រដ្ឋបាលខេត្តស្វាយរៀង បន្តជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់សម្បទានសង្គមកិច្ច ដើម្បីលើកកម្ពស់គុណភាពជីវិតអតីតយុទ្ធជន និងនិវត្តន៍ជន - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Thursday, June 4, 2026

រដ្ឋបាលខេត្តស្វាយរៀង បន្តជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់សម្បទានសង្គមកិច្ច ដើម្បីលើកកម្ពស់គុណភាពជីវិតអតីតយុទ្ធជន និងនិវត្តន៍ជន

 រដ្ឋបាលខេត្តស្វាយរៀង បន្តជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់សម្បទានសង្គមកិច្ច ដើម្បីលើកកម្ពស់គុណភាពជីវិតអតីតយុទ្ធជន និងនិវត្តន៍ជន

 
បន្ទាប់ពីការប្រគល់ផ្ទះ និងដីឡូត៍លំនៅឋានជាបន្តបន្ទាប់ រដ្ឋបាលខេត្តស្វាយរៀងបាននិងកំពុងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងលើការកែលម្អលក្ខខណ្ឌរស់នៅរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តន៍ជន តាមរយៈការផ្គត់ផ្គង់សេវាសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា។ ជាក់ស្តែងនាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ នេះ លោក ម៉ែន អេង អភិបាលរង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវវឌ្ឍនភាពនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធបន្ថែម នៅក្នុងតំបន់ដីសម្បទានសង្គមកិច្ច ភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក។ ក្នុងដំណើរបេសកកម្មនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលស្រុករមាសហែក លោកប្រធានមន្ទីរព័ត៌មានខេត្ត លោកនាយកវិទ្យាស្ថានភូមិភាគតេជោសែនស្វាយរៀង និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។
 
ក្នុងគោលដៅប្រែក្លាយតំបន់ដីសម្បទានឱ្យទៅជាភូមិឋានស៊ីវិល័យ លោកអភិបាលរងខេត្តបានពិនិត្យមើលការតម្លើងបង្គោលបណ្តាញអគ្គិសនី ការជីកអណ្តូងទឹក និងការរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា។ ការងារទាំងនេះគឺជាអាទិភាពចម្បង ដែលរដ្ឋបាលខេត្តត្រូវធានាឱ្យបានថា បងប្អូនអតីតយុទ្ធជន និងគ្រួសារដែលបានមករស់នៅទីនេះ មានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ និងមានប្រភពទឹកស្អាតសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ និងការបង្កបង្កើនផលជុំវិញផ្ទះ។
 
ក្នុងឱកាសនោះដែរ លោក ម៉ែន អេង ក៏បានអញ្ជើញជួបសំណេះសំណាលយ៉ាងស្និទ្ធស្នាលជាមួយបងប្អូនអតីតយុទ្ធជនដែលកំពុងរស់នៅតាមខ្នងផ្ទះនីមួយៗ។ លោកអភិបាលរងខេត្តបានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំខេត្ត និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋបាលខេត្ត ក្នុងការមិនបោះបង់ចោលអ្នកដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិនោះឡើយ។
 
ជាការឆ្លើយតប បងប្អូនអតីតយុទ្ធជនបានបង្ហាញនូវក្តីរំភើបរីករាយ និងសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាទាំងមូល ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ និងផ្តល់នូវជម្រកដ៏កក់ក្តៅ រួមជាមួយដីឡូត៍សម្រាប់បង្កបង្កើនផល ដែលធ្វើឱ្យពួកគាត់មានស្ថិរភាពជីវិត និងអនាគតដ៏រឹងមាំសម្រាប់កូនចៅ។
 
រដ្ឋបាលខេត្តស្វាយរៀង នឹងបន្តសហការជាមួយគ្រប់មន្ទីរ-អង្គភាពជំនាញ ដើម្បីធានាថាតំបន់ដីសម្បទានសង្គមកិច្ចនេះ នឹងក្លាយជាសហគមន៍អភិវឌ្ឍន៍ដែលមានភាពរឹងមាំ មិនត្រឹមតែមានផ្ទះ និងដីប៉ុណ្ណោះទេ ប៉ុន្តែគឺមានទាំងសេវាអប់រំ សុខាភិបាល និងមុខរបរ ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់និវត្តន៍ជន និងអតីតយុទ្ធជនយើង។








































No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages