លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង រំលេចពីតម្លៃនៃសន្តិភាព និងមរតក «នយោបាយឈ្នះ-ឈ្នះ» ក្នុងវគ្គបណ្តុះបណ្តាល Asian Community Soft Skill In IR 4.0 នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Thursday, April 23, 2026

លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង រំលេចពីតម្លៃនៃសន្តិភាព និងមរតក «នយោបាយឈ្នះ-ឈ្នះ» ក្នុងវគ្គបណ្តុះបណ្តាល Asian Community Soft Skill In IR 4.0 នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង

លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង រំលេចពីតម្លៃនៃសន្តិភាព និងមរតក «នយោបាយឈ្នះ-ឈ្នះ» ក្នុងវគ្គបណ្តុះបណ្តាល Asian Community Soft Skill In IR 4.0 នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង


នៅសាលប្រជុំប្រាសាទតាក្របី នៃវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ស្ថិតនៅភូមិស្រះវង់ សង្កាត់-ក្រុង-ខេត្តស្វាយរៀង បានរៀបចំកម្មវិធីបណ្តុះបណ្តាលក្រោមប្រធានបទ “Asian Community Soft Skill in IR 4.0”។ កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ម៉ែន អេង អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង ដោយមានការចូលរួមពីលោកគ្រូ អ្នកគ្រូ និងសិស្ស និស្សិត សរុបចំនួន ២៤២នាក់ ស្រី ៧៨នាក់ នាព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ។


ថ្លែងក្នុងឱកាសដ៏មានសារៈសំខាន់នោះ លោក ម៉ែន អេង បានផ្តល់កិត្តិយសធ្វើបទបង្ហាញយ៉ាងក្បោះក្បាយជូនដល់អង្គពិធីទាំងមូល ផ្តោតលើប្រធានបទ៖ «ប្រភពសង្គ្រាមនៅកម្ពុជា និងការវិលត្រឡប់ទៅរកសន្តិភាព»។ ក្នុងបទបង្ហាញដ៏មានខ្លឹមសារនេះ លោកអភិបាលរងខេត្ត បានធ្វើការរំលឹកឡើងវិញនូវប្រវត្តិសាស្ត្រដ៏ជូរចត់ដែលកម្ពុជាបានឆ្លងកាត់ ជាពិសេសឫសគល់នៃជម្លោះ និងសង្គ្រាមស៊ីវិលរ៉ាំរ៉ៃដែលបានដុតបំផ្លាញមាតុភូមិអស់ជាច្រើនទសវត្សរ៍ បង្កឱ្យមានការព្រាត់ប្រាស និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធជាតិស្ទើរតែទាំងស្រុង ដែលនាំឱ្យកម្ពុជាធ្លាក់ក្នុងស្ថានភាពអភ័ព្វបំផុត។


លោកអភិបាលរងខេត្ត បានគូសបញ្ជាក់យ៉ាងស៊ីជម្រៅថា របត់ប្រវត្តិសាស្ត្រដ៏អស្ចារ្យដែលនាំឱ្យកម្ពុជាមានថ្ងៃនេះ គឺដោយសារការដាក់ចេញនូវ «នយោបាយឈ្នះ-ឈ្នះ» ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក មគ្គុទ្ទេសក៍ឯក និងជាប្រតិបត្តិករផ្ទាល់។ លោកបានបញ្ជាក់ជូនសិក្ខាកាមថា៖

"ការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង និងការសម្រេចបាននូវការបង្រួបបង្រួមជាតិ និងឯកភាពទឹកដីពេញលេញនៅ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ គឺជាមរតកដ៏ថ្លៃថ្លាបំផុតដែលមិនអាចកាត់ថ្លៃបាន។ នយោបាយឈ្នះ-ឈ្នះ មិនត្រឹមតែនាំមកនូវការរលាយរំលាយអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហមប៉ុណ្ណោះទេ ប៉ុន្តែបានធានានូវរូបកាយ អាយុជីវិត អាជីព និងកម្មសិទ្ធិជូនដល់ប្រជាពលរដ្ឋគ្រប់រូប ដែលនេះគឺជាចំណុចចាប់ផ្តើមនៃការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យរហូតមកដល់បច្ចុប្បន្ន។"


ជាមួយគ្នានេះ លោកអភិបាលរងខេត្ត ក៏បានដាស់តឿនដល់សិស្ស និស្សិតទាំងអស់ថា ក្នុងនាមជាយុវជនបន្តវេនក្នុងសម័យកាលបដិវត្តឧស្សាហកម្ម ៤.០ ត្រូវយល់ឱ្យច្បាស់ថា «សន្តិភាព» គឺជាគ្រឹះស្ថានដ៏រឹងមាំតែមួយគត់ដែលអនុញ្ញាតឱ្យយើងមានឱកាសសិក្សារៀនសូត្រ និងអភិវឌ្ឍជំនាញបច្ចេកវិទ្យា។ លោកបានជំរុញឱ្យយុវជនចេះប្រើប្រាស់ជំនាញទន់ (Soft Skills) ដូចជាការគិតវិជ្ជមាន ការធ្វើការងារជាក្រុមប្រកបដោយសុខដុមរមនា និងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីចូលរួមថែរក្សាសន្តិភាពឱ្យបានគង់វង្ស និងកសាងសហគមន៍អាស៊ីឱ្យកាន់តែមានសក្ដានុពល។


សូមបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ គឺជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង និង មូលនិធិ Eurasia Foundation នៃប្រទេសជប៉ុន ដែលបានផ្តល់ការបណ្តុះបណ្តាលយ៉ាងសកម្មដល់សិស្ស និស្សិត និងលោកគ្រូ អ្នកគ្រូ ចាប់តាំងពីឆ្នាំ២០២៣មក។ កម្មវិធីនេះមានគោលដៅចម្បងក្នុងការបណ្តុះស្មារតីយុវជនឱ្យយល់ដឹងពីការដឹកនាំប្រកបដោយព្រហ្មវិហារធម៌ សីលធម៌ និងការប្រើប្រាស់បច្ចេកវិទ្យាដោយការទទួលខុសត្រូវខ្ពស់ ដើម្បីក្លាយជាសសរទ្រូងដ៏រឹងមាំសម្រាប់អភិវឌ្ឍជាតិមាតុភូមិតទៅអនាគត។














No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages