សង្ក្រាន្តស្វាយរៀង ២០២៦ ទទួលបានជោគជ័យដោយរយៈពេល ៣ថ្ងៃ ទាក់ទាញភ្ញៀវមកកម្សាន្តជាង ៤០ម៉ឺននាក់ ក្រោមស្នាមញញឹម និងសុវត្ថិភាព
ព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី
២០២៦ នៅខេត្តស្វាយរៀង បានបិទបញ្ចប់ទៅដោយជោគជ័យលើសពីការរំពឹងទុក
ជាមួយតួលេខភ្ញៀវទេសចរយ៉ាងមហិមាដែលបានអញ្ជើញមកសម្រាកកម្សាន្តយ៉ាងសប្បាយរីករាយ
និងមានទំនុកចិត្តបំផុតលើការគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់របស់អាជ្ញាធរខេត្ត។
យោងតាមរបាយការណ៍បូកសរុបពី
លោកប្រធានមន្ទីរទេសចរណ៍ខេត្តស្វាយរៀង បានឱ្យដឹងថា
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ រយៈពេល
៣ថ្ងៃ (ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦)
ខេត្តស្វាយរៀងទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិ
និងបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តសរុបចំនួន ៤០៨,២២១ នាក់ ក្នុងនោះទេសចរបរទេសមានចំនួន ៧២៥
នាក់។
ក្រោមការដឹកនាំរបស់រដ្ឋបាលខេត្ត
គ្រប់បណ្តាក្រុង-ស្រុកទាំង៨
បានរៀបចំកម្មវិធីសង្ក្រាន្តតាមមូលដ្ឋានរៀងៗខ្លួនយ៉ាងអធិកអធម។ ក្នុងនោះដែរមានការលេងល្បែងប្រជាប្រិយខ្មែរគ្រប់ទម្រង់
ការរាំលេងកម្សាន្តតាមចង្វាក់ភ្លេងប្រពៃណី និងសម័យ
បានញ៉ាំងឱ្យបរិយាកាសកាន់តែមានភាពស្និទ្ធស្នាល និងសប្បាយរីករាយក្រៃលែង។ ទន្ទឹមនឹងនេះដែរនៅតាមបណ្តាវត្តអារាមនានាទូទាំងខេត្ត
ត្រូវបានគេសង្កេតឃើញថាមានពុទ្ធបរិស័ទយ៉ាងច្រើនកុះករបានទៅធ្វើបុណ្យទានតាមប្រពៃណី
ស្តាប់ធម៌ទេសនា និងលេងល្បែងប្រជាប្រិយក្នុងបរិវេណវត្ត ប្រកបដោយក្តីជ្រះថ្លា
និងមោទនភាពជាតិ។ នៅតាមតំបន់សង្ក្រាន្តធំៗក្នុងក្រុង និងរមណីយដ្ឋាននានា
សន្ទុះភ្ញៀវបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ
ដែលបង្ហាញពីការជឿជាក់របស់ភ្ញៀវទេសចរលើការរៀបចំរបស់ខេត្ត។
អ្វីដែលជាចំណុចលេចធ្លោបំផុតក្នុងឆ្នាំនេះ
គឺភាពជោគជ័យក្នុងការធានាសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ។
ក្រោមការបញ្ជាផ្ទាល់ពីសំណាក់ ឯកឧត្តមអភិបាលខេត្ត កងកម្លាំងមានសមត្ថកិច្ច
និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានប្រចាំការការពារសន្តិសុខ សុវត្ថិភាព
និងសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋនៅគ្រប់គោលដៅ ២៤ម៉ោងលើ២៤ម៉ោង
ដែលធ្វើឱ្យព្រឹត្តិការណ៍ទាំងមូលប្រព្រឹត្តទៅដោយគ្មានបាតុភាពអសកម្មណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។
ជារួម
ជោគជ័យនៃសង្ក្រាន្តខេត្តស្វាយរៀងឆ្នាំ២០២៦ គឺជាសក្ខីភាពបញ្ជាក់ពីសាមគ្គីភាព
ក្តីសប្បាយរីករាយ និងការរីកចម្រើននៃវិស័យទេសចរណ៍ក្នុងខេត្ត
ដែលកំពុងរស់នៅយ៉ាងសុខដុមរមនាក្រោមម្លប់នៃសន្តិភាព និងការអភិវឌ្ឍឥតឈប់ឈរ។ ជាពិសេសភ្ញៀវទេសចរណ៍
និងប្រជាពលរដ្ឋមកចូលរួមលេងកម្សាន្តដោយភាពថ្លៃថ្នូរ
និងរក្សាបាននូវវប្បធម៌ប្រពៃណីខ្មែរយ៉ាងខ្ជាប់ខ្ជួន
ធ្វើឱ្យសង្ក្រាន្តខេត្តស្វាយរៀងឆ្នាំ ២០២៦ នេះ ប្រកបដោយអត្ថន័យ
និងអនុស្សាវរីយ៍មិនអាចបំភ្លេចបាន។







No comments:
Post a Comment