ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំសង្ក្រាន្តស្វាយរៀង ឆ្នាំ២០២៦
(ខេត្តស្វាយរៀង)៖ នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់មួយ ដើម្បីពិភាក្សាលើការបង្កើតគណៈកម្មការ និងអនុគណៈកម្មការ រៀបចំកម្មវិធី «សង្ក្រាន្តស្វាយរៀង» សម្រាប់អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខ។
ក្នុងឱកាសនៃកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ណែនាំ និងជម្រុញដល់សមាជិកគណៈកម្មការ និងអនុគណៈកម្មការទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើភារកិច្ចរៀងៗខ្លួន ដើម្បីធានាឱ្យការរៀបចំកម្មវិធីសង្ក្រាន្តឆ្នាំនេះ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យត្រចះត្រចង់។
ឯកឧត្តមបានសង្កត់ធ្ងន់លើចំណុចគន្លឹះសំខាន់ៗចំនួន ៣៖
១.សុវត្ថិភាព និងសណ្ដាប់ធ្នាប់៖ ត្រូវពង្រឹងសន្តិសុខឱ្យបានម៉ឺងម៉ាត់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្ត។
២.ភាពសប្បាយរីករាយ៖ រៀបចំឱ្យមានកម្មវិធីកម្សាន្តប្លែកៗ ចម្រុះពណ៌ និងបង្កបរិយាកាសសប្បាយរីករាយក្រៃលែង។
៣.ការអភិរក្សប្រពៃណី៖ រាល់ការរៀបចំត្រូវគោរពតាមទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរឱ្យបានខ្ជាប់ខ្ជួន។
សូមបញ្ជាក់ថា កម្មវិធី «សង្ក្រាន្តស្វាយរៀង ឆ្នាំ២០២៦» គ្រោងនឹងប្រារព្ធឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។ រដ្ឋបាលខេត្តស្វាយរៀង រំពឹងទុកថានឹងមានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករអញ្ជើញមកចូលរួមទស្សនា និងលេងកម្សាន្តល្បែងប្រជាប្រិយខ្មែរ ដើម្បីអបអរសាទរឆ្នាំថ្មីទាំងអស់គ្នា៕
ដោយ:ភក្ដី
No comments:
Post a Comment