រដ្ឋបាលខេត្តស្វាយរៀង និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តចុះពិនិត្យទីតាំងជាក់ស្តែងលើសំណើសុំប្រើប្រាស់ដី ២៤២ហិកតា នៅស្រុករមាសហែក ដើម្បីអភិវឌ្ឍវិស័យយុទ្ធសាស្ត្រចំនួន ៤ - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Thursday, June 4, 2026

រដ្ឋបាលខេត្តស្វាយរៀង និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តចុះពិនិត្យទីតាំងជាក់ស្តែងលើសំណើសុំប្រើប្រាស់ដី ២៤២ហិកតា នៅស្រុករមាសហែក ដើម្បីអភិវឌ្ឍវិស័យយុទ្ធសាស្ត្រចំនួន ៤

 រដ្ឋបាលខេត្តស្វាយរៀង និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តចុះពិនិត្យទីតាំងជាក់ស្តែងលើសំណើសុំប្រើប្រាស់ដី ២៤២ហិកតា នៅស្រុករមាសហែក ដើម្បីអភិវឌ្ឍវិស័យយុទ្ធសាស្ត្រចំនួន ៤

 
ឯកឧត្តម ចាន់ ជេស្តា រដ្ឋលេខាធិការ តំណាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចុះពិនិត្យទីតាំងសំណើសុំប្រើប្រាស់ដីទំហំ ២៤២ហិកតា ស្ថិតក្នុងស្រុករមាសហែក ខេត្តស្វាយរៀង នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦។ ដំណើរចុះពិនិត្យនេះ មានការអមដំណើរដោយ ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកអភិបាលស្រុករមាសហែក លោកប្រធានមន្ទីរព័ត៌មានខេត្ត លោកនាយកវិទ្យាស្ថានភូមិភាគតេជោសែនស្វាយរៀង ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។
 
ការចុះពិនិត្យទីតាំងជាក់ស្តែងនាពេលនេះ គឺដើម្បីសិក្សា និងវាយតម្លៃយ៉ាងលម្អិតលើទំហំផ្ទៃដី សណ្ឋានដី និងសក្ដានុពលនៃការអភិវឌ្ឍ ដើម្បីធានាថាការប្រើប្រាស់ដីនេះនឹងបម្រើផលប្រយោជន៍ជាតិរយៈពេលវែង។ សារប្រយោជន៍សំខាន់ៗដែលនឹងទទួលបានពីគម្រោងនេះ រួមមាន វិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទីតាំងនេះនឹងក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាលធនធានមនុស្សដ៏សំខាន់ ដែលអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈជូនយុវជនក្នុងមូលដ្ឋានឱ្យកាន់តែមានគុណភាព។ វិស័យសង្គមកិច្ច ទីតាំងនេះនឹងរួមចំណែកក្នុងការបង្កើនសេវាគាំពារសង្គម និងការអនុវត្តកម្មវិធីមនុស្សធម៌នានា ដើម្បីលើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់។ វិស័យការពារជាតិ ការប្រើប្រាស់ដីនេះក៏នឹងជួយពង្រឹងដល់ប្រសិទ្ធភាពនៃការបំពេញភារកិច្ចការពារជាតិ និងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានតាមបណ្តោយព្រំដែនឱ្យកាន់តែរឹងមាំ។
 
ឯកឧត្តមរដ្ឋលេខាធិការ និងលោកអភិបាលរងខេត្ត បានគូសបញ្ជាក់ថា គម្រោងនេះមិនមែនគ្រាន់តែជាការប្រើប្រាស់ដីធ្លីធម្មតាប៉ុណ្ណោះទេ ប៉ុន្តែគឺជាការអនុវត្តជាក់ស្តែងស្របតាម យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធវិស័យទាំង ៤ នេះ គឺជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន ឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ក្នុងការក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
 
គណៈប្រតិភូបានឯកភាពគ្នាបន្តសិក្សាលម្អិតបន្ថែមទៀតលើប្លង់មេ និងនីតិវិធីបច្ចេកទេស ដើម្បីធានាថាគម្រោងនេះនឹងក្លាយជាសមិទ្ធផលដ៏ធំធេងមួយសម្រាប់រដ្ឋបាលខេត្តស្វាយរៀង និងរាជរដ្ឋាភិបាលទាំងមូល។















No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages