ឯកឧត្តម ឡុង សេង ជំរុញឱ្យមន្ទីរព័ត៌មានខេត្តស្វាយរៀង ពង្រឹងសមត្ថភាពឌីជីថល និងត្រៀមផ្សព្វផ្សាយព្រឹត្តិការណ៍ «សង្ក្រាន្តស្វាយរៀង» ឱ្យកាន់តែទូលំទូលាយ
នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ មន្ទីរព័ត៌មានខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា ត្រីមាសទី១ និងលើកទិសដៅការងារបន្តខែមេសា ក្រោមអធិបតីភាព ឯកឧត្តម ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអ្នកទទួលបន្ទុកមន្ទីរព័ត៌មានខេត្តស្វាយរៀង។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី លោក ហ៊ុន យុទ្ធគុណ អគ្គនាយករងនៃទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) លោក ដាំ ឃុនពិសី ប្រធានមន្ទីរស្តីទីនៃមន្ទីរព័ត៌មានខេត្តស្វាយរៀង ព្រមទាំងលោក លោកស្រី ប្រធានអនុប្រធានការិយាល័យ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាទាំង៥ការិយាល័យចំណុះឱ្យមន្ទីរព័ត៌មានខេត្ត ។
បន្ទាប់ពីស្តាប់របាយការណ៍បូកសរុប និងមតិស្វាគមន៍របស់ លោក ដាំ ឃុនពិសី ប្រធានមន្ទីរស្តីទី និងលោក លោកស្រីប្រធានការិយាល័យទាំង៥រួចមក ឯកឧត្តម ឡុង សេង បានផ្តល់ការកោតសរសើរយ៉ាងខ្លាំងចំពោះវឌ្ឍនភាពការងាររបស់មន្ទីរ ដែលបានដើរតួនាទីយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានពិតពីសកម្មភាពអភិវឌ្ឍន៍ក្នុងខេត្ត និងការងារចុះអប់រំទប់ស្កាត់ព័ត៌មានក្លែងក្លាយតាមបណ្តារោងចក្រ និងគ្រឹះស្ថានសិក្សានានាបានយ៉ាងល្អប្រសើរ។
ដើម្បីពង្រឹងប្រសិទ្ធភាពការងារឱ្យកាន់តែរឹងមាំថែមទៀត ឯកឧត្តមបានដាក់ចេញនូវអនុសាសន៍ណែនាំសំខាន់ៗ រួមមាន៖
-ត្រូវរៀបចំផែនការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ទាំងការផលិតវីដេអូទាក់ទាញទេសចរ និងការត្រៀមបច្ចេកទេសផ្សាយផ្ទាល់ ដើម្បីបង្ហាញពីភាពសប្បាយរីករាយ និងសន្តិសុខសណ្តាប់ធ្នាប់ក្នុងខេត្ត ជូនដល់សាធារណជនជាតិ និងអន្តរជាតិ។
-ត្រូវបន្តប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ "ព័ត៌មានពិត លឿន និងមានតុល្យភាព"។ មន្ត្រីព័ត៌មានត្រូវមានភាពរហ័សរហួនក្នុងការក្តាប់ព័ត៌មានមូលដ្ឋាន និងឆ្លើយតបទៅនឹងព័ត៌មានក្លែងក្លាយឱ្យបានទាន់ពេលវេលា។
-ជំរុញការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការផលិតមាតិកា ដើម្បីឱ្យព័ត៌មានរដ្ឋបាលកាន់តែមានភាពទាក់ទាញ និងងាយយល់ដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។
ជាកិច្ចបញ្ចប់ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានក្រើនរំលឹកដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ ត្រូវបន្តរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ រក្សាវិន័យការងារ និងត្រូវត្រៀមលក្ខណៈបម្រើសេវាព័ត៌មានជូនបងប្អូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះផងដែរ។



















No comments:
Post a Comment