(ស្វាយរៀង)៖
ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅសាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្ដម ម៉ែន វិបុល
អភិបាល នៃគណៈអភិបាលខេត្ត
និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង
បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ទទួលមុងសុវត្ថិភាពចំនួន ៥០០ និងអាវចំនួន ២០កេស
ពីប្រតិភូកាកបាទក្រហមកម្ពុជា ដែលដឹកនាំដោយលោកជំទាវ ម៉ែន នារីសោភ័គ
អគ្គលេខាធិការរងទី១ តំណាងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ប្រធានកាកបាទក្រហមកម្ពុជា ។ បន្ទាប់ពីបញ្ចប់ពិធីប្រគល់ទទួលសម្ភារនេះ ឯកឧត្ដម ម៉ែន
វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង
និងលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា
បានដឹកនាំក្រុមការងារអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាល
និងចែកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
ចាស់ជរា ទីទ័លក្រ និងជនពិការ ចំនួន ៩៧គ្រួសារ មកពីសង្កាត់ទាំង០៧
ក្នុងក្រុងស្វាយរៀង ។ មានប្រសាសន៍ក្នុងឱកាសនោះ
ឯកឧត្ដមអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេទ្រ
និងលោកជំទាវអគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា
បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត
ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា
ជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញមកចូលរួមនៅថ្ងៃនេះ ដែលជានិច្ចកាលសម្ដេច
លោកតែងតែគិតគូរពីសុខទុក្ខ
និងជំរុញឲ្យមានការដោះស្រាយបញ្ហានានារបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា
និងគ្រប់ទីកន្លែង មិនថាជិត ឬឆ្ងាយនោះទេ បើទោះបីជាសម្ដេច
លោកមិនបានអញ្ជើញមកដោយផ្ទាល់ ប៉ុន្តែលោកបានក្រើនរំលឹក ណែនាំ និងស្នើដល់សាខា
អនុសាខាកាកបាទក្រហមកម្ពុជា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់
ត្រូវតែឧស្សាហ៍ចុះជួបជួយសង្គ្រោះ និងដោះស្រាយនូវបញ្ហារបស់ប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា
នៅពេលដែលបានដឹង ឮ និងទទួលព័ត៌មានថាមានបងប្អូនប្រជាពលរដ្ឋកំពុងជួបនូវការលំបាក
ឆ្លើយតបទៅនឹងគោលគ្រឹះរបស់កាកបាទក្រហមកម្ពុជា ទីណាមានការលំបាក
ទីនោះមានកាកបាទក្រហមកម្ពុជា កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង
សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល ។
ជាមួយនេះ
ឯកឧត្ដមអភិបាល និងលោកជំទាវអគ្គលេខាធិការរង
ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់
ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ
ដោយរដូវនេះជារដូវភ្លៀង រដូវទឹកឡើង ដែលងាយនឹងបង្កឲ្យមានគ្រោះថ្នាក់ដោយសាររន្ទះ
លង់ទឹក សត្វអសិរពិសចឹក ឬខាំ ថែរក្សាសុខភាព រស់នៅមានអនាម័យ ត្រូវបរិភោគទឹកដាំពុះ
គេងក្នុងមុងជានិច្ចដើម្បីកុំមូលខ្លា ឬមូសដែកគោលខាំអាចបណ្ដាលឲ្យមានជំងឺគ្រុនឈាម
និងជំងឺគ្រុនចាញ់ជាដើម ហើយក្នុងករណីមានបញ្ហាអ្វីកើតឡើង ក្នុងគ្រួសារ
ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ដើម្បីមានវិធានការចុះអន្តរាគមន៍ជួយដោះស្រាយឲ្យបានឆាប់រហ័ស
និងទាន់ពេលវេលា ព្រមទាំងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍
អប់រំកូនចៅចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ដោយឡែកស្ត្រីមានផ្ទៃពោះ
ត្រូវទៅពិនិត្យសុខភាពនៅតាមមណ្ឌលសុខភាពឲ្យបានទៀងទាត់តាមវេជ្ជបញ្ជា ដើម្បីសុខភាពមាតា
និងទារក ។ អំណោយដែលត្រូវចែកជូននៅថ្ងៃនេះ សម្រាប់គ្រួសារនីមួយៗ ទទួលបាន អង្ករ
៣០គ.ក្រ មី ១ កេស ទឹកស៊ីអ៊ីវ ៦ ដប ត្រីខ ១០ កំប៉ុង កន្ទេលជ័របត់ ១ មុងសុវត្ថិភាព ១
អាវយឺត ១ ឃីត១កញ្ចប់ (មុង ភួយ សារុង និងក្រមា) រួមនិងថវិកាធ្វើដំណើរ ៤០.០០០រៀល
ដោយឡែកគ្រួសាររងគ្រោះដោយសារទឹកជំនន់ ២២ គ្រួសារ ទទួលបានបន្ថែមក្នុង ១ គ្រួសារ
កៅស៊ូតង់ ចំនួន ១ ៕ ដោយ៖ភក្ដី
រក្សាសិទ្ធិដោយ៖ មន្ទីរព័ត៌មានខេត្តស្វាយរៀង











No comments:
Post a Comment