អាជ្ញាធរខេត្តស្វាយរៀង អនុវត្តវិធានការយ៉ាងសកម្ម ក្នុងការសម្របសម្រួលវិវាទសំណង់នៅក្រុងបាវិត ក្រោយអ្នកម៉ៅការត្រូវឃាត់ខ្លួន - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Wednesday, February 18, 2026

អាជ្ញាធរខេត្តស្វាយរៀង អនុវត្តវិធានការយ៉ាងសកម្ម ក្នុងការសម្របសម្រួលវិវាទសំណង់នៅក្រុងបាវិត ក្រោយអ្នកម៉ៅការត្រូវឃាត់ខ្លួន

 

អាជ្ញាធរខេត្តស្វាយរៀង អនុវត្តវិធានការយ៉ាងសកម្ម ក្នុងការសម្របសម្រួលវិវាទសំណង់នៅក្រុងបាវិត ក្រោយអ្នកម៉ៅការត្រូវឃាត់ខ្លួន


ក្រុមការងារចម្រុះដឹកនាំដោយ លោក ម៉ែន អេង អភិបាលរង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានចុះអន្តរាគមន៍ដោះស្រាយបញ្ហាប្រឈមរបស់បងប្អូនកម្មករសំណង់ភ្លាមៗ ក្រោយពីមានករណីអ្នកម៉ៅការត្រូវបានឃាត់ខ្លួន ដែលបង្កឱ្យមានការយឺតយ៉ាវក្នុងការទូទាត់កម្រៃពលកម្ម និងការផ្គត់ផ្គង់ស្បៀងអាហារ នៅក្នុងការដ្ឋានសំណង់សាងសង់អគារ ហ័រ ឆឹង ដែលសាងសង់ដោយក្រុមហ៊ុនវិស្វកម្មសំណង់ SHUANG ZHOU ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។


ក្រោយពីទទួលបានព័ត៌មានអំពីការជាប់គាំងនៃលំហូរការងារ និងការខ្វះខាតស្បៀងរបស់កម្មករ ដោយសារអ្នកម៉ៅការត្រូវបានឃាត់ខ្លួនដោយសមត្ថកិច្ច (ពាក់ព័ន្ធនឹងករណីផ្សេងៗ) លោកអភិបាលរងខេត្ត រួមជាមួយ លោកអភិបាលក្រុងបាវិត និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ទីរព័ត៌មានខេត្ត បានចុះផ្ទាល់ដើម្បី៖លើកទឹកចិត្តឱ្យបងប្អូនកម្មករមានការអត់ធ្មត់ និងរក្សាភាពស្ងប់ស្ងាត់ ដើម្បីទុកលទ្ធភាពឱ្យអាជ្ញាធរដោះស្រាយតាមនីតិវិធី ជាមួយគ្នានេះដែរអាជ្ញាធរបាននាំយកស្បៀងអាហារ និងសម្ភារៈចាំបាច់មួយចំនួន ចែកជូនដល់បងប្អូនកម្មករ ដើម្បីសម្រាលទុក្ខលំបាកមួយគ្រាក្នុងខណៈពេលដែលបញ្ហាកំពុងដោះស្រាយ។


ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ និងកុំឱ្យវិវាទនេះក្លាយជាបញ្ហាចលាចល មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត មន្ទីរព័ត៌មានខេត្ត និងអាជ្ញាធរមូលដ្ឋាន បានសហការគ្នា៖ ធ្វើការកត់ត្រា និងរក្សាសម្ភារៈសំណង់ដែលនៅសេសសល់ឱ្យបានគង់វង្ស ដើម្បីជាយន្តការធានា ឬទូទាត់ដល់ភាគីពាក់ព័ន្ធតាមផ្លូវច្បាប់នៅពេលក្រោយ។ បង្កើនការតាមដាន និងគ្រប់គ្រងព័ត៌មានជុំវិញករណីនេះ ដើម្បីបង្ការការបកស្រាយខុសដែលនាំឱ្យមានការតវ៉ាខុសច្បាប់ណាមួយកើតឡើង។


ក្នុងកិច្ចអន្តរាគមន៍នេះ មានការចូលរួមយ៉ាងសកម្មពី មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ដើម្បីពិនិត្យលើទិដ្ឋភាពកិច្ចសន្យាការងារ និងលទ្ធភាពទូទាត់ប្រាក់ឈ្នួល។ អាជ្ញាធរក្រុងបាវិត និងអាជ្ញាធរមូលដ្ឋាន សហការដោះស្រាយបញ្ហាស្នាក់នៅ និងជីវភាពចំពោះមុខរបស់កម្មករ។ ទន្ទឹមនឹងនេះដែរមន្ទីរព័ត៌មានខេត្ត ត្រូវធ្វើការផ្សព្វផ្សាយព័ត៌មានពិតដល់សាធារណជន ដើម្បីបង្ហាញពីតម្លាភាពនៃកិច្ចអន្តរាគមន៍របស់រដ្ឋបាលខេត្តស្វាយរៀង។


ជាចុងបញ្ចប់លោកអភិបាលរងខេត្ត បានបញ្ជាក់ថា ទោះបីជាអ្នកម៉ៅការកំពុងស្ថិតក្នុងនីតិវិធីច្បាប់ក៏ដោយ ប៉ុន្តែផលប្រយោជន៍ និងជីវភាពរបស់បងប្អូនកម្មករ គឺជាអាទិភាពដែលអាជ្ញាធរត្រូវយកចិត្តទុកដាក់បំផុត។ យន្តការ អន្តរសកម្ម តាមរយៈការផ្តល់ស្បៀង និងការអប់រំនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។





















No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages