(ស្វាយរៀង)៖ នាព្រឹកថ្ងៃចន្ទ ០១រោច
ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨នេះ
ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង
បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រាលខ្សាច់ភ្នំ ១ខ្សែ ប្រវែង
២.៥០០ម៉ែត្រ ស្ថិតនៅភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ។ មានប្រសាសន៍ក្នុងឱកាសនោះ
ឯកឧត្ដមអភិបាលខេត្ត បានលើកឡើងថា នេះគឺជាសមិទ្ធផលថ្មីមួយទៀតដែលនឹងលេចរូបរាងឡើងដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់ប្អូនប្រជាពលរដ្ឋដែលបានស្នើសុំនាពេលកន្លងមក
ហើយឯកឧត្ដមក៏សូមថ្លែងនូវការអរគុណចំពោះលោកឧត្ដមសេនីយ៍ត្រី សែ វុទ្ធី
មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដោយបានជួយឧបត្ថម្ភចំពោះការស្ថាបនាផ្លូវនេះ
ដែលសរបញ្ជាក់ឲ្យឃើញពីវប្បធម៌ នៃការចែករំលែក
និងការចូលរួមចំណែកជាមួយរដ្ឋបាលខេត្តក្នុងការធ្វើឲ្យកាន់តែប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តក្នុងក្រុងស្វាយរៀង
ជាពិសេសក្នុងការដោះស្រាយ
និងឆ្លើយតបទាន់ពេលវេលាទៅនឹងសេចក្ដីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ
ដែលកំពុងមានតម្រូវការក្នុងការប្រើប្រាស់ផ្លូវមួយខ្សែនេះ ។
ជាមួយនេះ
ឯកឧត្ដមអភិបាលខេត្ត ក៏បានបញ្ជាក់ថា ចំពោះការស្ថាបនាផ្លូវនេះ
មិនមែនជាគម្រោងចុងក្រោយនោះទេ ជាបឋមគឺយើងប្រែក្លាយពីផ្លូវដី មកជាផ្លូវក្រាលខ្សាច់ភ្នំ
ហើយទៅថ្ងៃមុខខេត្តនឹងប្រែក្លាយពីផ្លូវក្រាលខ្សាច់ភ្នំទៅជាផ្លូវចាក់បេតុង
ឬកៅស៊ូតែម្ដង ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការប្រើប្រាស់ផ្លូវ
និងការដឹកជញ្ជូនផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋ
ដែលចេះតែមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ស្របទៅនឹងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសជាតិ
ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន
សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ជាចុងបញ្ចប់ ឯកឧត្ដមអភិបាលខេត្ត
បានថ្លែងនូវការអរគុណចំពោះបងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់សង្ឃ័រទាំងអស់
ដែលកន្លងមកតែងតែចូលរួមសហការយ៉ាងល្អប្រសើរជាមួយអាជ្ញាធរសង្កាត់ក្នុងការអភិវឌ្ឍមូលដ្ឋាន
និងសូមឲ្យបងប្អូនបន្តនូវវប្បធម៌ដ៏ប្រពៃនេះ
ជាពិសេសក្នុងដំណើរការស្ថាបនាផ្លូវថ្មីឲ្យទទួលបានជោគជ័យតាមការគ្រោងទុក
និងចូលរូមថែរក្សាដើម្បីធានាឲ្យប្រើប្រាស់បានគង់វង្សយូរអង្វែង ។ ក្នុងឱកាសនោះ
ឯកឧត្ដមអភិបាលខេត្ត ក៏បានចែកជូនក្រុមប្រឹក្សាសង្កាត់ មេភូមិ
និងបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីនេះ ចំនួន ១០០នាក់ ម្នាក់ៗទទួលបាន
សារ៉ុង ១ ផងដែរ ៕
រក្សាសិទ្ធិដោយ៖ មន្ទីរព័ត៌មានខេត្តស្វាយរៀង










No comments:
Post a Comment