សម្ដេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញទស្សនាការសម្តែងសិល្បៈ និងស្តង់ពិព័រណ៍ផលិតផលក្នុងព្រឹត្តិការណ៍ «សង្ក្រាន្តស្វាយរៀង»
ស្វាយរៀង៖ នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃដំបូងនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក សម្ដេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីក្នុងទស្សនកិច្ចស្តង់ពិព័រណ៍ និងទស្សនាការសម្តែងសិល្បៈ ដើម្បីអបអរសាទរកម្មវិធី «សង្ក្រាន្តស្វាយរៀង» នៅសួនច្បារមាត់ទន្លេវ៉ៃគោ និងអមដំណើរក្នុងឱកាសនោះរួមមាន ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្តជាច្រើនរូប។
សម្ដេចកិត្ដិសង្គហបណ្ឌិត និងប្រតិភូអមដំណើរ បានទស្សនាការសម្តែងក្បាច់គុណល្បុក្កតោ និងរបាំកណ្ដូបសេះ ដែលរៀបចំដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ដើម្បីបង្ហាញពីអត្តសញ្ញាណ និងមរតកវប្បធម៌ខ្មែរដ៏សម្បូរបែប ជាមួយគ្នានេះដែរសម្ដេចបានអញ្ជើញទស្សនាស្តង់ពិព័រណ៍ជាច្រើនដែលរៀបចំដោយរដ្ឋបាលខេត្ត មន្ទីរ-អង្គភាព រដ្ឋបាលក្រុង/ស្រុកទាំង៨ និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្ត។ ក្នុងនោះក៏មានការដាក់តាំងបង្ហាញផលិតផលក្នុងស្រុក និងពិព័រណ៍ «ភូមិមួយ ផលិតផលមួយ» ដើម្បីលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន។ ក្នុងឱកាសនោះដែរ សម្ដេច និងប្រតិភូបានអញ្ជើញពិសាមុខម្ហូបល្បីប្រចាំខេត្តស្វាយរៀង គឺ «សម្លកកូកណ្តែង និងសាច់រំលីងជ្រក់សណ្តែក» ដែលត្រូវបានរៀបចំយ៉ាងពិសេសក្នុងកម្មវិធីសង្ក្រាន្តនេះ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀងឆ្នាំនេះ រៀបចំឡើងយ៉ាងកុះករនៅតំបន់សួនច្បារមាត់ទន្លេវ៉ៃគោ (ទំនប់តាណេង ច្រាំងតាបុល) ស្ថិតក្នុងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ដើម្បីបង្កលក្ខណៈសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ៕

























































































No comments:
Post a Comment