សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី បើកព្រឹត្តិការណ៍ «សង្ក្រាន្តស្វាយរៀង ២០២៦» - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Monday, April 13, 2026

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី បើកព្រឹត្តិការណ៍ «សង្ក្រាន្តស្វាយរៀង ២០២៦»

 សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី បើកព្រឹត្តិការណ៍ «សង្ក្រាន្តស្វាយរៀង ២០២៦»

 

នារសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ នៅរង្វង់មូលវិមានឯករាជ្យ ក្រុងស្វាយរៀង មានរៀបចំពិធីក្រុងពាលីតាមបែបសាសនា ដើម្បីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងសិរីសួស្ដី ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀង ដែលពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង។

 

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងលោកជំទាវ ព្រមឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការជុំវិញខេត្តយ៉ាងច្រើនកុះករ។

 

ក្នុងពិធីដ៏ស័ក្តិសិទ្ធិនេះ ថ្នាក់ដឹកនាំបានទូលថ្វាយគ្រឿងសក្ការបូជា និងបួងសួងដល់ទសបារមី វត្ថុសក្តិសិទ្ធិក្នុងលោក សូមជួយជ័យជោតជយោ ឱ្យការរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តស្វាយរៀង» ដែលប្រព្រឹត្តទៅរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ដំណើរការទៅដោយរលូន សប្បាយរីករាយ និងទទួលបានការគាំទ្រខ្ពស់ពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ។

 

រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំស្តង់ពិព័រណ៍ ល្បែងប្រជាប្រិយ និងកម្មវិធីកម្សាន្តសប្បាយៗក្នុងព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀង យ៉ាងសម្បូរបែបនៅតំបន់មាត់ទន្លេវ៉ៃគោ៖

-ថ្ងៃទី១ ពេលរសៀលមានលេងល្បែងវាយក្អម ល្បែងបៀមទឹកដាក់ដប ល្បែងទាញព្រ័ត្រ ល្បែងលោតបាវ ល្បែងលាក់កន្សែង ល្បែងដណ្តើមកៅអី និងពេលយប់មានការប្រគំតន្ត្រីចម្រៀងសហសម័យ ការសម្តែងល្ខោនបាសាក់ទោល ការសម្តែងរបាំគែន ការសម្តែងរបាំកណ្តូបសេះ។

 

-ថ្ងៃទី២ ពេលព្រឹកមានលេងល្បែងដណ្តើមស្លឹកឈើ ល្បែងចោលឈូង ល្បែងវាយក្អម ល្បែងខ្លែងខាបកូនមាន់ ល្បែងបោះអង្គញ់ និងរាំដណ្តើមកៅអី។ ពេលរសៀល មានលេងល្បែងវាយក្អម ល្បែងបៀមទឹកដាក់ដប ល្បែងទាញព្រ័ត្រ ល្បែងលោតបាវ ល្បែងលាក់កន្សែង និងរាំដណ្តើមកៅអី។ ពេលរាត្រី មានការប្រគុំតន្ត្រីចម្រៀងហសហសម័យ ការសម្តែងរបាំក្ងោកប៉ែលិន ចាប៉ីដងវែង ការប្រគំតន្ត្រីសហសម័យ ការសម្តែងល្ខោនយីកេរ។

 

-ថ្ងៃទី៣ ពេលព្រឹក មានលេងល្បែងដណ្តើមស្លឹកឈើ ល្បែងចោលឈូង ល្បែងវាយក្អម ល្បែងខាបកូនមាន់ ល្បែងបោះអង្គញ់ រាំដណ្តើមកៅអី ពេលរសៀល មានលេងល្បែងបៀមទឹកដាក់ដប ល្បែងទាញព្រ័ត្រ ល្បែងលោតបាវ ល្បែងលាក់កន្សែង និងល្បែងដណ្តើមកៅអី។ ពេលរាត្រី មានការប្រគំតន្ត្រីចម្រៀងសហសម័យ ការសម្តែងរបាំគោះត្រឡោក ការសម្តែងរបាំនេសាទ ការសម្តែងរបាំខ្លែង ការសម្តែងរបាំគោះអង្រែ ការសម្តែងរបាំដួងច័ន្ទ ការសម្តែងរបាំនារីជាជួរ របាំកន្សែងស្នេហ៍ ការសម្តែងរបាំក្រម៉ា ដែលនូវរាល់ការសម្តែងនេះរៀបចំឡើងដោយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តស្វាយរៀង។

 

រដ្ឋបាលខេត្តស្វាយរៀង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក្មួយៗយុវជន និងភ្ញៀវទេសចរទាំងអស់ អញ្ជើញមកកម្សាន្តសប្បាយឱ្យបានច្រើនកុះករ ដើម្បីលើកកម្ពស់វប្បធម៌ជាតិ និងបង្កើតភាពសប្បាយរីករាយក្នុងគ្រួសារស្វាយរៀងយើង!









































































No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages