រដ្ឋបាលក្រុងស្វាយរៀង ចុះរៀបចំសណ្តាប់ធ្នាប់ និងសោភណ្ឌភាពជុំវិញផ្សារវាលយន្ត ដើម្បីលុបបំបាត់ភាពអនាធិបតេយ្យ
ដើម្បីលើកកម្ពស់សោភណ្ឌភាពទីក្រុង និងសម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្វាយរៀង បានចុះអនុវត្តយុទ្ធនាការចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈយ៉ាងសកម្មនៅតំបន់ផ្សារវាលយន្ត។ នាថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ណុប ចំរើន អភិបាលនៃគណៈអភិបាលក្រុងស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង បានដឹកនាំកម្លាំងការងារចម្រុះ ចុះរៀបចំសណ្តាប់ធ្នាប់ និងសោភណ្ឌភាពនៅផ្សារវាលយន្ត ស្ថិតក្នុងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
ក្នុងកិច្ចអន្តរាគមន៍នេះ កម្លាំងសមត្ថកិច្ចបានពិនិត្យ និងរៀបចំតាមដងផ្លូវខាងមុខ និងជុំវិញផ្សារ ដែលកន្លងមកមានការដាក់តាំងលក់ទំនិញរំលោភលើចិញ្ចើមផ្លូវ បង្កឱ្យមានការកកស្ទះ និងបាត់បង់សណ្តាប់ធ្នាប់។
លោកអភិបាលក្រុង បានចុះជួបសំណេះសំណាល និងផ្តល់ការណែនាំផ្ទាល់ដល់ម្ចាស់ទីតាំង ម្ចាស់តូប និងអាជីវករទាំងអស់នូវចំណុចសំខាន់ៗ មួយចំនួនដូចជា មិនអនុញ្ញាតឱ្យមានការដាក់តាំងលក់ទំនិញលើទ្រូងផ្លូវ ឬចិញ្ចើមផ្លូវសាធារណៈឡើយ។ ហាមដាច់ខាតការតតូប សំយាប ឬចាក់សាបរំលោភមកលើដីផ្លូវ ដែលធ្វើឱ្យផ្លូវដង្ហើមសេដ្ឋកិច្ចមួយនេះកាន់តែចង្អៀត។ រាល់សកម្មភាពដែលបង្កឱ្យមានភាពរញ៉េរញ៉ៃ ប៉ះពាល់ដល់សោភណ្ឌភាពក្រុង និងបង្កការកកស្ទះចរាចរណ៍ ត្រូវតែបញ្ឈប់ជាបន្ទាន់។
លោកអភិបាលក្រុងបានបញ្ជាក់ទៀតថា ការរៀបចំសណ្តាប់ធ្នាប់នេះ មិនមែនធ្វើឡើងដើម្បីរារាំងការរកស៊ីរបស់បងប្អូននោះទេ ប៉ុន្តែគឺដើម្បីប្រយោជន៍រួម គឺភាពស្អាត សុវត្ថិភាព និងផាសុកភាពសម្រាប់អ្នកលក់ និងអ្នកទិញទាំងអស់គ្នា។
ការចុះអនុវត្តវិធានការនេះ ធ្វើឡើងក្នុងគោលបំណងប្រែក្លាយតំបន់ផ្សារវាលយន្ត ឱ្យមានរបៀបរៀបរយល្អប្រសើរ ស្របតាមគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព និងដើម្បីត្រៀមលក្ខណៈទទួលភ្ញៀវទេសចរ ក៏ដូចជាសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងក្រុងស្វាយរៀងទាំងមូល។
រដ្ឋបាលក្រុង ក៏បានអំពាវនាវដល់អាជីវករ និងប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីថែរក្សាបរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈឱ្យបានខ្ជាប់ខ្ជួន ចាប់ពីថ្ងៃនេះតទៅ។



















No comments:
Post a Comment