្តីពីពន្ធដារថ្មីៗ" ដើម្បីផ្សព្វផ្សាយ និងពង្រឹងការយល់ដឹងផ្នែកពន្ធដារជូនដល់អ្នកជាប់ពន្ធនៅក្នុងខេត្ត។  សិក្ខាសាលានេះត្រូវបានប្រព្រឹត្តទៅនៅសាលប្រជុំ សណ្ឋាគារវ៉ៃគោ ក្រុងស្វាយរៀង ក្រោមអធិបតីភាព លោក សុខ រស់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលខេត្ត និងលោក សុខ ឆៀង អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានពន្ធដារ។


លោក សុខ រស់ អភិបាលរងខេត្ត បានមានប្រសាសន៍ថា សិក្ខាសាលានេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលខេត្ត អាជ្ញាធរពាក់ព័ន្ធ និងវិស័យឯកជន ព្រមទាំងធានាថាអ្នកជាប់ពន្ធទាំងអស់មានការយល់ដឹងច្បាស់លាស់អំពីកាតព្វកិច្ចពន្ធដារថ្មីៗ ដើម្បីធានានូវការអនុវត្តប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។  ហើយសិក្ខាសាលាគឺដើម្បីផ្សព្វផ្សាយ និងពង្រឹងការយល់ដឹងរបស់សាធារណជន ជាពិសេសអ្នកជាប់ពន្ធ អាជីវករ និងមន្ត្រីពាក់ព័ន្ធ អំពីបច្ចុប្បន្នភាពនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពន្ធដារថ្មីៗ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ធានាបាននូវការអនុវត្តកាតព្វកិច្ចពន្ធដារឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។


លោក សុខ ឆៀង អនុប្រធាននាយកដ្ឋាន បានលើកឡើងថា គោលបំណងសំខាន់នៃសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយឱ្យអ្នកចូលរួមទាំងអស់បានយល់ដឹងកាន់តែច្បាស់អំពីការអនុវត្តថ្មីៗ និងបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងពន្ធដារ។

ចំពោះខ្លឹមសារសំខាន់ៗដែលត្រូវបានលើកយកមកបង្ហាញ និងពិភាក្សាក្នុងសិក្ខាសាលារួមមាន៖

១.ពន្ធលើប្រាក់ចំណូល និងពន្ធលើប្រាក់បៀវត្ស

២.ពន្ធលើតម្លៃបន្ថែម

៣.ពន្ធប្រថាប់ត្រាសម្រាប់ការកាត់កម្មសិទ្ធិ

៤.បទប្បញ្ញត្តិស្តីពីការបង់ពន្ធតាមប្រព័ន្ធអេឡិចត្រូនិក និងសេវាលើបច្ចេកវិទ្យា

៥.ពន្ធលើឈ្នួលផ្ទះ និងដី

៦.ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានយន្ត

៧.ប្រភេទពន្ធសំខាន់ៗផ្សេងទៀត ដែលអ្នកជាប់ពន្ធអាចមានកាតព្វកិច្ចបង់។


សិក្ខាសាលានេះត្រូវបានបញ្ចប់ដោយជោគជ័យ តាមរយៈការផ្លាស់ប្តូរទស្សនៈ និងការផ្តល់ជូននូវចំណេះដឹងយ៉ាងទូលំទូលាយ ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វប្បធម៌បង់ពន្ធ និងអនុលោមភាពពន្ធដារនៅទូទាំងខេត្តស្វាយរៀង៕

ដោយ:ភក្ដី


































No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages