ថ្នាក់ដឹកនាំខេត្តស្វាយរៀង ចូលរួមគោរពវិញ្ញាណក្ខន្ធសពវីរកងទ័ពលោកព្រិន្ទបាលឯក រ័ត្ន វណ្ណៈ ដែលបានពលីក្នុងពេលបំពេញបេសកកម្មការពារទឹកដីនៅសមរភូមិមុខ
(ស្វាយរៀង): នាព្រឹកថ្ងៃសុក្រ ទី៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បាននាំដឹកនាំប្រតិភូខេត្ត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ លោកព្រិន្ទបាលឯក រ័ត្ន វណ្ណៈ ដែលមានតួនាទី ជានាយក្រុម២ អនុសេនាធំលេខ២ កាំភ្លើងដេកាហ្សិត ៨២ វរសេនាតូចអន្តរាគមន៍លេខ២៦១ កងពលតូចអន្តរាគមន៍លេខ៦ បានពលីជីវិតកាលពីថ្ងៃពុធ ទី៣ ខែធ្នូ ឆ្នាំ ២០២៥ វេលាម៉ោង ០៩:៣០នាទីព្រឹក ក្នុងជន្មាយុ ៤៤ឆ្នាំ ដោយរោគាពាធ បច្ចុប្បន្នសពបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋានក្នុងភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
សូមជម្រាបជូនថា ក្នុងពិធីគោរពវិញ្ញាណក្ខន្ធសព លោកព្រិន្ទបាលឯក រ័ត្ន វណ្ណៈ នៅព្រឹកនេះ ក៏មានវត្តមានអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការទ័ពជើងគោក ព្រមទាំងប្រត្តិភូក្រសួងការពារជាតិ លោកជំទាវតំណាងរាស្រ្តមណ្ឌលស្វាយរៀង ថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ថ្នាក់ដឹកនាំរដ្ឋបាលស្រុកស្វាយជ្រំ ព្រមទាំងផែនកងកម្លាំងទាំង៣ក្នុងខេត្តជាច្រើនរូបទៀតផងដែរ។
ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ថ្នាក់នាំ និងប្រតិភូទាំងអស់បានចូលរួមរំលែកទុក្ខជាមួយលោកស្រី រស់ សុផាន់នី ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួង ដល់តេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធរបស់ លោកព្រិន្ទបាលឯក រ័ត្ន វណ្ណៈ បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ:ភក្ដី






















No comments:
Post a Comment