(ខេត្តស្វាយរៀង)៖ នាព្រឹកថ្ងៃទី៣១ ខែសីហា
ឆ្នាំ២០១៨នេះ នៅសាលប្រជុំសាលាខេត្ត បានរៀបចំវគ្គបណ្ដុះបណ្ដាល
ស្ដីពីការគ្រប់គ្រងសហគ្រិន
និងការផ្ដូចផ្ដើមអោយប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យា ក្រោមអធិបតីភាព
ឯកឧត្ដម រស់ ផារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្ដមអភិបាលខេត្ត ។
វគ្គបណ្ដុះបណ្ដាលនេះសហការរៀបចំដោយគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ (OVOP)
វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍
និងព័ត៌មាន (NIPTICT) និងអង្គការ CIESF និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងបុគ្គលិក
នៃអង្គភាពទាំងបី លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត លោកអភិបាលក្រុង
ស្រុក ប្រធានសភាពាណិជ្ជកម្មខេត្ត លោក លោកស្រីជាសមាជិក
សមាជិកាគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ខេត្ត តំណាងអាជីវករ ពាណិជ្ជករ
សិប្បករ និងតំណាងសហគមន៍កសិកម្មក្នុងខេត្ត ។
មានប្រសាសន៍ក្នុងឱកាសនោះ
ក្នុងនាមឯកឧត្ដមអភិបាលខេត្ត ឯកឧត្ដម រស់ ផារិទ្ធ អភិបាលរងខេត្ត
បានសម្ដែងនូវការអរគុណចំពោះ OVOP NIPTICT និងCIESF ដែលបានសហការរៀបចំនូវវគ្គបណ្ដុះបណ្ដាលផ្នែកគ្រប់គ្រងសហគ្រិន
និងផ្ដួចផ្ដើមឲ្យស្ដ្រីប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យា នៅក្នុងខេត្តស្វាយរៀង
នាពេលនេះ ហើយឯកឧត្ដមអភិបាលរងខេត្ត ក៏បានបង្ហាញនូវសុទិដ្ឋិនិយមថា
តាមរយៈវគ្គបណ្ដាលនេះ
នឹងផ្ដល់នូវវិភាគទានដ៏សំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស
ជាពិសេសស្រ្តី តាមរយៈការពង្រឹងសមត្ថភាពផ្នែកមូលដ្ឋានគ្រឹះ និងជំនាញបច្ចេកវិទ្យា
សម្រាប់ការរីកចម្រើនសេដ្ឋកិច្ចនៅមូលដ្ឋាន ។
រក្សាសិទ្ធិដោយ៖
មន្ទីរព័ត៌មានខេត្តស្វាយរៀង









No comments:
Post a Comment