ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាស្ដីពី «ការលើកកម្ពស់ការពង្រឹងសុវត្ថិភាពទេសចរណ៍» ដើម្បីជំរុញសក្ដានុពល និងទំនុកចិត្តដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ
(ខេត្តស្វាយរៀង)៖ នៅថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២៦ រដ្ឋបាលខេត្តស្វាយរៀង សហការជាមួយក្រសួងទេសចរណ៍ បានរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់មួយស្ដីពី «ការលើកកម្ពស់ការពង្រឹងសុវត្ថិភាពទេសចរណ៍» ក្នុងគោលបំណងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ក្នុងខេត្តឱ្យកាន់តែមានភាពទាក់ទាញ និងផ្តល់ភាពកក់ក្តៅខ្ពស់ដល់ភ្ញៀវទេសចរ។
សិក្ខាសាលានេះបានប្រព្រឹត្តទៅនៅសាលប្រជុំសណ្ឋាគារវ៉ៃគោ ក្រុងស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក សេង សីលា អភិបាលរងខេត្តស្វាយរៀង តំណាងដ៏ខ្ពង់ខ្ពស់អភិបាលខេត្ត។
លោក សេង សីលា អភិបាលរងខេត្ត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងថាមពលរស់រវើករបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែចាត់ទុកវិស័យទេសចរណ៍ជា «មាសបៃតង» ដែលជាវិស័យអាទិភាពមួយក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម តាមរយៈការបង្កើតការងារ បង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។
ផ្អែកលើរបាយការណ៍អភិវឌ្ឍន៍ ខេត្តស្វាយរៀងក្រោមការដឹកនាំរបស់ ឯកឧត្តម ប៉េង ពោធិ៍សា មានការរីកចម្រើនយ៉ាងខ្លាំងលើហេដ្ឋារចនាសម្ព័ន្ធ និងសន្ទុះវិនិយោគ ដោយមាន៖
រោងចក្រ សហគ្រាស សរុបចំនួន១,០៤៩ កន្លែងដែលបង្កើតឱកាសការងារជូនប្រជាពលរដ្ឋប្រមាណ១៦១,០០៣ នាក់។
តំបន់សេដ្ឋកិច្ចពិសេសកំពុងដំណើរការចំនួន១២កន្លែង។
ច្រកទ្វារព្រំដែនអន្តរជាតិចំនួន០២កន្លែងគឺច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ដែលជាចំណុចយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការឆ្លងកាត់របស់ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងការដឹកជញ្ជូនទំនិញ។
លោកបានបន្តថា បច្ចុប្បន្ននៅក្នុងខេត្តស្វាយរៀងមានអាជីវកម្ម សេវាកម្មទេសចរណ៍កំពុងដំណើរការសរុបចំនួន ៣៣៧កន្លែង (រួមមាន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ការ៉ាអូខេ ម៉ាស្សា និងសេវាដឹកជញ្ជូនផ្លូវគោក)។ ទោះបីជាខេត្តមិនទាន់សម្បូរបែបទៅដោយតំបន់ទេសចរណ៍ធម្មជាតិកែច្នៃធំៗ ប៉ុន្តែទិន្នន័យភ្ញៀវទេសចរធ្វើដំណើរឆ្លងកាត់ និងមកកម្សាន្តមានការកើនឡើងជាបន្តបន្ទាប់ ដែលទាមទារឱ្យមានការរៀបចំ និងពង្រឹងខ្សែចង្វាក់សេវាកម្មឱ្យកាន់តែល្អប្រសើរ។
ថ្លែងក្នុងឱកាសបិទសិក្ខាសាលាឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី និងបានសង្កត់ធ្ងន់លើទិសស្លោក «ទេសចរណ៍មានសុវត្ថិភាព គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការធានាបាននូវការទាក់ទាញ ទំនុកចិត្ត និងភាពពេញចិត្តរបស់ភ្ញៀវទេសចរ»។
ឯកឧត្តមបានដាក់ចេញនូវការណែនាំសំខាន់ៗដល់ប្រតិបត្តិករ និងអាជ្ញាធរពាក់ព័ន្ធដូចខាងក្រោម៖
១. ពង្រឹងគុណភាពសេវាកម្ម និងផលិតផល៖ ត្រូវយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពអនាម័យ គុណភាពចំណីអាហារ តម្លៃសមរម្យ និងបដិសណ្ឋារកិច្ចល្អស្របតាមជំនាញវិជ្ជាជីវៈ។
២. កិច្ចសហការអន្តរស្ថាប័ន៖ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងវិស័យឯកជន ត្រូវសហការគ្នាជាធ្លុងមួយក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ ជូនដល់អ្នកដំណើរ និងភ្ញៀវទេសចរ។
៣. ការផ្សព្វផ្សាយព័ត៌មានពិត៖ ត្រូវរួមគ្នាផ្សព្វផ្សាយពីភាពវិជ្ជមាន សន្តិសុខ និងតំបន់សក្តានុពលរបស់កម្ពុជាទៅកាន់ពិភពលោក និងត្រូវទប់ស្កាត់រាល់ព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិនាមជាតិ។
៤. ការអនុវត្តយុទ្ធនាការជាតិ៖ ត្រូវបន្តជំរុញយុទ្ធនាការ «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍», «ទេសចរណ៍កែទម្រង់ក្នុងសន្តិភាព» និង «ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់»។
សិក្ខាសាលានេះបានបញ្ចប់ទៅប្រកបដោយផ្លែផ្កា និងភាពជោគជ័យខ្ពស់ ដោយបានផ្តល់នូវចំណេះដឹង បទពិសោធន៍ និងការប្តេជ្ញាចិត្តរួមគ្នារវាងផ្នែករដ្ឋ និងឯកជន ក្នុងការប្រែក្លាយខេត្តស្វាយរៀង ឱ្យទៅជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ និងមានការអភិវឌ្ឍប្រកបដោយនិរន្តរភាពសម្រាប់ពេលអនាគត៕
ដោយ: ភក្ដី
No comments:
Post a Comment