កិច្ចប្រជុំពង្រឹងការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងខេត្តស្វាយរៀង
(ខេត្តស្វាយរៀង)៖ នៅថ្ងៃពុធ ទី០៦ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់ស្តីពី «ការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)» ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ក្នុងយុគសម័យឌីជីថល។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់៖ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងលោក ម៉ែន កល្យាណ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលខេត្តស្វាយរៀង។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកស្នងការ ស្នងការរង នាយការិយាល័យជំនាញ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
ក្នុងឱកាសនោះ អង្គប្រជុំបានផ្ដោតការពិភាក្សាយ៉ាងម៉ត់ចត់លើយុទ្ធសាស្ត្របង្ការ ទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលានូវរាល់សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកំពុងមានការវិវត្តយ៉ាងស្មុគស្មាញ។
ឯកឧត្តមអធិបតី ក៏បានផ្តល់អនុសាសន៍ណែនាំដល់កងកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ តាមដាន និងក្តាប់ឱ្យបាននូវរាល់ល្បិចកលរបស់ជនល្មើស ដើម្បីការពារទ្រព្យសម្បត្តិ និងសេចក្តីសុខសាន្តរបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តឱ្យបានកាន់តែប្រសើរឡើង។
សកម្មភាពនេះ បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រដ្ឋបាលខេត្ត ក៏ដូចជាអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងការលុបបំបាត់រាល់បទល្មើសបច្ចេកវិទ្យាឱ្យអស់ពីភូមិសាស្ត្រខេត្តស្វាយរៀង៕
ដោយ: ភក្ដី












No comments:
Post a Comment