ឯកឧត្តមអភិបាលខេត្តស្វាយរៀង អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសណ្ឋាគារ វេននេសធៀន នៅក្រុងបាវិត
(ស្វាយរៀង)៖ នៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធី ដាក់សម្ពោធជាផ្លូវការនូវសណ្ឋាគារ វេននេសធៀន (VENNESTIAN Hotel)។ សណ្ឋាគារថ្មីនេះ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ដែលនឹងចូលរួមចំណែកលើកកម្ពស់វិស័យសេវាកម្ម និងទេសចរណ៍នៅក្នុងតំបន់។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានវាយតម្លៃខ្ពស់ចំពោះការវិនិយោគសាងសង់សណ្ឋាគារ វេននេសធៀន ដែលជាសក្ខីភាពបង្ហាញពីកំណើនសេដ្ឋកិច្ច និងភាពទាក់ទាញនៃការវិនិយោគនៅខេត្តស្វាយរៀង ជាពិសេសនៅក្រុងបាវិត ដែលជាតំបន់ព្រំដែន ដែលជាបង្គោលសេដ្ឋកិច្ចដ៏សំខាន់របស់ខេត្តស្វាយរៀង។
ឯកឧត្តមក៏បានលើកទឹកចិត្តដល់ម្ចាស់សណ្ឋាគារឱ្យបន្តរក្សាគុណភាព សេវាកម្មល្អប្រសើរ ដើម្បីបំពេញតម្រូវការភ្ញៀវជាតិ និងអន្តរជាតិ។ ហើយសណ្ឋាគារ វេននេសធៀន នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ជម្រើសកន្លែងស្នាក់នៅប្រកបដោយផាសុកភាព ក៏ដូចជាការបង្កើតឱកាសការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។
ពិធីនេះដែរមានការអញ្ជើញចូលរួមមានលោក លឹម សៀងហេង អភិបាលក្រុងបាវិត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកនាយកទីចាត់ការសាលាខេត្ត លោកអភិបាលរងក្រុងបាវិត លោកអធិការក្រុង និងលោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត៕
ដោយ:ភក្ដី









No comments:
Post a Comment